នៅក្នុងរបាយការណ៍ថ្មីមួយបានបង្ហាញថា អង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបនៅតំបន់អាស៊ីដែលកំពុងរីកចម្រើនដូចជានៅប្រទេសចិន ឥណ្ឌា និងសមាជិកអាស៊ានទាំង ១០ នឹងកើនឡើង៥,៨% នៅឆ្នាំនេះ បន្ទាប់ពីការរីកចម្រើន៧,៤% នៅក្នុងឆ្នាំ២០២១ និង បានធ្លាក់ចុះដល់ ០,៨% ក្នុងឆ្នាំ២០២០។
តើកត្តាអ្វីខ្លះដែលនឹងជំរុញដល់ការកើនឡើងនៃសេដ្ឋកិច្ចអាស៊ី?
កំណើនសេដ្ឋកិច្ចអាស៊ី ត្រូវបានគេរំពឹងថានឹងបន្ដកើនឡើង ដោយសារកត្តាចម្បងៗដូចជា ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ និងការបើកទ្វារព្រំដែនឡើងវិញពីប្រទេសនៅក្នុងតំបន់ជាដើម។ ប៉ុន្តែលោក ម៉ាធៀស ខូម៉ាន់ (Mathias Cormann) អគ្គលេខាធិការអង្គការ OECD បានប្រាប់សិក្ខាសាលាតាមអនឡាញមួយថា កំណើនសេដ្ឋកិច្ចនេះ នៅមិនទាន់ច្បាស់លាស់នៅឡើយទេដោយសារសង្គ្រាមក៏ដូចជាហានិភ័យនៃមេរោគបម្លែងថ្មីកូវីដ១៩ជាដើម។
លោកបាននិយាយថា "ប្រសិនបើគេក្រឡេកមើលផលប៉ះពាល់នៃសង្គ្រាម គឺវាបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ការផ្គត់ផ្គង់នៅទូទាំងពិភពលោក ដែលបានបន្ថែមដល់សម្ពាធអតិផរណា និងការរំខានបណ្ដាលមកពីជំងឺរាតត្បាតកូវីដ១៩។
លោក ខូម៉ាន់ បានបន្ថែមថា ការប្រែប្រួលតម្លៃទំនិញ និងទីផ្សារហិរញ្ញវត្ថុចាប់តាំងពីការផ្ទុះសង្គ្រាមនៅអ៊ុយក្រែនមកក៏អាចធ្វើឱ្យការងើបរើបឡើងវិញនៃសេដ្ឋកិច្ចនៅតំបន់អាស៊ី ជួបហានិភ័យមួយចំនួនផងដែរ។
ថ្នាក់ដឹកនាំអង្គការ OECD រូបនេះ បានចង្អុលបង្ហាញថា ជម្លោះនៅអ៊ុយក្រែនក៏មានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងទៅលើទំនុកចិត្តដែលអាចប៉ះពាល់ដល់ការប្រើប្រាស់ឯកជន និងការសម្រេចចិត្តវិនិយោគអាជីវកម្ម។
លោកបានបន្តថា កំណើនភាពមិនច្បាស់លាស់អាចបង្កើនភាពប្រែប្រួល នៃលំហូរមូលធនក្នុងប្រទេសអាស៊ី និងកន្លែងផ្សេងទៀត ដូច្នេះហើយរដ្ឋាភិបាលក្នុងតំបន់ចាំបាច់ត្រូវបន្តអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងរចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព ដើម្បីការពារសេដ្ឋកិច្ចរបស់ពួកគេ និងកាត់បន្ថយផលប៉ះពាល់នៃការអភិវឌ្ឍទាំងនេះ លើអ្នកប្រើប្រាស់និងអាជីវកម្ម៕
អត្ថបទ សុខ ជា