នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងនេះ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជិត៤ម៉ឺនគ្រួសារ ស្មើនឹងជិត១៦ម៉ឺននាក់ ដោយប្រជាជនដែលត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព មានជិត៣ពាន់គ្រូសារ ស្មើនឹងជាង១ម៉ឺននាក់ ខណៈដែលមានពលរដ្ឋ១២នាក់បានស្លាប់នៅក្នុងគ្រាដែលមានគ្រោះមហន្តរាយនេះដែរ។
របាយការណ៍នេះបញ្ជាក់ដែរថា ចំពោះការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងផ្ទះសម្បែងរបស់ពលរដ្ឋវិញ គឺប៉ះពាល់ប្រមាណជាជិត៤ម៉ឺនខ្នង ខូចខាតជាង៣០ សាលារឿនលិចទឹកជាង៤០០កន្លែង លិចផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវគ្រួសក្រហមប្រវែងជិត២០០គីឡូម៉ែត លិចផ្លូវលំជាង៣១ខ្សែ លិចស្ពាន២៤កន្លែង និងបានបង្កឲ្យលិចដំណាំស្រូវនិងដំណាំរួមផ្សំរបស់ពលរដ្ឋប្រមាណជាង១៧ម៉ឺនហិកតា ដោយក្នុងនោះ ខូចខាតស្រូវជិត៥ហិកតានិងដំណាំរួមផ្សំជាង៦ពាន់ហិកតាផងដែរ។
ជំនន់ទឹកភ្លៀងនេះដែរ នៅថ្ងៃទី១៣ តុលា ម្សិលមិញនេះ ក៏បានបង្កឲ្យមានការបាក់ទំនប់ចំការតែនៅលើខ្នងភ្នំគិរីរម្យ ដោយអាជ្ញាធរពាក់ព័ន្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅឃុំចំបក់ ឃុំតាំងស្យា ឃុំតាំងសំរោង ឃុំមហាសាំង និងតាមបណ្តោយដងស្ទឹងព្រែកត្នោតមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ៕