លោក ស្វាយ វុឌ្ឍី នាយកនីតិកម្ម និងទំនាក់ទំនងសាធារណៈនៃក្រុមសុខាអូតែលបានប្រាប់ក្រុមអ្នកសារព័ត៌មានថា គម្រោងសាងសង់ផ្លូវប្រវែង៦១គីឡូម៉ែត្រភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ កំពុងដំណើរការចាក់បេតុង មុននឹងបន្តអ៊ុតកៅស៊ូពីលើតាមផែនការ ប៉ុន្តែល្បឿននៃការស្ថាបនាផ្លូវថ្មីនេះ អាចនឹងយឺតជាងការរំពឹងទុក ដោយសារការជះឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល ធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគរបស់ក្រុមហ៊ុន។
បើតាមតំណាងក្រុហ៊ុនរូបនេះ ដំណើរការឈូសឆាយផ្លូវបានបញ្ចប់រួចរាល់ជាស្ថាពរ១០០% ប៉ុន្តែសកម្មភាពចាក់បេតុងទើបតែសម្រេចបានជាង២ពាន់ម៉ែត្រប៉ុណ្ណោះ។ ទោះមានការយឺតយ៉ាវក៏ដោយ តែ លោក ស្វាយ វុឌ្ឍី រំពឹងថា ការសាងសង់ផ្លូវនេះនឹងមានដំណើរការរលូននាពេលខាងមុខ នៅពេលសេដ្ឋកិច្ចមានដំណើរល្អឡើងវិញ។
គម្រោងសាងសង់ផ្លូវថ្មីនេះ អាចចំណាយថវិកាប្រមាណ៣លានដុល្លារ ក្នុងមួយគីឡូម៉ែត្រ ខណៈផ្លូវមានប្រវែងសរុប៦១គីឡូម៉ែត្រនេះ អាចប្រើប្រាស់ថវិកាចំណាយសរុបប្រហែល ១៨០លានដុល្លារ។ នេះបើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ។
ផ្លូវថ្មីនេះ ត្រូវបានរំពឹងថា នឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់ និងចំណេញពេលវេលាសម្រាប់ការធ្វើដំណើរពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២៩១ ស្ថិតក្នុងឃុំកំពង់សិលា ស្រុកព្រៃនប់ទៅកាន់ភ្នំបូកគោ ហើយនឹងជួយលើកកម្ពស់សេដ្ឋកិច្ចតាមរយៈការវិនិយោគ និងទេសចរណ៍៕
អត្ថបទ៖ បូ ដូឡា,រូបភាពឯកសារ