ឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានប្រាប់ខេមបូណូមីសថា កំពង់ផែដងទង់ថ្មីនេះ មានទីតាំងនៅស្ថិតនៅសង្កាត់ស្ពានមានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហើយវានឹងត្រូវសាងសង់ថ្មីទាំងស្រុង នៅចំណុចផែចាស់នោះដដែល ហើយវានឹងត្រូវបម្រើឲ្យការចេញចូលទំនិញតែមួយគត់ ខណៈដែលផែចាស់ពីមុនធ្លាប់បម្រើឲ្យការចេញចូលទំនិញផង និង ទេសចរណ៍ផង។
យ៉ាងណាមិញឯកឧត្តម ម៉ក់ ស៊ីដេត អះអាងថា គម្រោងសាងសង់កំពង់ផែនេះ ក៏មានការរំខានពីជំងឺកូវីដ-១៩ខ្លះដែរ ព្រោះថា សម្ភារមួយចំនួនត្រូវនាំចូល និងជួលពីប្រទេសជិតខាង ប៉ុន្តែ បើជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាលខ្លាំងដូច្នេះ ការសាងសង់អាចនឹងមានការយឺតយ៉ាវខ្លះ។
សូមជម្រាបថា កំពង់ផែដងទង់នេះ ធ្លាប់បានសាងសង់ និងជួសជុល៣ដងរួចមកហើយ ហើយនៅឆ្នាំ២០២១ នឹងត្រូវសាងសង់ជាផែដងទង់ថ្មី ដែលមានសភាពរឹងមាំ និងត្រូវចំណាយថវិកាអស់ច្រើនជាងលើកមុនៗ៕