ភូមិវប្បធម៌-ខេត្តសៀមរាប

ភូមិវប្បធម៌កម្ពុជា របស់មហាសេដ្ឋីអាត់កឺ ពុង ឃាវសែ ក្ស័យធនបិទទ្វារ ដោយសារកូវីដ-១៩


ភូមិវប្បធម៌កម្ពុជា នឹងបិទដំណើរការទាំងស្រុង ចាប់ពីថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០២០ខាងមុខនេះ តទៅ ដោយក្រុមហ៊ុនអះអាងថា ខ្លួនមានបញ្ហាលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ការចំណាយនានាជុំវិញដំណើរការអាជីវកម្មបន្តទៀតបានទេ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ដែលបានចេញផ្សាយកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។
ភូមិវប្បធម៌កម្ពុជា របស់មហាសេដ្ឋីអាត់កឺ ពុង ឃាវសែ ក្ស័យធនបិទទ្វារ ដោយសារកូវីដ-១៩

លោក លឹ​ម សុ​ផា ជា​ប្រធាន​សហជីព​កម្មករ និង​ជា​បុគ្គលិក ដែល​បម្រើ​ការងារ​នៅ​ភូមិ​វប្បធម៌​កម្ពុជា​អស់​រយៈពេល​ជាង​១៧​ឆ្នាំ​មក​ហើយ​នោះ បាន​ប្រាប់​សារព័ត៌មាន ខេ​បូ​ណូ​មី​ស​តាម​ទូរស័ព្ទ​ថា បច្ចុប្បន្ន លោក និង​បុគ្គលិក​ជាង​៦០​នាក់​ទៀត កំពុង​តែ​ធ្វើការ​តវ៉ា  តែ​មិនមែន​តវ៉ា​ដោយសារ​ភូមិ​វប្បធម៌​បិទ​នោះ​ទេ តែ​បុគ្គលិក ជាង​៦០​នាក់​នេះ បាន​តវ៉ា​តាំងពី​មុន​ក្រុមហ៊ុន ប្រកាស​បិទ​ទៅ​ទៀត ដើម្បី​ទាមទារ​៣​ចំណុច​ពី​ខាង​ក្រុមហ៊ុន ខណៈ​ដែល​បុគ្គលិក​ជិត​២៥០​នាក់​ទៀត​នៅ​បន្ត​ធ្វើការ​ជា​ធម្មតា​។

លោក លឹ​ម សុ​ផា បាន​បញ្ជាក់​ថា ៖« លក្ខខណ្ឌ​៣ ដែល​បុគ្គលិក​ជាង​៦០​នាក់​ទាមទារ​កាលពីមុន​នោះ​គឺ ទី​១​ឲ្យ​ក្រុមហ៊ុន​ចូល​ច​ចារ​អនុសញ្ញា​រួម​ដោយ​ស្មោះត្រង់​ជាមួយ​កម្មករនិយោជិត ទី​២​ថែរក្សា​ការិយាល័យ​ផ្នែក​សិល្បៈ​និង​តួនាទី​អ្នកបម្រើ​ការងារ​នៅ​ទីនោះ​គឺ​នៅ​ដដែល ទី​៣​ស្នើ​ឲ្យ​ក្រុមហ៊ុន​សង​ប្រាក់​ឈ្នួល និង​ប្រាក់​ថ្លៃ​អាហារ​ដែល​ក្រុមហ៊ុន​បាន​កាត់​កន្លង​មក ប៉ុន្តែ​ឥឡូវ ដល់​ពេល​ក្រុមហ៊ុន​ថា​បិទ​ដំណើរការ​អ៊ីចឹង គឺ​មាន​ន័យ​ថា មិន​មាន​អ្វី​ត្រូវ​តវ៉ា​ទៀត​ទេ តែ​យើង​រង់ចាំ​មើល​ដំណោះស្រាយ​នៃ​ការ​ទូទាត់​សំណង ដែល​គេ​បាន​ថា នឹង​ធ្វើ​តាម​ច្បាប់​ការងារ​ហ្នឹង​សិន​»​។

ក្រោយ​ទទួល​បាន​សេចក្តីជូនដំណឹង​ពី​ការ​បិទ​ភូមិ​វប្បធម៌​កម្ពុជា​នេះ លោក លឹ​ម សុ​ផា អះអាង​ថា រូប​លោក​ផ្ទាល់​ក៏​ដូច​ជា បុគ្គលិក​ជាង​៣០០​នាក់​ទៀត មានការ​សោកស្តាយ​ដែរ និង​មិន​ទាន់​ដឹង​ថា​ត្រូវ​ដោះស្រាយ​បែប​ណា​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​បុគ្គលិក​ទើបតែ​ទទួល​បាន​លិខិត​ជូនដំណឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ តុលា​នេះ​។

