នេះបានបង្ហាញពីកំណើនលំហូរវិនិយោគនិងការរីកចម្រើនវិស័យឧស្សាហកម្ម ផលិតកម្មផលិត និងកែច្នៃ ពាណិជ្ជកម្ម ដឹកជញ្ជូន ឡូជីស្ទីក និងសេវាកម្មផ្សេងទៀត ដែលបាននិងកំពុងដំណើរការក្នុងតំបន់សេដ្ឋកិច្ចពិសេស KERRY WORLDBRIDGE និងតំបន់សេដ្ឋកិច្ចពិសេសនានាផ្សេងទៀត សម្រាប់ទ្រទ្រង់និរន្តភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា។
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KERRY WORLDBRIDGE SEZ និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន Worldbridge Group of Companies មានប្រសាសន៍ថា នេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាកំពុងអភិវឌ្ឍវិស័យសេវាកម្មផ្នែកភស្តុភារ ដឹកជញ្ជូន និងភណ្ឌាគារគយមានដែនកំណត់ក្នុងកម្រិតស្តង់ដារអន្តរជាតិ ដូចបណ្តាប្រទេស នានាក្នុងតំបន់ និងនៅពាសពេញពិភពលោក ដែលអាចផ្តល់ការទ្រទ្រង់និងលើកស្ទួយសុវត្ថិភាព ប្រសិទ្ធភាពក្នុងការដឹកជញ្ជូន ការចល័ត ការផ្ទេរ និងការរក្សាទុកទំនិញសព្វសារពើរបស់អតិថិជន ឲ្យផុតពីក្តីកង្វល់ ពីការខូចខាតនិងខ្ជះខ្ជាយពេលវេលា ព្រមទាំងអាចទាក់ទាញវិនិយោគផ្ទាល់ ទាំងវិស័យឧស្សាហកម្ម ផលិតកម្ម គ្រឿងយន្ត និងអេឡិចត្រូនិកពីបរទេស តាមរយៈការផ្តល់នូវសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធស្តង់ដារអន្តរជាតិ ដើម្បីជួយសម្រួលដល់ការវិនិយោគថ្មីៗនៅកម្ពុជា។
លោក George Yong Boon Yeo ប្រធានសម្ព័ន្ធក្រុមហ៊ុន Kerry និងជានាយកប្រតិបត្តិ នៃបណ្តាញក្រុមហ៊ុន ភ័ស្តុភារ Kerry ដែលជាដៃគូវិនិយោគរួមទុនជាមួយលោកឧកញ៉ា សៀ ឫទ្ធី បានអះអាងថា ដោយសារមើលឃើញកម្ពុជាជាកន្លែងដែលមានសក្តានុពលសម្រាប់វិនិយោគ រួមជាមួយនឹងកំណើនសេដ្ឋកិច្ចល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ទើបធ្វើឲ្យលោកសម្រេចចិត្តមកបោះទុនវិនិយោគនៅទីនេះ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ការបើកឲ្យដំណើរនេះក៏ជាការឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិនជាតិនិងអន្តរជាតិ លើសក្តានុពលសេដ្ឋកិច្ចកម្ពុជា ដែលជាផ្លែផ្កាទទួលបានពីសន្តិភាពនិងស្ថិរភាពនយោបាយ។
ឯកឧត្តមបានបន្តថា តំបន់សេដ្ឋកិច្ចពិសេស គឺជាមជ្ឈមណ្ឌលភូមិសាស្ត្រពិសេសសម្រាប់បម្រើឲ្យសកម្មភាពសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ដូចជា តំបន់ពាណិជ្ជកម្មសេរី និងតំបន់ផលិតកម្មផលិត និងកែច្នៃសេរី។ ហើយការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគនានា ជាពិសេសការបណ្តាក់ទុនវិនិយោគពីបរទេស (FDI) ដើម្បីបង្កើននូវសកម្មភាពសេដ្ឋកិច្ចជាតិ។
យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា ចាប់តាំងពីការបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេសតាំងពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤៥កន្លែង ក្នុងនោះមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ កំពុងដំណើរការយ៉ាងសកម្ម ដោយមានក្រុមហ៊ុនវិនិយោគចំនួនប្រមាណជាង ២៦០ក្រុមហ៊ុន និងបង្កើតការងារប្រមាណជាង ៨៦.០០០កន្លែង។
