ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈអ៊ីម៉េល ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអះអាងថា ខ្លួនបានដឹងតាមរយៈសារព័ត៌មាននានាថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដូចជាបានស្នើសុំឱ្យសហរដ្ឋអាមេរិកពិចារណាដកអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ ភីសខ័រ (Peace Corps) ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា។
មន្រ្តីក្រសួងការបរទេសបាននិយាយថា៖ «យើងមិនបានទទួលការស្នើសុំជាផ្លូវការណាមួយពីអាជ្ញាធរកម្ពុជាដើម្បីដកខ្លួនអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ ភីសខ័រ (Peace Corps) ពីកម្ពុជាទេ។ មិនមានផែនការដកអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ ភីសខ័រ (Peace Corps) ទេ»។
ក្នុងសុន្ទរកថាសំណេះសំណាលជាមួយកម្មករកម្មការិនីកាលពីសប្តាហ៍មុន សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា វាជាការល្អ បើសិនជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក William Heidt ដក ភីសខ័រ ចេញពីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «ហើយបើសិនជាល្អ ឯកឧត្ដមដក អា ភីសខ័រ ត្រលប់ទៅវិញ។ ដក ភីសខ័រ ត្រលប់ទៅវិញទៅ»។
ភីសខ័រ ត្រូវបានបង្កើតឡើងដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក John F. Kennedy នៅឆ្នាំ១៩៦១ ដោយមានគោលបំណងលើកកម្ពស់សន្តិភាពនិងមិត្តភាពនៅជុំវិញពិភពលោក។
នៅកម្ពុជា មានអ្នកស្ម័គ្រចិត្តជាង ១២០នាក់ កំពុងតែធ្វើការជាមួយសហគមន៍ លើគម្រោងនានា ក្នុងវិស័យអប់រំ និងសុខភាព។ តាំងពីមានវត្តមានដំបូងនៅឆ្នាំ២០០៧មក មានអ្នកស្ម័គ្រចិត្ត ភីសខ័រ ចំនួនជាង ៥០៥នាក់ហើយ ដែលបានបម្រើការងារនៅកម្ពុជា។
ក្នុងអំឡុងពេលបម្រើការងារនៅកម្ពុជា អ្នកស្ម័គ្រចិត្ត ភីសខ័រ ទាំងនោះ ក៏ចេះនិយាយភាសាខ្មែរផងដែរ៕