GDP នូវែលហ្សេឡង់ធ្លាក់ចុះក្នុងអត្រា ០,១%

GDP នូវែលហ្សេឡង់ធ្លាក់ចុះក្នុងអត្រា ០,១% ជាហេតុនាំឱ្យមានឱនភាពសេដ្ឋកិច្ច


ទិន្នន័យបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសនូវែលសេឡង់បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះក្នុងត្រីមាសទីមួយឆ្នាំនេះ។ ស្ថានភាពនេះជួយកាត់បន្ថយក្ដីបារម្ភដែលថាធនាគារកណ្តាលរបស់ប្រទេសនេះនឹងដំឡើងអត្រាការប្រាក់បន្ថែមទៀត។ ប៉ុន្តែវាបានក្លាយជាឧបស័គ្គថ្មីចំពោះក្តីសង្ឃឹមជាប់ឆ្នោតជាថ្មីរបស់រដ្ឋាភិបាលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនូវែលហ្សេឡង់បានធ្លាក់ចុះ ០,១% ជាហេតុនាំឱ្យមានឱនភាពសេដ្ឋកិច្ច

ផលិតផលក្នុងស្រុកសរុប (GDP) របស់​នូវែល​ហ្សេឡង់ បាន​ធ្លាក់​ចុះ​ដូច​ការ​​រំពឹងទុករបស់អ្នកវិភាគ គឺរួញ ០.១% នៅក្នុងត្រីមាស​ទី១ ពី​ខែមករាដល់ខែមីនា។ អត្រាប៉ុណ្ណោះគឺ​ទាបជាងការព្យាកររបស់​ធនាគារកណ្តាល​ប្រទេស​នេះ​​​ដែល​ថា​ វា​មាន​​​កំណើន ​០.៣%​។ ​លើសពីនេះ​ទៀត​ ផលិត​ផល​ GDP ​ក្នុងត្រីមាសទី៤​ឆ្នាំ​មុន ​​ត្រូវបានកែសម្រួលពីការធ្លាក់ចុះ ០,៦% ទៅ​ជា​ការ​​ធ្លាក់ចុះ ០,៧% វិញ​។

ប្រាក់ដុល្លារនូវែលហ្សេឡង់បានធ្លាក់ចុះ ០,២% ធ្វើឱ្យតម្លៃ១​ដុល្លារ​នូវែល​ហ្សេឡង់ ​ដូរ​បាន​ប្រែល ០,៦២ ​​ដុល្លារអាមេរិក​​​ ក្រោយ​ពី​មាន​​ទិន្នន័យស្ដីពីការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​នេះ។ និន្នាការនេះគឺ​ស្របនឹងការរំពឹងទុករបស់ទីផ្សារ​ ហើយធ្វើឱ្យធនាគារកណ្តាលនូវែលហ្សេឡង់​​យល់ឃើញថាមិនមានតម្រូវការ​ដំឡើងអត្រាការប្រាក់បន្ថែម​​​ទៀតទេ​។

ទិន្នន័យពីអង្គភាពស្ថិតិនូវែលសេឡង់​បាន​បង្ហាញ​ថា​ ឱន​ភាព​​សេដ្ឋកិច្ច​របស់​នូវែល​ហ្សេឡង់​​នេះ​គឺ​ដោយ​សារ​​​ការ​ធ្លាក់​ចុះ​ពាក់​កណ្ដាល​នៃ​ទិន្ន​ផល​ឧស្សាហ​កម្ម​​​នៅ​ក្នុងប្រទេស​នេះ​​ ហើយ​​កំណើនសេដ្ឋ​កិច្ច​បាន​រង​ផល​ប៉ះពាល់​ពី​​ឥទ្ធិពល​ព្យុះស៊ីក្លូនធំៗ​ចំនួន​២​ និងទឹកជំនន់ភ្លាមៗ នៅទីក្រុង​អូក​ឡេន​ (Auckland)​ កាលពីខែមករា និង​ខែ​កុម្ភៈ។​​

លោក ម៉ៃ​ឃែល​ ហ្គូដន​ (Michael Gordon)​ សេដ្ឋកិច្ចវិទូជាន់ខ្ពស់​នៅ​ក្រុម​ហ៊ុន​ វ៉េស្តផែក (Westpac) ​បាននិយាយ​​ថា វាច្បាស់ណាស់ថាសេដ្ឋកិច្ចនូវែលហ្សេ​ឡង់កំពុងបាត់បង់សន្ទុះ​ ហើយ​អ្វី​ដែលគេ​ចង់​ឃើញ​នោះ​គឺ​​ថា ​តើ​អ្វី​ៗ​​បាន​ធ្លាក់​ចុះ​គ្រប់គ្រាន់ល្មម​ឱ្យពួកគេ​វិលទៅរក​អតិផរណា​ទាប​​និង​មាន​ស្ថិរភាពវិញ​​ឬនៅ?

