កម្មវិធីពិធីប្រគល់-ទទួលថវិកាចំនួន ៥០ ម៉ឺនដុល្លារនេះ ត្រូវបានបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និង លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរអំពីឆន្ទៈដ៏ស្មោះស្មគ្រក្នុងការជួយសង្គមរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលកន្លងមកមិនត្រឹមតែ ជួយសង់ផ្ទះដល់អតីតយុទ្ធជនប៉ុណ្ណោះទេ ប៉ុន្ដែក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសប្បុរសធម៌ជាច្រើនទៀត។ ពិសេសថ្មីៗនេះ ជីប ម៉ុង ទើបតែបានប្រកាសបញ្ចេញទុនកម្ចីដល់ទៅ ៥០០លានដុល្លារ សម្រាប់វិស័យស្វាយចន្ទី និងស្រូវអង្ករ ដែលនេះ គឺជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការគាស់កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យបន្ដមានភាពរស់រវើក ដើម្បីឆ្លងផុតកាលៈទេសៈដ៏លំបាកនាពេលនេះ។
លោកអ្នកឧកញ៉ា លាង ឃុន បានអះអាងថា នេះគឺជាលើកទី២ហើយ ដែលក្រុមហ៊ុន ជីប ម៉ុង បានបន្ដផ្ដល់ថវិកាសម្រាប់ការសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលសរុបមានចំនួន ២០០ខ្នង។ លោកអ្នកឧកញ៉ា លាង ឃុន បន្ថែមថា ទន្ទឹមនឹងការចូលរួមជំរុញការវិនិយោគ ដើម្បីបង្កើនសម្ទុះសេដ្ឋកិច្ចក្នុងស្រុក ជីប ម៉ុង តែងតែបោះដៃជួយ ដល់កិច្ចការសង្គមជាច្រើន សំដៅរួមចំណែកជួយសម្រាលបន្ទុករាជរដ្ឋាភិបាល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ពិសេសជនភៀសសឹក និងកងកម្លាំងជួរមុខជាដើម។
ជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ឈរជើងយ៉ាងរឹងមាំជាង ៤ទសវត្សរ៍ក្នុងសង្គមខ្មែរ ជីប ម៉ុង ព្រមទាំងពហុពាណិជ្ជកម្មជាង ១៤ នៅតែបន្តស្ថិតនៅក្បែរប្រជាជនខ្មែរ និងផ្តល់ត្រឡប់ទៅសង្គមវិញ តាមរយៈសកម្មភាពសប្បុរសធម៌ជាច្រើន ដូចជា ការឧបត្ថមដល់កងទ័ពជួរមុខ ជនភៀសសឹក ការសាងសង់អគារសិក្សាថ្មីជាច្រើនកន្លែង និងការចូលរួមបរិច្ចាគដល់កាកបាទក្រហមកម្ពុជាសម្រាប់សកម្មភាពមនុស្សធម៌ជាច្រើនទៀត៕