នៅក្នុងការនាំចេញទំនិញសរុបរបស់ ប្រទេសវៀតណាម យើងឃើញថា ក្រុមហ៊ុនក្នុងស្រុកវៀតណាម កាន់កាប់ចំណែកនៃការនាំចេញសរុប ប្រមាណ ៣២% ប៉ុណ្ណោះ ដោយបាននាំចេញទំនិញប្រមាណ ២៦ពាន់លានដុល្លារអាមេរិក កើនឡើង ១២% អំឡុងពេល ៤ខែនេះ។
ដោយឡែក ក្រុមហ៊ុនបរទេស ដែលចូលមកវិនិយោគនៅក្នុងប្រទេសវៀតណាម ជាអ្នកកាន់កាប់ចំណែកនាំចេញមួយភាគធំ ពោលគឺ ៦៨% នៃការនាំចេញសរុប គិតជាទឹកប្រាក់ប្រមាណ ៥៦ពាន់លានដុល្លារអាមេរិក។
នៅក្នុងចំណោមមុខទំនិញសំខាន់ៗ វៀតណាម បាននាំចេញ គ្រឿងបង្គំ និងទូរស័ព្ទ ច្រើនជាងគេបង្អស់ ប្រមាណ ១៦ពាន់លានដុល្លារអាមេរិក ខណៈគ្រឿងអេឡិចត្រូនិច និងកុំព្យូទ័រ ឈរលំដាប់ទី ២ មានទំហំទឹកប្រាក់នាំចេញ ជាង ១២ពាន់លានដុល្លារអាមេរិក។
ក្នុងរយៈពេល ៤ខែនេះ សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញធំជាងគេបំផុតរបស់ វៀតណាម ដែលបានចំណាយលុយជាង ២០ពាន់លានដុល្លារអាមេរិក ទិញទំនិញវៀតណាម កើនឡើងជាង ១៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំមុន ខណៈមហាអំណាចសេដ្ឋកិច្ចចិន ចំណាយជាង ១៣ពាន់លានដុល្លារអាមេរិក លើទំនិញវៀតណាម។
គិតត្រឹមថ្ងៃទី ៥ ខែឧសភា នេះ ករណីឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសវៀតណាម គឺមានជិត ៣០០ករណីហើយ ប៉ុន្តែពុំមានករណីស្លាប់នោះឡើយ ខណៈចំនួនអ្នកជាសះស្បើយពីជំងឺកំពុងកើនឡើង៕