នគរបាលបានចាប់ខ្លួនលោក ញឹក ប៊ុនឆៃ ដែលជាអតីតឧបនាយករដ្ឋមន្ត្រី និងធ្លាប់ជាអតីតអនុប្រធានព្រឹទ្ធសភាដែរនោះ ជុំវិញការជាប់ពាក់ព័ន្ធក្នុងការផលិតគ្រឿងញៀនខុសច្បាប់នៅឆ្នាំ២០១២ នៅខេត្តកំពង់ស្ពឺ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា លោក ញឹក ប៊ុនឆៃ ដែលជាប្រធានគណបក្សគណបក្សខ្មែររួបរួមជាតិ និងជាអតីតមេបញ្ជាការកងទ័ពកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ត្រូវបានឃាត់ខ្លួន ព្រោះ«គាត់បានជាប់ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀននៅកំពង់ស្ពឺដែលពេលនោះ យើងបានធ្វើការចាប់ខ្លួនមនុស្សមួយចំនួន នៅឆ្នាំ២០១២។»
នៅពេលដែលសួរថា ហេតុអ្វីបានជាអាជ្ញាធរបានសម្រេចចិត្តធ្វើសកម្មភាពបន្ថែមនៅពេលនេះ លោក ខៀវ សុភ័គ បានថ្លែងថា អ្នកដែលដឹងរឿងគាត់ ទើបតែចេញមកនិយាយការពិតពីគាត់នៅពេលនេះ បន្ទាប់ពីដឹងថា គាត់បានបាត់បង់អំណាចជាទីប្រឹក្សារដ្ឋាភិបាលថ្មីៗនេះ។
លោក ខៀវ សុភ័គ បានបន្តថា «យើងទើបតែរកឃើញការពិត ពីព្រោះនៅពេលគាត់មានអំណាច គ្មាននរណាម្នាក់ហ៊ានចេញមកនិយាយការពិតទេ។»
មុនឈានដល់ការដកចេញពីតំណែងជាទីប្រឹក្សារដ្ឋាភិបាលនិងការចាប់ខ្លួននាពេលនេះ ទីប្រឹក្សារដ្ឋាភិបាលដទៃទៀតជាច្រើនដែលភាគច្រើនជាសម្ព័ន្ធមិត្តរបស់គាត់ ក៏ត្រូវបានដកហូតតំណែងដែរ។
កន្លងមក មានពាក្យចចាមអារ៉ាមជាច្រើន ដែលថា លោក ញឹក ប៊ុនឆៃ មានផែនការចុះចូលជាមួយគណបក្យប្រឆាំង គឺគណបក្សសង្គ្រោះជាតិ នៅពេលដែលមានលេចឮថា លោក ញឹក ប៊ុនឆៃ បានទូរស័ព្ទ ទៅលោក អេង ឆៃអ៊ាង ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅ។
លោក អេង ឆៃអ៊ាង បាននិយាយថា លោក ញឹក ប៊ុនឆៃ «បានទូរស័ព្ទមកខ្ញុំ ហើយនិយាយថា លោកបានប្រាប់អ្នកគាំទ្ររបស់លោកឲ្យបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិហើយ និយាយតែប៉ុណ្នឹង»។
គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ជាគណបក្សតែមួយគត់ ដែលបានឈ្នះតំណែងមេឃុំមួយនៅក្នុងការបោះឆ្នោតកាលពីខែមិថុនា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ៕