រីឯទំហំពាណិជ្ជកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេសជារួម មានទឹកប្រាក់ប្រមាណជាង ២,៨៣ប៊ីលានដុល្លារ (នាំចូល ១,៤១ ប៊ីលានដុល្លារ និងនាំចេញ ១,៤២ ប៊ីលានដុល្លារ) ក្នុងឆ្នាំ២០១៦ កើនឡើងប្រមាណ ១,២ភាគរយ ធៀបនឹងឆ្នាំ២០១៥ កន្លងមក។ ហើយនិន្នាការនៃកំណើនទំហំពាណិជ្ជកម្មនិងវិនិយោគនេះ ត្រូវបានរំពឹងថា នឹងបន្តកើនឡើងជាបន្តបន្ទាប់សម្រាប់ឆ្នាំខាងមុខៗទៀត។
ឯកឧត្តម វង្សី វិស្សុត សង្ឃឹមថា តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន Kerry Worldbridge Logistic LTD នឹងក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំនូវឧស្សាហកម្មដោយប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ និងសេវាកម្មលំដាប់ខ្ពស់ ហើយភណ្ឌាគារគយក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងមិនត្រឹមតែបម្រើនិងឆ្លើយតបតាមតម្រូវការរបស់ធុរជន និងអ្នកប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចក្លាយជាមជ្ឈមណ្ឌលសន្និធិទំនិញ និងផ្តល់សេវាកម្មផ្សេងទៀត សម្រាប់តម្រូវការរបស់បណ្តាប្រទេសជិតខាងនិងក្នុងតំបន់បន្ថែមទៀត។
តំបន់សេដ្ឋកិច្ចពិសេស Kerry WorldBridge គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក Worldbridge International Cambodia និងក្រុមហ៊ុន Kerry Logistics ដែលជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំនៅអាស៊ី ដែលបានបោះទុនវិនិយោគជាង ១០០លានដុល្លារ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ២ ចម្ងាយ២គីឡូម៉ែត្រពីស្ពានព្រែកហូរ ក្រុងតាខ្មៅ។
ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺជាទីតាំងវិនិយោគដែលបង្កើតឡើងសម្រាប់ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ដែលជាទូទៅ រដ្ឋាភិបាលបានផ្តល់លក្ខខណ្ឌលើកទឹកចិត្តផ្សេងៗ ដូចជា ការអនុគ្រោះពន្ធ ការបម្រើជូនសេវាច្រកចេញចូលតែមួយ ការសម្រួលបែបបទនាំចេញ នាំចូលទំនិញ ការសម្រួលបែបបទរដ្ឋបាលនានា និងលក្ខខណ្ឌផ្សេងៗទៀតជាច្រើន ដើម្បីជំរុញសកម្មភាពវិនិយោគ។
លោកឧកញ៉ា សៀ ឫទ្ធី ដែលជាម្ចាស់គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស Kerry World Bridge បានបញ្ជាក់ទៀតថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺចាំបាច់ណាស់ដើម្បីក្លាយខ្លួនជាតួអង្គដ៏សំខាន់ក្នុងតំបន់ សម្រាប់តភ្ជាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាក្នុងក្របខ័ណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកឧកញ៉ាបន្ថែមថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស នឹងជួយជំរុញការពង្រីកការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់កាន់តែមានភាពមមាញឹកនិងទាក់ទាញខ្លាំងសម្រាប់ការវិនិយោគ។
លោកឧកញ៉ា សៀ ឫទ្ធី បញ្ជាក់ថា តាមរយៈតំបន់សេដ្ឋកិច្ចពិសេស Kerry World Bridge នឹងផ្តល់ការងារជូនពលរដ្ឋកម្ពុជាប្រមាណជិត ៣ម៉ឺននាក់ ហើយទាក់ទាញវិនិយោគិនបរទេសឲ្យចូលមកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដោយផ្ទាល់ ដែលមានសាច់ប្រាក់មិនតិចជាង ៣០០លានដុល្លារអាមេរិកឡើយ៕