យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Straits Times អង្គការឧតុនិយមពិភពលោកបានបញ្ជាក់ថា ឥទ្ធិពលនៃបាតុភូត អែលនីណូ នឹងហក់ឡើងដល់កម្រិតកំពូលនៅចុងឆ្នាំ២០២៦ នេះ ហើយរលកនៃផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើអាកាសធាតុសកល នឹងបន្តអូសបន្លាយរហូតដល់ឆ្នាំ២០២៧។ អង្គការនេះបានសង្កត់ធ្ងន់ថា បាតុភូតធម្មជាតិនេះបានពង្រឹងកម្លាំងយ៉ាងរឹងមាំ និងកំពុងវិវត្តទៅជាបាតុភូតអាកាសធាតុដ៏ខ្លាំងក្លាមួយ ដែលនឹងកែប្រែគំរូទឹកភ្លៀង និងសីតុណ្ហភាពទូទាំងភពផែនដី ព្រមទាំងបង្កើតជាហានិភ័យនៃគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងរលកកម្ដៅយ៉ាងអាក្រក់។
ទោះបីជា អែលនីណូ ជាបាតុភូតកើតឡើងតាមធម្មជាតិក៏ដោយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា វានឹងបន្ថែមទម្ងន់កម្ដៅយ៉ាងខ្លាំងលើភពផែនដី ដែលកំពុងតែក្តៅស្រាប់ពីការដុតប្រេងឥន្ធនៈហ្វូស៊ីល ដោយរុញច្រានឱ្យធាតុអាកាសកាន់តែប្រែប្រួលខ្លាំងហួសពីការស្មាន។
លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងដោយក្តីបារម្ភថា អែលនីណូ កំពុងតែរីកធំឡើងយ៉ាងរហ័សនៅចំពោះមុខពិភពលោក។ ផ្អែកលើវិទ្យាសាស្ត្រ គ្មានមន្ទិលសង្ស័យឡើយថា ភពផែនដីកំពុងស្ថិតក្នុងតំបន់គ្រោះថ្នាក់ដែលមិនធ្លាប់មានពីមុនមក ខណៈសីតុណ្ហភាពផ្ទៃសមុទ្រ និងបរិយាកាសទូទៅបន្តកើនឡើងខ្ពស់ឥតឈប់ឈរ។ លោកបានបន្ថែមថា ពេលនេះគឺជាការប្រកួតប្រជែងរវាងពេលវេលា និងមហន្តរាយ ដូច្នេះពិភពលោកគ្មានជម្រើសអ្វីក្រៅពីខិតខំប្រឹងប្រែងយកឈ្នះសង្គ្រាមអាកាសធាតុនេះ ដើម្បីការពារជីវិតមនុស្សនោះឡើយ។
ជាមួយគ្នានេះលោកស្រី សេឡេស្តេ សៅឡូ (Celeste Saulo) អគ្គលេខាធិការអង្គការអង្គការឧតុនិយមពិភពលោកបានព្រមានថា អែលនីណូ ដ៏ខុសប្រក្រតីនេះមានអានុភាពវាយប្រហារយ៉ាងធ្ងន់ធ្ងរលើសហគមន៍ និងប្រព័ន្ធសេដ្ឋកិច្ចសកល។ លោកស្រី បានគូសបញ្ជាក់ថា ពិភពលោកបានឃើញការបំផ្លិចបំផ្លាញពីគ្រោះរាំងស្ងួត និងទឹកជំនន់ជាបន្តបន្ទាប់រួចទៅហើយ ហើយការខូចខាតទាំងនេះនឹងកាន់តែខ្លាំង នៅពេលដែលឥទ្ធិពលរបស់ អែលនីណូ ឈានដល់ចំណុចកំពូល។ លោកស្រីបានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងវិស័យប្រឈមនានាដូចជាកសិកម្ម សុខាភិបាល ថាមពល និងការផ្គត់ផ្គង់ទឹកស្អាតឱ្យប្រញាប់រៀបចំផែនការទប់ទល់ជាបន្ទាន់ ដោយលោកស្រីសង្កត់ធ្ងន់ថា ពិភពលោកលែងមានពេលវេលាសម្រាប់រង់ចាំទៀតហើយ។
ជាទូទៅបាតុភូត អែលនីណូ តែងតែកើនឡើងដល់កម្រិតកំពូលនៅចុងឆ្នាំ ប៉ុន្តែម្ដៅដែលស្តុកទុកក្នុងមហាសមុទ្រ នឹងត្រូវបញ្ចេញមកក្នុងបរិយាកាសបន្តិចម្តងៗ ដែលជាដើមចោទធ្វើឱ្យសីតុណ្ហភាពសកលហក់ឡើងកម្រិតអតិបរមានៅឆ្នាំបន្ទាប់ ដូចដែលពិភពលោកធ្លាប់បានកត់ត្រាឆ្នាំ ដែលក្តៅបំផុតក្នុងប្រវត្តិសាស្ត្រនាឆ្នាំ២០២៤ បន្ទាប់ពីការកើតឡើងនៃបាតុភូតនេះកាលពីលើកមុន៕
អត្ថបទៈ សួន ឡង់ទី