លោក លឹ​ម សុ​ផា បាន​បន្ថែម​ថា ៖«​ទាក់ទង​នឹង​ការ​ប៉ះពាល់​គឺ​ប៉ះពាល់​ហើយ ទី​១​គឺ​បងប្អូន​ដែល​បម្រើ​ការ​នៅ​ទី​នេះ​(​ភូមិ​វប្បធម៌​)​តែ​ម្តង​គឺ​គាត់​នឹង​បាត់បង់​ការងារ ទី​២​គឺ​ទាក់ទង​នឹង​ភូមិ​វប្បធម៌​ជា​ចំណាត់​លេខ​១​នៅ​ស្រុក​ខ្មែរ បែ​ជា​មានការ​បិទ ហើយ​សំខាន់​ភ្ញៀ​ង​ទេសចរ​ដែល​ធ្លាប់​ស្គាល់ និង មក​ទស្សនា​ភូមិ​វប្បធម៌ នឹង​មានការ​សោកស្តាយ​ដូច​គ្នា ហើយ​ពេល​នេះ យើង​កំពុង​រង់ចាំ​មើល​សិន ថា​តើ​ក្រុមហ៊ុន​នឹង​ដោះស្រាយ​ឲ្យ​ពួក​យើង​ដោយ​របៀប​ណា​»​។

បុគ្គលិក​នៅ​ភូមិ​វប្បធម៌​កម្ពុជា លោក គង់ ប៊ុ​ន​ថា ដែល​បាន​បម្រើ​ការងារ​នៅ​ការិយាល័យ​សិល្បៈ​នៃ​ភូមិ​វប្បធម៌​អស់​រយៈពេល​ជាង​១៧​ឆ្នាំ​មក​ហើយ ដោយ​ទទួល​បាន​ប្រាក់បៀវត្សរ៍ ជិត​៤០០​ដុល្លារ​។ លោក​បាន​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា លោក​មិន​ទាន់​បានដឹង​ច្បាស់​ថា តើ​នៅ​ពេល​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា​បិទ​ទៅ លោក​ក៏​ដូច​ជា​កម្មករនិយោជិត​ដទៃ​ទៀត នឹង​ទទួល​បាន​សំណង​អ្វីខ្លះ​ទេ​។

លោក គង់ ប៊ុ​ន​ថា បាន​ឲ្យ​ដឹង​ថា​៖«​ការ​ព្រួយបារម្ភ​របស់ខ្ញុំ​មាន​ខ្លះ​ដែរ ពាក់ព័ន្ធ​នឹង ថា​តើ​ពេល​ដែល​គាត់​បិទ​អាជីវកម្ម​ហើយ ក្រុមហ៊ុន​ហ្នឹង​អាច​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ស្តី​ពី​ការងារ​ទេ ហើយពី​មាន​លក្ខខណ្ឌ​សំណង​ត្រឹមត្រូវ​ដល់​កម្មករនិយោជិត​ទាំងអស់​គ្នា ឬ​អត់ និយាយ​រួម គាត់​ជូនដំណឹង​លឿន​ពេក ដល់​អ៊ីចឹង​កម្មករ​ត្រូវ​ចំណាយពេល​ស្វែងរក​ការងារ​ថ្មី​ចំណាយ​យូរណាស់ ម៉េច​ក៏​ត្រូវ​ជូនដំណឹង​គេ​មុន​៣​ខែ ដើម្បី​ឲ្យ​គេ​ងាយស្រួល​រក​ការងារ​ធ្វើ​»​។

ជាមួយ​គ្នា​នេះ បុគ្គលិក​នៅ​ភូមិ​វប្បធម៌​កម្ពុជា​ម្នាក់​ទៀត​ឈ្មោះ ស្រី​ភក្ត្រ ជា​អ្នក​ភ្នំពេញ និង​បាន​ធ្វើការ​នៅ​ភូមិ​វប្បធម៌​នេះ ជាង​១៧​ឆ្នាំ​ដែរ​នោះ បាន​ប្រាប់​សារព័ត៌មាន ខេ​ម​បូ​ណូ​មី​ស ដែរ​ថា បើ​ភូមិ​វប្បធម៌​បិទ​ក្នុង​ពេល​ឆាប់​នេះ​មែន គាត់​លែង​ស្វែងរក​ការងារ​អ្វី​ធ្វើ​ទៀត​ហើយ នឹង​ទៅ​រកស៊ី​វិញ​ម្តង​។