អត្រា​​មានការងារ​ធ្វើ​នៅតែមាន​កម្រិតខ្ពស់នៅ​ឡើយ​នៅក្នុងប្រទេសនូវែលហ្ស៊េឡង់ ជាហេតុធ្វើឱ្យ​ឱន​ភាព​សេដ្ឋ​កិច្ច​មិន​សូវ​ប៉ះ​ពាល់ខ្លាំង​​ចំពោះ​ប្រជា​ពល​រដ្ឋ​​​។ ទោះជាយ៉ាងណាក៏ដោយ​ ខណៈ​​ដែលការធ្លាក់ចុះសេដ្ឋកិច្ចមានលក្ខណៈជាបច្ចេកទេស ​​បន្ទាប់ពី​ការធ្លាក់ចុះរយៈពេល២​ត្រីមាសជាប់ៗគ្នា ​វា​បានក្លាយជាបញ្ហានយោបាយដ៏សំខាន់មួយ ខណៈ​ដែល​​​ប្រទេស​នេះ​កំពុង​ឆ្ពោះទៅរកការបោះឆ្នោតនៅខែតុលា​​ ហើយ​​​អ្នកបោះឆ្នោត​កំពុងប្រឈមមុខនឹង​បន្ទុកជីវភាព​កាន់ខ្ពស់ឡើង​​។

អតិផរណានៅប្រទេសនូវែលសេឡង់កំពុងស្ថិត​ក្នុង​អត្រា​ ៦.៧​% គឺ​លើស​ពីកម្រិត​​គោលដៅ​​ដែល​ធនាគារ​កណ្តាល​បាន​កំណត់ក្នុង​ចន្លោះ​​ពី​ ១% ទៅ ៣%។ ក្រុម​សេដ្ឋវិទូ​បាន​និយាយថា ការបង្ហាញឱ្យឃើញថាសន្ទុះសេដ្ឋ​កិច្ច​កំពុងធ្លាក់ចុះនេះ ​គឺ​ស្រប​តាម​ការ​ចង់​បាន​របស់​ធនា​គារ​កណ្តាល​ដែលបាននិយាយថា ខ្លួនកំពុងព្យាយាមបង្កើតឱនភាពសេដ្ឋកិច្ចដើម្បីបញ្ចុះកម្រិតអតិផរណា​ តាមរយៈ​ការរឹតបន្តឹង​គោល​នយោបាយ​ដ៏ខ្លាំងក្លា​បំផុត​មិន​ធ្លាប់​មាន គិត​ចាប់​​​តាំងពីឆ្នាំ​​១៩៩៩មក ​​ជា​ពេល​ដែល​​​អត្រាការប្រាក់​ត្រូវ​បាន​បង្កើត​ឡើង​​។ ឥឡូវអត្រាការប្រាក់គោលនៅប្រទេសនូវែលហ្ស៊េឡង់គឺ ៥,៥% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល១៤ឆ្នាំចុងក្រោយនេះ៕




អត្ថបទបន្ទាប់


អាផាតមិន «ថោកដូចស្ពៃ»នៅតាមទីក្រុងមួយចំនួន ក្នុងប្រទេសចិន កំពុងទាក់ទាញអ្នកទិញ ប៉ុន្ដែបង្ហាញសញ្ញាគួរប្រុងប្រយ័ត្ន

បច្ចុប្បន្ន បើតាមទីភ្នាក់ងារសារព័ត៌មានរើយធើ តម្លៃអចលនទ្រព្យនៅតាមក្រុងតូចៗក្នុងប្រទេសចិន បានធ្លាក់ចុះជិត៣០% នៅពេលដែលវិបត្តិវិស័យអចលនទ្រព្យន…

ថៃកំពុងថ្លឹងថ្លែងទទួលយកម៉ាស៊ីននាវាមុជទឹកផលិតដោយប្រទេសចិន ក្រោយពីអាល្លឺម៉ង់បដិសេធលក់ម៉ាស៊ីនឱ្យ

បច្ចុប្បន្ន ប្រទេសថៃកំពុងពិចារណាទិញម៉ាស៊ីននាវាមុជទឹកដែលផលិតដោយប្រទេសចិន មកបំពាក់ឱ្យនាវាមុជទឹកដែលខ្លួនគ្រោងទិញពីប្រទេសចិន។ ការពិចារណាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