
គម្រោង “ធុរកិច្ចជំនាន់ថ្មី” ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ក៏ដូចជាផ្ដល់ជំនាញ ចំណេះដឹង និងការគាំទ្រចាំបាច់ ដល់សហគ្រិន សហគ្រាសធុនមីក្រូ តូច និងមធ្យម រួមទាំងអ្នកជំនាញផ្នែកអាជីវកម្ម ដើម្បីកសាងសហគ្រាសដែលរីកចម្រើន និងប្រកបដោយនិរន្តរភាព។ តាមរយៈវគ្គបណ្ដុះបណ្ដាលទៅលើផ្នែកសំខាន់ៗដូចជាការដឹកនាំបែបសហគ្រិនភាព ការគ្រប់គ្រងអាជីវកម្ម ការពង្រឹងភាពច្នៃប្រឌិត ការធ្វើពាណិជ្ជកម្ម និងការពង្រីកអាជីវកម្ម នឹងជួយផ្ដល់ជាកញ្ចប់មេរៀនដ៏រឹងមាំមួយ ទៅដល់អ្នកចូលរួម ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗនៅក្នុងបរិបទអាជីវកម្មទំនើប។

កម្មវិធីសិក្សានៃគម្រោង “ធុរកិច្ចជំនាន់ថ្មី” ត្រូវបានរចនាឡើងដើម្បីដោះស្រាយតម្រូវការចម្រុះ ដែលសហគ្រិន និងអ្នកជំនាញផ្នែកអាជីវកម្មជួបប្រទះ។ មេរៀនសំខាន់ៗក្នុងគម្រោងមួយនេះមានដូចជា៖
(១) ការវាយតម្លៃសមត្ថភាពនិងគម្លាតជំនាញរបស់អ្នកចូលរួម ដើម្បីកំណត់ភាពខ្លាំង និងផ្នែកសម្រាប់ការអភិវឌ្ឍន៍
(២) វគ្គបណ្ដុះបណ្ដាលស្ដីពីការដឹកនាំបែបសហគ្រិនភាព ការគ្រប់គ្រងអាជីវកម្ម ការពង្រឹងភាពច្នៃប្រឌិត ការធ្វើពាណិជ្ជកម្ម និងការពង្រីកអាជីវកម្ម
(៣) វគ្គបង្វឹកទាំងក្នុងក្រុម និងមួយទល់មួយ ដើម្បីផ្ដល់មតិស្ថាបនា និងការគាំទ្រ រួមទាំងជំរុញកិច្ចសហការ និងការរៀនសូត្រពីអ្នកចូលរួមដទៃ
(៤) ថ្នាក់ Masterclass ដើម្បីចែករំលែកចំណេះដឹងបន្ថែម និងពង្រីកបណ្ដាញទំនាក់ទំនង។

“ការបណ្ដុះវប្បធម៌នៃសហគ្រិនភាព និងការផ្ដល់សិទ្ធិអំណាចទៅដល់បុគ្គលទាំងឡាយ ដើម្បីយកគំនិតរបស់ពួកគេទៅអភិវឌ្ឍចេញជាអាជីវកម្ម គឺជាបេសកកម្មស្នូលរបស់សហគ្រិនខ្មែរ” ឯកឧត្តមបណ្ឌិតឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍។ “តាមរយៈការសហការរវាងក្រុមហ៊ុនGrow4Growth ក្នុងគម្រោងធុរកិច្ចជំនាន់ថ្មី សហគ្រិនខ្មែរមានសេចក្ដីសោមនស្សរីករាយក្នុងការផ្តល់នូវបទពិសោធន៍សិក្សា ដែលនឹងជួយគាំទ្រដល់ការរីកចម្រើននៃសហគ្រាសធុនមីក្រូ តូច និងមធ្យម និងអ្នកជំនាញផ្នែកអាជីវកម្ម ទៅមួយកម្រិតទៀត។”