កញ្ញា ស្រី​ភក្ត្រ បាន​លើក​ឡើង​ថា​៖«​វា​ជា​រឿង​គួរ​ឲ្យ​សោក​ស្តា​ក​ស្តាយ​ដែរ ដោយសារ​ការ​បិទ​នេះ​វា​រហ័ស​ពេក ហើយ​ពួក​ខ្ញុំ​ក៏​មិន​បាន​ត្រៀម​ចិត្ត​ដែរ មើលទៅ​ខ្ញុំ​មាន​តែ​ទៅ​រកស៊ី​វិញ​លែង​ធ្វើការ​ហើយ  តែ​យ៉ាងណាមិញ ខ្ញុំ​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ សូម​ជួយ​ដោះស្រាយ​ដល់​យើងខ្ញុំ​ទាំងអស់​គ្នា ធ្វើ​យ៉ាងណា​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​ឲ្យ​បាន​ត្រឹមត្រូវ​ផង​»​។

ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស បាន​ទំនាក់ទំនង​ទៅ​កាន់​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា គឺ​អ្នក​នាង សុ​ភក្ត្រ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា​នេះ​ដែរ ត្រូវ​បាន​គាត់​អះអាង​ថា កំពុង​ជួប​ប្រជុំ​ជាមួយនឹង​មន្ទីរ​ការងារ​ខេត្តសៀមរាប មិន​ទាន់​អាច​ផ្តល់​ព័ត៌មាន​អ្វី​បាន​ទាំងអស់ ហើយ​ក៏​មិនដឹង​ប្រជុំ​ពេល​ណា​ចប់​ដែរ​។ ក្រោយ​មកក្រុមការ​ងារយើង​បានទាក់​ទង​ទៅ​ម្តងនៅ​ម៉ោងជិត​១២ថ្ងៃ​ត្រង់ តែគ្មាន​អ្នកទទួល។

សូម​ជម្រាប​ថា ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា ស្ថិត​នៅ​ក្នុង​ទឹកដី​ខេត្តសៀមរាប ជា​របស់​មហាសេដ្ឋី​ស្រុក​ខ្មែរ ពុង ឃាវ សែ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នកជំនួញ​រកស៊ី ពហុ​វិស័យ​នៅ​កម្ពុជា ជា​ពិសេស​ការ​កសាង​ទីក្រុង​រណប ។ ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា​នេះ បាន​ចាប់ផ្តើម​កសាង​ឡើង​នៅ​អំឡុង​ឆ្នាំ​២០០០ និង​បាន​ដាក់​ឲ្យ​ដំណើ​ការ​នៅ​ក្នុង​ឆ្នាំ​២០០៣ ដែល​គិត​មក​ទល់​នឹង​ពេល​នេះ មាន​រយៈពេល​ជាង​ជិត​២​ទស​វត្ស​ហើយ​។ 

តែ​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ ភូមិ​វប្បធម៌​កម្ពុជា ដែល​ជា​មជ្ឈមណ្ឌល​វប្បធម៌​គ្រប់​សម័យកាល ដ៏​សម្បូរ​បែប​និង​មាន​តែ​មួយ​នៅ​ស្រុក​ខ្មែរ​នេះ នឹង​ត្រូវ​បិទទ្វារ​នៅ​ថ្ងៃ​ទី​០៧ ខែ​វិ​ច្ឆ​កា ខាង​មុខ​នេះ​ហើយ ដោយសារ​ខាង​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ភូមិ​វប្បធម៌​កម្ពុជា​នេះ អះអាង​ថា ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ដោយសារ​កូ​វី​ដ​-១៩៕

None



អត្ថបទបន្ទាប់


ចិនឡើងមកចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដល់ផ្ទះកម្ពុជាតែម្តង!

នៅទីបំផុត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នឹងត្រូវបានចុះហត្ថលេខាហើយនៅឯវិមានសន្ដិភាព នាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០នេះ…

បញ្ហាសំរាមកកស្ទះ នឹងនៅបន្ដអូសបន្លាយទៀត ខណៈកម្មករក្រុមហ៊ុនស៊ីនទ្រី នៅតែបន្ដធ្វើកូដកម្ម មិនចេញប្រមូលសំរាមឡើយ

បញ្ហាសំរាមកកស្ទះគរ និងអណ្ដែតនៅតាមដងផ្លូវជាច្រើននៃរាជធានីភ្នំពេញ នឹងអាចនៅតែបន្ដកើតមានទៀត ស្របពេលដែលបញ្ហាភ្លៀងធ្លាក់ខ្លាំងនៅតែបន្ដនៅឡើយ ហើយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