
ក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០២៣-២០២៨ ត្រូវបានបង្កើតឡើង ដោយមានឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជាប្រធាន និងមានអនុប្រធានចំនួន ៥រូប និងសមាជិកចំនួន ១៦រូប។
ក្រុមការងារនេះ មានតួនាទី និងភារកិច្ចដូចជា៖
- ដឹកនាំពិនិត្យ និងផ្ដល់ការតម្រង់ទិសលើការរៀបចំឯកសារទស្សនាទាននៃផែនការយុទ្ធសាស្ត្រទីស្ដីការគណៈរដ្ឋមន្ត្រី តាមរយៈការកំណត់ចក្ខុវិស័យ គោលបំណង គោលដៅអាទិភាព ការបែងចែងមុខងារ ការទទួលខុសត្រូវ និងយុទ្ធសាស្ត្រអភិវឌ្ឍស្ថាប័នរបស់អង្គភាពក្រោមឱវាទ
- ដឹកនាំពិនិត្យ និងសម្រេចលើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រទីស្ដីការគណៈរដ្ឋមន្ត្រី
- ដឹកនាំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រប្រចាំឆមាស
- ពិនិត្យ និងសម្រេចលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ និងផ្ដល់ការណែនាំតម្រង់ទិស ដើម្បីសម្រេចបាននូវចក្ខុវិស័យ គោលបំណង និងគោលដៅអាទិភាព ដែលបានដាក់ចេញ
- ដឹកនាំសម្របសម្រួល និងសហការជាមួយដៃគូអភិវឌ្ឍ ស្ថាប័នជាតិ និងអន្តរជាតិ ក្រោមកិច្ចសហប្រតិបត្តិការផ្សេងៗ ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងមូលធនមនុស្ស។
ក្រុមការងារខាងលើនេះ មានក្រុមការងារចំពោះកិច្ច ជាសេនាធិការសម្រាប់ជួយរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រនេះ ដែលមានសមាសភាពប្រធានចំនួន ១រូប អនុប្រធានចំនួន៤រូប និងសមាជិកចំនួន១៩រូបផងដែរ៕




