
លោកជំទាវទន្តបណ្ឌិត អេង លីគង់ បានមានប្រសាសន៍ថា «អ្វីដែលជាភាពប្រឈមចម្បងបំផុតរបស់ស្ត្រី គឺខ្វះការអប់រំចំណេះដឹងទៅលើអាជីវកម្មជាអាទិភាពទី១ ហើយអាទិភាពទី២នោះគឺកង្វះខាតទីផ្សារ និង កង្វះខាតធនធានហិរញ្ញវត្ថុជាកង្វះខាតទី៣នៃភាពប្រឈមរបស់ស្ត្រី»។
ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលទើបតែជាប់ឆ្នោតថ្មីថ្មោងរូបនេះបានបន្ថែមថា ដោយសារតែសហគ្រិនស្ត្រីជួបបញ្ហាប្រឈមទាំង៣នេះ ទើបសមាគមដើរតួនាទី ៣សំខាន់ៗដែរ រួមមានការផ្តល់យោបល់តាមរយៈការចុះទៅដោយផ្ទាល់ជួបនឹងស្ត្រីជាសហគ្រិនទាំងអស់ ការបង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយពីបញ្ហាប្រឈមទាំងនោះទៅដល់ស្ថាប័នពាក់ព័ន្ធដូចជា រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់។
ដោយឡែក ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួងកិច្ចការងារនារី បានមានប្រសាសន៍ថា សៀវភៅសនេះ គឺជាឯកសារយោងដ៏សំខាន់ សម្រាប់ស្ថាប័នរាជរដ្ឋាភិបាលប្រើប្រាស់ក្នុងការដាក់ចេញគោលនយោបាយផ្សេងៗឲ្យបានជាក់លាក់ជាងមុន ដើម្បីជំរុញទឹកចិត្តស្ត្រីក្នុងសហគ្រិនភាព។
ឯកឧត្តម ថេ ឈុនហាក់ បានបញ្ជាក់ថា «របាយការណ៍នេះ គឺផ្តោតច្រើនអំពីអ្វីដែលគាត់ប្រមូលពីសហគ្រិនស្ត្រីតាមបណ្តាខេត្ត អញ្ចឹងយើងឃើញថា កាលណា យើងបានព័ត៌មាននេះទៅគួបផ្សំនឹងអ្វីដែលយើងមានហើយ វាធ្វើឲ្យការរៀបចំកម្មវិធីយើងកាន់តែគត់មត់ជាមុន»។


ក្នុងនាមជាសហគ្រិនស្ត្រីក្នុងវិស័យតិចណូឡូជីមួយ លោកស្រី ជា រដ្ឋា ជានាយិកាក្រុមហ៊ុនឃ្មុំតិចណូឡូជី និងជាសមាជិក របស់សមាគមសហគ្រិនស្ត្រីកម្ពុជាផងដែរនោះ បានឲ្យដឹងថា បច្ចុប្បន្ននេះ សហគ្រិនស្ត្រីកំពុងជួបបញ្ហាប្រឈមនឹងការប្រកួតប្រជែងខ្លាំងលើទីផ្សារ ជាពិសេសផ្នែកឌីជីថល ហើយសហគ្រិនស្ត្រីភាគច្រើនមិនទាន់មានឱកាសច្រើនចូលក្នុងទីផ្សារនេះ។
លោកស្រី ជា រដ្ឋា បានបញ្ជាក់ថា « ដោយសារបញ្ហាទាំងនេះហើយ ទើបក្នុងនាមខ្ញុំជាសមាជិករបស់សមាគមសហគ្រិនស្ត្រី រួមទាំងប្រធានសមាគម និងសមាជិកដទៃទៀត ប្រឹងប្រែងជួយដល់សហគ្រិនស្ត្រី តាមរយៈការបណ្តុះបណ្តាលអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងអាជីវកម្ម ក៏ដូចជាការបញ្ជូនសំលេងរបស់គាត់ទៅកាន់ស្ថាប័នពាក់ព័ន្ធស្វែងរកដំណោះស្រាយ»។

សមាគមសហគ្រិនស្ត្រីកម្ពុជា បានធ្វើការស្ទាបស្ទង់មតិ និងបានស្វែងរកឃើញនូវចំណុចអវិជ្ជមានមួយចំនួនចំពោះស្ត្រីអ្នកជំនួញមួយចំនួនរួមមាន៖ ការខ្វះជំនាញអាជីវកម្ម និងគ្មានបទពិសោធន៍ដោះស្រាយបញ្ហាអាជីវកម្ម ខ្វះសមត្ថភាពផលិតតាមតម្រូវការ ខ្វះជំនាញដឹកនាំ និងខ្វះជំនាញគ្រប់គ្រងហិរញ្ញវត្ថុ៕