លោក វិចទ័រ ហ្សូនា អគ្គនាយកថាមពលនៅក្រសួងរ៉ែនិងថាមពល បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ថា ប្រទេសកម្ពុជានឹងមិនអភិវឌ្ឍទំនប់វារីអគ្គិសនីថ្មីនៅលើដងទន្លេមេគង្គទេ ក្នុងរយៈពេល១០ឆ្នាំខាងមុខ ហើយនឹងពិនិត្យឡើងវិញនូវគោលនយោបាយជាតិរបស់ខ្លួនក្នុងការស្វែងរកថាមពលពីធ្យូងថ្ម ឧស្ម័នធម្មជាតិ និងព្រះអាទិត្យវិញ។
លោក វិចទ័រ ហ្សូនា បានអះអាងថា រដ្ឋាភិបាលបានធ្វើតាមការសិក្សាដែលធ្វើឡើងដោយទីប្រឹក្សាជប៉ុនដែលបានផ្តល់អនុសាសន៍ថា កម្ពុជាគួរស្វែងរកថាមពលពីប្រភពផ្សេងៗទៀត។
លោក សេង ទៀក នាយកប្រចាំប្រទេសនៃអង្គការ WWF បាននិយាយថា “ការរក្សាលំហូរទន្លេមេគង្គក្រោមនៅក្នុងកម្ពុជា គឺជាការសម្រេចចិត្តដ៏ប្រសើរបំផុតសម្រាប់ទាំងមនុស្សនិងធម្មជាតិ ហើយ អង្គការ WWF សូមកោតសរសើរដល់រដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តមិនអភិវឌ្ឍទំនប់វារីអគ្គិសនីនិងផ្ទុយទៅវិញ ស្វែងរកប្រភពថាមពលផ្សេងទៀត ដូចជា ថាមពលពន្លឺព្រះអាទិត្យ ដើម្បីឆ្លើយតបនឹងតម្រូវការថាមពលរបស់ព្រះរាជាណាចក្រកម្ពុជា។”
លោក សេង ទៀក បាននិយាយបន្តថា “អង្គការ WWF បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលដើម្បីគាំទ្រដល់ការអភិវឌ្ឍនូវផែនការថាមពលប្រកបដោយនិរន្តរភាពជាប្រព័ន្ធ ដែលជំរុញជម្រើសថាមពលស្អាតនិងកកើតឡើងវិញ ដែលរួមចំណែកដល់គោលដៅថាមពលរបស់ប្រទេសដោយមិនធ្វើឱ្យខូចដល់ទន្លេហូរដែលនៅសល់របស់កម្ពុជា"៕