គម្រោងមួយនេះត្រូវបានអនុវត្តដោយ Grow4Growth Consultant Co. ដែលជាក្រុមហ៊ុនប្រឹក្សាធុរកិច្ច និងអភិវឌ្ឍសមត្ថភាពដ៏គួរឱ្យទុកចិត្ត។ លោកស្រីគឹម តាន់ ដែលជាស្ថាបនិក និងនាយកប្រតិបត្តិនៃGrow4Growth Consultant Co. បានមានប្រសាសន៍ថា“Grow4Growth ពិតជាមានភាពរំភើបរីករាយ ដែលមានឱកាសជាដៃគូរសហការរបស់ សហគ្រិនខ្មែរ ក្នុងការអនុវត្គគម្រោង ធុរកិច្ចជំនាន់ថ្មី។” “ដោយការរួមបញ្ចូលនៃបទពិសោធន៍របស់ Grow4Growth និង សហគ្រិនខ្មែរ ក្នុងការប្រឹក្សាធុរកិច្ច ការកសាងជំនាញគ្រប់គ្រង និងចំណេះដឹងដ៏ជ្រាលជ្រៅរបស់ពួកយើងអំពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនកម្ពុជា ពួកយើងមានគោលបំណងផ្តល់ជំនាញផ្នត់គំនិត និងធនធានទៅដល់អ្នកចូលរួមគ្រប់រូប ដើម្បីជំរុញកំណើនសហគ្រាសប្រកបដោយនិរន្តរភាព និងនវានុវត្តន៍។
គម្រោង ធុរកិច្ចជំនាន់ថ្មី ស្វាគមន៍សហគ្រិន សហគ្រាសធុនតូចនិងមធ្យម និងអ្នកជំនាញ ដែលកំពុងតែចង់ពង្រឹងចំណេះដឹងក្នុងការគ្រប់គ្រងអាជីវកម្ម និងការដឹកនាំបែបសហគ្រិនភាព។ ការដាក់ពាក្យស្នើសុំចូលរួមកំពុងតែបើកដំណើរការ ហើយជំនាន់ទីមួយនៃអ្នកចូលរួមនឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួម សូមចុចលើតំណភ្ជាប់មួយនេះ៖ https://forms.gle/AnHv6xM83cotVdET7


អំពីសហគ្រិនខ្មែរ
សហគ្រិនខ្មែរ ត្រូវបានបង្កើតឡើងជាបរធនបាលកិច្ចសាធារណៈរបស់រាជរដ្ឋាភិបាល ក្រោមប្រកាសលេខ ១៣៥ សហវ/ប្រក ដែលមានការប្តេជ្ញាចិត្តជួយលើកកម្ពស់វិស័យសហគ្រិនភាព នវានុវត្តន៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។ សហគ្រិនខ្មែរជួយសហគ្រិន និងធុរកិច្ចបង្កើតថ្មីក្នុងការអនុវត្តសក្តានុពលពេញលេញរបស់ពួកគេតាមរយៈគម្រោងជាច្រើន ដូចជាការផ្ដល់ មូលនិធិដើមទុនវគ្គបណ្ដុះបណ្ដាល និងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។
សម្រាប់ព័ត៌មានបន្ថែមអំពី សហគ្រិនខ្មែរ សូមចូលទៅកាន់ https://khmerenterprise.info/
អំពី Grow4Growth Consultant Co.
បង្កើតឡើងក្នុងឆ្នាំ២០២១ Grow4Growth Consultant គឺជាក្រុមហ៊ុនផ្តល់ជូននូវសេវាកម្មប្រឹក្សាអាជីវកម្ម ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ Grow4Growth Consultant ផ្តល់នូវដំណោះស្រាយដ៏ទូលំទូលាយដើម្បីជួយសហគ្រិន អាជីវកម្ម និងក្រមហ៊ុនផ្សេងៗ ដើម្បីអភិវឌ្ឍធនធានបុគ្គលិកការងារ ពង្រឹងអាជីវកម្ម និងជំរុញកំណើនប្រកបដោយចីរភាព។ អមជាមួយនឹងក្រុមអ្នកជំនាញដែលមានសមត្ថភាពខ្ពស់ Grow4Growth Consultant ប្តេជ្ញាក្នុងការកសាងភាពជាដៃគូរយូរអង្វែងជាមួយអតិថិជនរបស់ខ្លួន និងផ្តល់ជូននូវលទ្ធផលប្រកបដោយប្រសិទ្ធភាព។
សម្រាប់ព័ត៌មានបន្ថែមអំពី Grow4Growth Consultant សូមចូលទៅកាន់ www.grow4growthconsultant.com



