ប្រធានប្រតិបត្តិក្រុមហ៊ុន Asia Aviation ដែលជាម្ចាស់ភាគហ៊ុនធំ នៃក្រុមហ៊ុន Thai Air Asia បានបញ្ជាក់នៅក្នុងសារព័ត៌មានបាងកកប៉ុស្ដិ៍ថា នៅពេលមានភ្ញៀវទេសចរអន្តរជាតិត្រឡប់មកវិញ នៅពេលអនាគត ប្រទេសថៃប្រហែលមិនអាចមានការផ្គត់ផ្គង់បានគ្រប់គ្រាន់ ដើម្បីបម្រើដល់ភ្ញៀវទេសចរនោះទេ ខណៈដែលមានក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ជាច្រើនបានបិទទ្វារអស់ទៅហើយ ដោយសារតែជួបបញ្ហាហិរញ្ញវត្ថុ។
អាជ្ញាធរអាកាសចរស៊ីវិលថៃ បានរាយការណ៍ថា ចំនួនអ្នកដំណើរក្នុងស្រុកបានធ្លាក់ចុះ ជាង២៧% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ខណៈដែលជើងហោះហើរអន្តរជាតិមានការធ្លាក់ចុះស្ទើរតែ១០០%ទៅហើយ ។
ក្នុងស្ថានភាពកាន់តែលំបាកនេះ ក្រុមហ៊ុន Thai AirAsia បានសម្រេចផ្អាកការងារបុគ្គលិក ៧៥% នៅក្នុងខែកុម្ភៈ នេះ ដោយក្រុមហ៊ុនអនុញ្ញាតឲ្យពួកគេមានជម្រើសឈប់សម្រាកដោយមិនទទួលបានប្រាក់ឈ្នួល។
ទស្សនវិស័យទេសចរណ៍របស់ថៃសម្រាប់ឆ្នាំនេះ កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល ខណៈដែលក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមបានព្យាករថា ចំនួនទេសចរអន្តរជាតិមកកាន់ប្រទេសថៃនៅឆ្នាំនេះ នឹងមានត្រឹមតែប្រមាណជាង៣លាននាក់ប៉ុណ្ណោះ ពោលគឺ តិចជាងឆ្នាំ២០២០ដល់ទៅពាក់កណ្ដាល។
ប្រធានសមាគមសណ្ឋាគារថៃ បាននិយាយថា វិបត្តិកូវីដ-១៩លើកនេះ គឺលំបាកជាងកាលពីឆ្នាំ២០២០ទៅទៀត។ សមាគមសណ្ឋាគារថៃ បានបញ្ជាក់ថា មានសណ្ឋាគារ៥០% នៅទូទាំងប្រទេសបានបិទទ្វារ ខណៈដែលសណ្ឋាគារដែលនៅបន្ដបើកគឺកំពុងប្រឈមនឹងបញ្ហាជាច្រើនដើម្បីបន្ដដង្ហើមរស់។
ក្រុមប្រតិបត្តិករក្នុងវិស័យទេសចរណ៍ថៃ បាននិយាយទៀតថា ពួកគេត្រូវការការជួយគាំទ្រពីរាជរដ្ឋាភិបាល បើមិនដូច្នោះទេ វិស័យឧស្សាហកម្មទេសចរណ៍អាចនឹងដួលរលំ៕