ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលអ្នកសង្កេតការណ៍មើលឃើញថា រដ្ឋផ្តាច់ការមួយនេះហាក់កំពុងត្រៀមរៀបចំការសាកល្បងអាវុធនុយក្លេអ៊ែរសាជាថ្មី ចាប់តាំងពីឆ្នាំ២០១៧មក ដោយពីពេលនោះ សហរដ្ឋអាមេរិកក្រោមរដ្ឋការលោក Donald Trump និងមេដឹកនាំពិភពលោកផ្សេងទៀត បានបរាជ័យក្នុងការបញ្ចុះបញ្ចូលបុរសខ្លាំង លោក គីម ជុងអ៊ុន ឲ្យបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដដែលបានឱ្យដឹងថា សភាកូរ៉េខាងជើង ដែលជាសភាប្រជាជនកំពូល បានអនុម័តច្បាប់នេះកាលពីថ្ងៃព្រហស្បតិ៍ ទី ៨ កញ្ញា ដែលជាការជំនួសឲ្យច្បាប់ឆ្នាំ២០១៣ចាស់ ដែលបង្ហាញពីស្ថានភាពនុយក្លេអ៊ែរមិនទាន់ធ្ងន់ធ្ងរនៅឡើយ។
លោក គីម ជុងអ៊ុន បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សភាថា «សារៈសំខាន់នៃការបង្កើតច្បាប់ស្តីពីអាវុធនុយក្លេអ៊ែរនេះ គឺជាការគូសខ្សែបន្ទាត់ដែលមិនអាចកែប្រែបាន ហើយលោកសច្ចានឹងមិនបោះបង់អាវុធនុយក្លេអ៊ែរឡើយ ទោះបីប្រទេសលោករងទណ្ឌកម្ម១០០ឆ្នាំទៀតក៏ដោយ។
គួររំលឹកថា ច្បាប់ដើមឆ្នាំកាលពីឆ្នាំ២០១៣ បានចែងថា កូរ៉េខាងជើងអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីរារាំងនឹងការឈ្លានពាន ឬការវាយប្រហារណាមួយពីរដ្ឋនុយក្លេអ៊ែរផ្សេងទៀត។
ប៉ុន្តែ ច្បាប់ថ្មីនេះនឹងដើម្បីអនុញ្ញាតឱ្យកូរ៉េខាងជើងអាចធ្វើការវាយប្រហារការពារខ្លួន ដោយអាវុធនុយក្លេអ៊ែរជាមុន ប្រសិនបើមានការវាយប្រហារត្រូវបានរកឃើញថាមានមកលើមេដឹកនាំ ឬគោលដៅយុទ្ធសាស្រ្តរបស់ប្រទេសកូរ៉េខាងជើងនោះ។
ក្នុងនោះដែរ ទីភ្នាក់ងារ KCNA រាយការណ៍ថា ច្បាប់នេះក៏ហាមប្រាមការចែកចាយអាវុធនុយក្លេអ៊ែរ ឬបច្ចេកវិទ្យាជាមួយប្រទេសដទៃទៀត ក្នុងគោលបំណងកាត់បន្ថយប្រទេសមាននុយក្លេអ៊ែរក្នុងដៃ ព្រមទាំងការពារការផ្ទុះសង្គ្រាមនុយក្លេអ៊ែរដោយប្រើអាវុធនេះផងដែរ។
ទោះបីជាយ៉ាងណា ក្រុមអ្នកវិភាគព្រឹត្តិការណ៍អន្តរជាតិនិយាយថា គោលដៅរបស់លោក គីម ជុងអ៊ុន គឺដើម្បីយកឈ្នះការទទួលយកជាអន្តរជាតិនូវឋានៈរបស់កូរ៉េខាងជើងជា «រដ្ឋនុយក្លេអ៊ែរដែលមានទំនួលខុសត្រូវ» តែប៉ុណ្ណោះ។
តួយ៉ាងណា រដ្ឋបាលរបស់លោកចូ បៃដិន តែងលើកឡើងថា អាមេរិកអាចជួបពិភាក្សាជាមួយលោក គីម បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់ នៅពេលណាដែលលោកចង់ ហើយកូរ៉េត្បូងថែមទាំងសន្យាផ្តល់ជំនួយសេដ្ឋកិច្ចផងដែរ ប្រសិនបើទីក្រុងព្យុងយ៉ាងបញ្ឈប់ការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួននោះ។
ការណ៍នេះត្រូវបាន កូរ៉េខាងជើងច្រានចោល និងសំដែងការហួសចិត្តយ៉ាងខ្លាំង ដោយសំអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ពិសេសទីក្រុងសេអ៊ូលតែងរក្សា «គោលនយោបាយអរិភាព» ដូចជាការដាក់ទណ្ឌកម្ម និងការធ្វើសមយុទ្ធយោធា ដែលព្យុងយ៉ាងមិនអាចឈរលើផ្លូវសន្តិភាពជាមួយបានឡើយ៕