សួនទឹកកម្សាន្ដ​ធំជាងគេ​នៅអាស៊ាន​

សួនទឹកកម្សាន្ដ ដ៏ធំជាងគេនៅអាស៊ាន នឹងបើក​ដំណើរការ​​ជា​សាធារណៈ នៅ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩


បើមិនមានអ្វី ប្រែប្រួលទេ សួនទឹកកម្សាន្ដដ៏ធំជាងគេបង្អស់នៅអាស៊ាន ឈ្មោះហ្គាឌិន ស៊ីធី វ៉តធើផាក ដែលមានតម្លៃវិនិយោគចុះបញ្ជីប្រមាណ ៥៥ លានដុល្លារអាមេរិក វិនិយោគដោយក្រុមហ៊ុន LYP Group របស់ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់នោះ នឹងបើកដំណើរការជាធារណៈនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩នេះហើយ ខណៈដែលនៅខែសីហា ឆ្នាំនេះ សួនទឹកនេះ ក៏នឹងបើកដំណើរការសាកល្បង សម្រាប់ភ្ញៀវចូលលេងកម្សាន្ដផងដែរ។ នេះបើតាម ការបញ្ជាក់ពីអគ្គនាយកក្រុមហ៊ុន LYP Group។
សួនទឹក​កម្សាន្ដ​ ហ្គាឌិន ស៊ីធី វ៉តធើផាក បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុងដំណើរការ​សាងសាង់​(រូបភាព៖ ខេមបូណូមីស)
ដោយ

សួនទឹក​ដ៏ធំ ហ្គាឌិន ស៊ីធី វ៉តធើផាក​នេះ ត្រូវបាន​គេមើលឃើញថា ជាផលិតផល​ទេសចរណ៍​សំខាន់​មួយ សម្រាប់​ជំរុញ​កំណើន​ទេសចរណ៍​របស់កម្ពុជា ដែលបច្ចុប្បន្ន​រាជរដ្ឋាភិបាល​ចាត់ទុក​វិស័យនេះ​ជា «មាសបៃតង» របស់កម្ពុជា។

សួនទឹកកម្សាន្ត  ហ្គាដិនស៊ីធី វ៉តធើផាក នេះ បាននិងកំពុង​អភិវឌ្ឍ​សាងសង់​នៅលើផ្ទៃដី ជិត ៧ហិកតា ដែលស្ថិត​នៅក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុងរណបថ្មី របស់ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុង​សង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយ​ចង្វារ​ប្រមាណជាង ១៥ គីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ។

បើតាម ការឲ្យដឹងពីលោកឧកញ៉ា សេង ញ៉ក់ អគ្គនាយក​ក្រុមហ៊ុន LYP Group បាន​បញ្ជាក់ឲ្យដឹងថា នៅខែ​សីហា ឆ្នាំនេះ សួនទឹកនេះ នឹងបើក​សាកល្បង​សម្រាប់​ភ្ញៀវចូលទស្សនា ហើយនឹងបើក​ដំណើរការ​ជាសាធារណៈ​តែម្ដង នៅថ្ងៃទី ៣១​ ខែ ធ្នូ​ឆ្នាំ ២០១៩ ខាងមុខនេះ។

សួនទឹក​កម្សាន្ដ​ ហ្គាឌិន ស៊ីធី វ៉តធើផាក បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុងដំណើរការ​សាងសាង់​ (រូបភាព៖ ខេមបូណូមីស)

លោក​ឧកញ៉ា សេង ញ៉ក់ បានឲ្យដឹងថា ដោយសារតែ​មើលឃើញថា នៅរាជធានី​ភ្នំពេញ ក៏ដូចជា​ប្រទេស​កម្ពុជា ខ្វះកន្លែង​កម្សាន្ត​កម្រិតស្តង់ដារ​អន្តរជាតិ​បែបនេះហើយ ទើបក្រុមហ៊ុន​លោកសម្រេចចិត្ត​សាងសង់​សួនទឹកកម្សាន្ត​ដ៏ធំជាងគេ​មួយ​នេះឡើង។ បើតាម​ការបញ្ជាក់ពី​ឧកញ៉ា សេង ញ៉ក់ សួនទឹកកម្សាន្ត ហ្គាឌិន ស៊ីធី វ៉តធើផាក នេះ គឺជាគម្រោងធំ​ជាងគេទី១ក្នុងតំបន់​អាស៊ាន គឺដណ្តើម​តំណែងធំ​ជាងសួន​ទឹកកម្សាន្ត នៅប៉ាតាយ៉ា ប្រទេសថៃ ដែលមានឈ្មោះថា Cartoon Network Waterpark រហូតដល់ទៅ ៥០ភាគរយឯណោះ។ 

