លោកបណ្ឌិត អុិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា និង ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដាបានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២០ នេះ ទំហំឥណទានសរុបរបស់ធនាគារ អេស៊ីលីដាមានប្រមាណ ៣,៨ពាន់លានដុល្លារ ធៀបនឹងឆ្នាំមុនកើនជាង ២,៥ភាគរយ ក្នុងនោះកម្ចីឥណទានលំនៅដ្ឋានមានទំហំប្រមាណជាង ១៤៦ លានដុល្លារ បើធៀបនឹងឆ្នាំមុនកើនជិត ៤ភាគរយ។
លោកបណ្ឌិតបញ្ជាក់ថា ផ្អែកតាមទំហំឥណទានលំនៅដ្ឋានដែលធនាគារអេស៊ីលីដាបានផ្តល់ឲ្យទៅ អតិថិជនមានទំហំតូចៗប៉ុណ្ណោះដែលគិតជាមធ្យម២,៤ម៉ឺនដុល្លារ ខណៈដែលបច្ចុប្បន្ន មើល ឃើញថា មុខរបរដែលមានចំណូលថេរ និង ច្រើនជាងគេ គឺវិស័យដាំដុះកសិកម្ម។ លោកបណ្ឌិតអុិន ចាន់នី បន្តថា ការផ្តល់ឥណទានទូទាំងប្រទេសហាក់នៅតែបង្ហាញយ៉ាងច្បាស់ថា ក្នុងត្រីមាសទី១ ការផ្តល់ឥណទានមានការរីលូតលាស់ល្អ ២,៥ភាគរយ។ ដូច្នេះបើឥណទាននេះ នៅតែបន្តរីក លូតលាស់ល្អបែបនេះក្នុងរយៈពេល១ឆ្នាំទំហំឥណទានអាចនឹងកំណើនរហូតជាង១០ភាគរយ។
លោកបណ្ឌិត អុិន ចាន់នី បញ្ជាក់ថា ក្នុងអំឡុងពេលនេះ លោកមិនទាន់ហ៊ានសន្និដ្ឋាន និងវាយតម្លៃពីទំហំនៃផលប៉ះពាល់ ចំពោះការផ្តល់ឥណទាននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងកម្រិតណាមួយបានឡើយ ខណៈឥណទានលំនៅដ្ឋានគឺមានទំហំតូចៗ ប៉ុន្តែកន្លងមកឥណទានដែលជាប់គាំង ហើយជួបបញ្ហាគឺប្រភេទឥណទានធំៗ ពាក់ព័ន្ធវិស័យនាំចេញ និងវិស័យដឹកជញ្ជូនជាដើម។
យ៉ាងណាក៏ដោយ លោកបណ្ឌិតនៅតែអះអាងថា ការរីកលូតលាស់ឥណទានរបស់ធនាគារអេស៊ីលីដានៅក្នុងកំឡុងខែ មេសា ហាក់បង្ហាញពីការថមថយមកនៅត្រឹម ៣,៧ ពាន់លានដុល្លារ ខណៈខែមីនាឥណទានមានរហូត ៣,៨ ពាន់លានដុល្លារ ពោលគឺសម្រាប់៣ខែដំបូងឆ្នាំ២០២០ ឥណទានថ្មីមានចំនួន ៩៧លានដុល្លារ។
លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា ជាគោលការណ៍ខាងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុនៅតែបន្តផ្តល់កម្ចីប្រសិនបើមានលក្ខខណ្ឌគ្រប់គ្រាន់ខាងគ្រឹះស្ថានផ្តល់កម្ចីនឹងនៅតែបន្តផ្តល់កម្ចីឲ្យដដែល ប៉ុន្តែក្នុងអំឡុងពេលមានវិបត្តិនៃជំងឺកូវីដ ១៩ ភាគច្រើនអាជីវកម្មសុទ្ធតែរងផលប៉ះពាល់ដោយការរកប្រាក់ចំណូលបានធ្លាក់ចុះដែលក្នុងនោះទីផ្សារ ដីធ្លី និងអចលនទ្រព្យក៏នឹងធ្លាក់ចុះដូចគ្នាដែរ ប៉ុន្តែមិនទាន់អាចសន្និដ្ឋានបានថា ធ្លាក់ចុះក្នុងកម្រិតណានោះទេ។
លោកបន្តថា ក្នុងរយៈពេលបីខែដើមឆ្នាំ២០២០នេះការផ្តល់ឥណទាននៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅរក្សា កំណើនដូចគ្នានឹងឆ្នាំមុន ដោយលោកបានពន្យល់ថា ជាទូទៅកាលណាចំណូលមានការធ្លាក់ចុះពិតណាស់តម្រូវការឥណទាននឹងមានជាបន្តទៀត ដែលជាក់ស្តែងនៅដើមខែឧសភានេះ អាជីវកម្មមួយចំនួនចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗហើយ ដូច្នេះតម្រូវការឥណទានក៏នឹងត្រូវការទៅតាមនោះដែរ។
របាយការណ៍សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានផ្តល់ឥណទាន ជាង៧ពាន់លានដុល្លារ ដល់ពលរដ្ឋខែ្មរប្រមាណជាង ២,២លាននាក់ ក្នុងនោះមាន ឥណទានគ្រួសារ៣៥% ឥណទានកសិកម្ម២០% ឥណទានពាណិជ្ជកម្ម១៨% ឥណទានសេវាកម្ម១៤% ដឹកជញ្ជូន៦% សំណង៣% និង វិស័យផ្សេងៗទៀត៤%៕