ធនាគារពន្យារពេលសងបំណុល

រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃប្រាប់ឲ្យធនាគារ និងហិរញ្ញវត្ថុពិចារណាពន្យារពេលសង់បំណុលបន្ថែមទៀត ដើម្បីជួយអាជីវកម្មក្នុងស្រុក


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានអះអាងថា ធនាគារ រួមទាំងស្ថាប័នហិរញ្ញវត្ថុនានាគួរតែពិចារណា ប្រសិនបើធនាគារកណ្ដាលថៃអំពាវនាវឲ្យមានការពន្យារពេលបន្ថែមទៀត ចំពោះការសង់ប្រាក់ដើម និងការប្រាក់សម្រាប់​ក្រុមអាជីវកម្មខ្នាតតូច និងមធ្យមដែលបច្ចុប្បន្នកំពុងរងទុក្ខកាន់តែខ្លាំងនៅឆ្នាំនេះ និងអាចបន្ដដល់ឆ្នាំក្រោយ ដ្បិតថា មេរោគរាតត្បាតកូវីដ-១៩កំពុងបង្កផលប៉ះពាល់កាន់តែខ្លាំង។
រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃប្រាប់ឲ្យធនាគារ និងហិរញ្ញវត្ថុពិចារណាពន្យារពេលសង់បំណុលបន្ថែមទៀត ដើម្បីជួយអាជីវកម្មក្នុងស្រុក (រូបភាព៖https://www.chiangraitimes.com)
ដោយ

បើតាម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុថៃ ​ធនាគារកណ្ដាលថៃថ្មីៗនេះ​ ទើបតែ​បាន​​ណែនាំ​ឲ្យ​មានការ​ផ្អាកការសង់ប្រាក់ដើម និង​ការប្រាក់សម្រាប់​បុគ្គលក៏ដូចជាអាជីវកម្ម​រងគ្រោះ សម្រាប់​រយៈពេល​២ខែ ប៉ុន្ដែ ក្នុងកាលៈទេសៈដ៏លំបាកនេះ ខាងធនាគារ​គួរតែបន្ដពន្យារពេល​សងបំណុលនេះឲ្យវែងជាងនេះទៀត ដើម្បី​ជួយឲ្យអាជីវកម្មទាំងនោះ អាចបន្ដដង្ហើមរស់បាន​ទៅមុខទៀត។

ត្រូវបាន​ស្រង់សម្ដីដោយ​សារព័ត៌មាន​បាងកកប៉ុស្ដិ៍លោក អាឃុម ធើមភីតថាយ៉ា ផៃសិត (Arkhom Termpittayapaisith) រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុថៃ និយាយថា ដោយសារតែ​សេដ្ឋកិច្ច​ថៃ ត្រូវបានរំពឹងថា នឹងមិនអាចងើបឡើងវិញលឿននោះទេ ដូច្នេះ គ្រឹះស្ថានធនាគារ និងអ្នកផ្ដល់ប្រាក់កម្ចី ត្រូវបន្ដ​តាមដាន​ស្ថានការណ៍នេះ ហើយ​ពិចារណា​ពន្យារពេល​សងបំណុល​ឲ្យបាន​វែងជាងមុន គឺវែងជាងរយៈពេល២ខែ ដែលទើបតែបាន​ដាក់ចេញ​​​នាពេលថ្មីៗនេះ។

ធនាគារកណ្ដាលថៃ ដោយមានកិច្ចសហប្រតិបត្តិការណ៍​ជាមួយនឹង​សមាគមធនាគារថៃ និងសមាគម​ធនាគារអន្តរជាតិ​ នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍មុន បាន​ណែនាំ​នូវ​វិធានការ​ពន្យារពេល​សងប្រាក់ដើម និងការប្រាក់​រយៈពេល​២ខែ សម្រាប់​បុគ្គល និង​សហគ្រាស​ខ្នាតតូច និងមធ្យម ដែលរងផលប៉ះពាល់​ ដោយសារតែ​វិធនាការ​បិទខ្ទប់ចុងក្រោយ​របស់រដ្ឋាភិបាល ដែលបាន​អនុវត្ត​ចំពោះ​ខេត្ត​ចំនួន​១០ ដើម្បី​ប្រយុទ្ធប្រឆាំង​​នឹង​មេរោគរាតត្បាត។

