គម្រោងសាងសង់ផ្លូវលេខ១៤៦បេ នេះ ត្រូវបានគេប្រសិទ្ធនាមថា វិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស ដោយវិថីថ្មីនេះស្ថិតនៅក្នុខេត្តព្រះសីហនុ មានប្រវែងសរុប ៤៣.០២៥ គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូត ដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សាងសង់ដោយចាក់បេតុងកៅស៊ូAC កម្រាស់ ៩សង់ទី ម៉ែត្រ ប្រវែង២០.៦៧៨ គីឡូម៉ែត្រ និងចាក់បេតុង សរសៃដែកកម្រាស់២៦សង់ទីម៉ែត្រប្រវែង ២២,៣៤៧ គីឡូម៉ែត្រ។ នេះបើតាមការអះអាងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។
កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនចិន China Road & Bridge Corporation Co.Ltd (CRBC) ត្រួតពិនិត្យបច្ចេកទេស ដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា៖ «កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើ ឱ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់ នៃក្រុងព្រះសីហនុ ទៅកាន់ទីផ្សារកាន់តែមានលក្ខណៈងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងបានចូលរួមចំណែកយ៉ាងច្រើនដល់ការកាត់ បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៤ ចំពោះរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ដូចជាកុងតឺន័រ ជាដើម»។