ការព្រមានធ្ងន់ៗពីក្រុមអ្នកវិភាគអន្តរជាតិបែបនេះ ធ្វើឡើងនៅក្រោយពេលដែល ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ចុងអ៊ុន ធ្លាប់បានលើកឡើងថា កូរ៉េខាងជើងកំពុងប្រឈមមុខនឹងស្ថានការណ៍កង្វះស្បៀងអាហារដ៏អាក្រក់មួយ មិនធ្លាប់មាននោះទេ រាប់ចាប់តាំងពីមានគ្រោះអត់ឃ្លានកាលពីអំឡុងសតវត្សទី១៩ ដែលបានឆក់យកជីវិតមនុស្សអស់ជិត ៣លាននាក់។
របបដឹកនាំលោកគីមចុងអ៊ុន មិនបានបញ្ចេញស្ថិតិស្តីពីកម្រិតសេដ្ឋកិច្ចនៅកូរ៉េខាងជើងនោះទេ ប៉ុន្តែ អ្នកវិភាគអន្តរជាតិបានធ្វើការប៉ាន់ប្រមាណថា សេដ្ឋកិច្ចកូរ៉េខាងជើងបានធ្លាក់ចុះជិត ៩%កាលពីឆ្នាំ២០២០ ដែលជាតួលេខដ៏អាក្រក់បំផុតមិនធ្លាប់មាន។
ឥទ្ធិពលដែលបណ្តាលមកពីការបិទខ្ទប់របស់របបលោក គីម ចុងអ៊ុន ដោយសារកូវីដ-១៩ រួមផ្សំនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសលោកខាងលិចកាន់តែតឹងរឹងជាងមុន ចាប់តាំងពីការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និង ការបាញ់សាកល្បងគ្រាប់រ៉ុក្កែតជាបន្តបន្ទាប់កាលពីឆ្នាំ ២០១៧ សុទ្ធតែបានរួមចំណែកធ្វើឲ្យប្រទេសដ៏ឯកោលើលោកមួយនេះប្រឈមមុខនឹងគ្រោះទុរភិក្សអត់ឃ្លានធ្ងន់ធ្ងរឆាប់ៗនេះ។
គួររំឭកថា របាយការណ៍របស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០២០ ក៏ធ្លាប់បានព្រមានធ្ងន់ៗ ដែរថា មានប្រជាជនជាង ១០លាននាក់រស់នៅក្នុងប្រទេសកូរ៉េខាងជើងកំពុងត្រូវការជំនួយស្បៀងអាហារជាបន្ទាន់។
សូមបញ្ជាក់ដែរថា បច្ចុប្បន្នកូរ៉េខាងជើងមានការដោះដូរពាណិជ្ជកម្មច្រើនជាងគេ តែជាមួយប្រទេសចិនដែលមានព្រំដែនជាប់គ្នាប៉ុណ្ណោះ ដោយសារតែការរឹតបន្តឹងទណ្ឌកម្ម បានកាត់បន្ថយពាណិជ្ជកម្មរបស់ប្រទេសនេះ ជាមួយពិភពលោកស្ទើរតែ ៩០%ទៅហើយ នៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ៕