វិធានការ​ពន្យារពេលសងបំណុលដែល​ធនាគារកណ្ដាល​បានដាក់ចេញនេះ គឺមានគោលដៅ​ជួ​យ​ចំពោះ​និយោជិត និងនិយោជក​នៅទូទាំងប្រទេស ដែល​មានការ​បិទ​អាជីវកម្មបណ្ដោះអាសន្ន ដោយសារតែវិធានការបិទខ្ទប់​របស់អាជ្ញាធរ។ ការពន្យារពេល​សងបំណុលនឹងចាប់ផ្ដើមពីខែកក្កដាតទៅ។

វិធានការតឹងរ៉ឹង​ រួមទាំងបម្រាមគោចរ ត្រូវបាន​ដាក់​នៅក្នុងទីក្រុង​បាងកក និងខេត្ត​ជាប់នោះ​ចំនួន​៥ រយៈពេល​២សប្ដាហ៍ គិតចាប់តាំងពីថ្ងៃចន្ទ​សប្ដាហ៍មុន​មកម្ល៉េះ ខណៈដែលរដ្ឋាភិបាលថៃ​កំពុង​ញាប់ដៃញាប់ជើងមែនទែន​​ក្នុងការ​ទប់ស្កាត់​ការឆ្លងរីករាលដាល​ដែលបាន​ហក់ឡើង​ខ្ពស់បំផុត​ដល់ទៅជាង១ម៉ឺននាក់នៅក្នុងមួយថ្ងៃ។ 

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ អះអាងថា រដ្ឋាភិបាល​ថៃពេលនេះ​​កំពុងផ្ដោតលើ​ការលើកម្ពស់សេដ្ឋកិច្ច​ជីវសាស្ត្រ​បែប​វិលជុំ និង​សេដ្ឋកិច្ចបៃតង (bio-circular and green economy) ដើម្បី​ធានាបាន​នូវការ​ងើបឡើង​ប្រកបដោយចីរភាព។

អគ្គនាយក​ការិយាល័យ​គោលនយោបាយ​សារពើពន្ធ​​របស់ថៃ បាននិយាយថា រដ្ឋាភិបាល​បានប៉ាន់ប្រមាណថា វិធានការ​សង្គ្រោះរបស់ខ្លួន ដែលបាន​ដាក់ចេញ​កាលពីខែ​ឧសភា អាចនឹង​បង្កើតបានលំហូរសាច់ប្រាក់​ប្រមាណជាង ១២ពាន់លាន​ដុល្លារ នៅក្នុង​ឆមាសទី២ឆ្នាំនេះ។ ទោះយ៉ាងណា​លំហូរសាច់ប្រាក់នេះ នឹងអាច​មានប្រហែល​តែ​ពាក់កណ្ដាលនៃគោលដៅ​ប៉ុណ្ណោះ ដោយសារតែ​មាន​វិធានការបិទខ្ទប់​ចុងក្រោយនេះ។

យោងតាមច្បាប់ហិរញ្ញវត្ថុ​របស់ថៃ​ រដ្ឋាភិបាលថៃ​មានកំណត់​ប្រាក់កម្ចី​សម្រាប់​ប្រើប្រាស់​បន្ទាន់​ប្រមាណ​៣០ពាន់លាន​ដុល្លារ និងមាន​ប្រាក់​កម្ចីបន្ទាន់​មួយផ្សេងទៀតប្រមាណជាង ១៥ពាន់លានដុល្លារ រួមជាមួយនឹង​ថវិកាចំណាយ​ដែលមានស្រាប់​របស់រាជរដ្ឋាភិបាលផងដែរ ដែលទឹកប្រាក់​ទាំងអស់នេះ គឺអាចនឹងជួយ​ឲ្យ​រដ្ឋាភិបាលថៃ បន្ត​ផ្ដល់ជំនួយហិរញ្ញវត្ថុ​សង្គ្រោះប្រជាជន​របស់ខ្លួន​នៅអំឡុងពេលកូវីដ-១៩​នេះ បានរហូតដល់​ចុងឆ្នាំនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ចិនប្រចាំហុងកុង៖ ការដាក់ទណ្ឌកម្មរបស់អាមេរិកថាមាន«ចេតនាអាក្រក់»

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសចិនប្រចាំនៅក្រុងហុងកុងបានឆ្លើយតបទៅកាន់អាមេរិក ចំពោះការដាក់ទណ្ឌកម្មក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅ និងការព្រមានក្រុមហ៊ុនអាមេរ…

លោកស៊ី ជីនពីង អះអាងថា ចិន​បានផ្តល់ហិរញ្ញវត្ថុក្រោមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩

ព័ត៌មាន
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអះអាងថា ប្រទេសចិនបានផ្តល់ហិរញ្ញប្បទានសម្រាប់បង្កើតមូលនិធិមួយ ក្រោមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