ជាមួយគ្នានេះដែរ លោក ស៊ូរ៉ាឆេត ប៊ូនយ៉ាសីតពិឆៃ ប្រធាន​គ្រប់គ្រង​គម្រោង​សាងសង់សួនទឹក ហ្គាដិនស៊ីធី វ៉តធើផាកធ្លាប់​បានបញ្ជាក់ដែរថា​លក្ខណៈពិសេស​របស់សួន​ទឹកកម្សាន្ត​ដ៏ធំដំបូងគេ​បង្អស់​នៅកម្ពុជា​នេះ មានកន្លែង​សំខាន់ៗ ដូចជា សមុទ្រ​សិប្បនិម្មិត ដែលមាន​ទឹក​រលកកម្ពស់​៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់​លើភ្នំ​សិប្បនិម្មិត​ដ៏​ស្រស់ស្អាត កន្លែងរំអិល​ទឹកខ្ពស់ ទឹករាំ​តាមចង្វាក់​ភ្លេង កន្លែងក្មេងលេង​ជាច្រើន ទោង រំអិលដ៏​ធំបំផុត មាន ស្ទីមកម្តៅ ដ៏ទាក់ទាញ សម្រាប់ភ្ញៀវ​ទេសចរ និងកន្លែង​សំខាន់ៗ​ផ្សេងទៀត។

គួរបញ្ជាក់ដែរថា សួនទឹកកម្សាន្តនេះ វិនិយោគសាងសង់​នៅក្បែរគ្នា​នឹងសួនសត្វ​ដ៏ធំជាងគេ​បំផុត​នៅកម្ពុជា និងជាព្រៃកម្សាន្ត​ភ្នំពេញ​ទីមួយ ដែលមានឈ្មោះថា ភ្នំពេញ សាហ្វារី ដែលមាន​តម្លៃវិនិយោគ​ប្រមាណ​ជាង ១០លាន​ដុល្លារអាមេរិក ដែលបាន​បើកដំណើរការ​ឲ្យប្រជាជន​ចូលទស្សនា​កម្សាន្ត​កាលពីឆ្នាំមុននេះ។

សួនទឹកកម្សាន្ត ហ្គាដិនស៊ីធីវ៉តធើផាកនេះ ទទួលសិទ្ធិសាងសង់​ដោយ​ក្រុមហ៊ុន វ៉ាយ វ៉តធើ (White Water) ដែលជា​ក្រុមហ៊ុន​អន្តរជាតិ​ដ៏ល្បីល្បាញ​នៅលើពិភពលោក ផ្នែកការសាងសង់​សួនទឹកកម្សាន្ត​តែម្តង។ សួនទឹកកម្សាន្ត​នេះ សាងសង់រំលេច​ទៅតាមបែប​រចនាបថ​សម័យអង្គរ ដែលមាន​រូបអប្សរា ដំរី បាយ័ន អង្គរវត្ត លាយឡំទៅ​នឹងរចនាបថ​សម័យ​ទំនើប​មកពី​អឺរ៉ុបនិងអាមេរិក ផងដែរ។

គម្រោងសួនទឹក​កម្សាន្ដ​ ហ្គាឌិន ស៊ីធី វ៉តធើផាក ​(រូបភាព៖ ខេមបូណូមីស)

លោក​ឧកញ៉ា សេង ញ៉ក់ សង្ឃឹមថា នៅពេលដែលសួន​ទឹកកម្សាន្ត​នេះសាងសង់រួចរាល់ហើយ វាមិនត្រឹមតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុកប៉ុណ្ណោះទេ វាក៏នឹងទាក់ទាញ​ភ្ញៀវទេសចរ​ពីក្រៅប្រទេស​មកកម្សាន្ត​នៅប្រទេស​កម្ពុជាយើង​ផងដែរ។ ហើយនៅពេលនោះ អ្នករស់នៅភ្នំពេញ​និងតាមបណ្តាខេត្ត​នានាក្នុង​ប្រទេស​មិនចាំបាច់​ចំណាយ​ពេលវេលា និងថវិកាច្រើន​ដើម្បីធ្វើដំណើរ​កម្សាន្តទៅក្រៅស្រុក​នោះដែរ។

លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុននឹងធ្វើ​ឲ្យកន្លែងនេះ​ក្លាយជាចំណុច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ពោល គឺជាតំបន់​ទេសចរណ៍​ដ៏សំខាន់​សម្រាប់​រាជធានីភ្នំពេញ ក៏ដូចជា​ប្រទេស​កម្ពុជា និងអន្តរជាតិ ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការមូលនិធិអេស៊ីលីដា-ចារឌីន គ្រោង​សាងសង់ សាលារៀននៅតាមតំបន់ដាច់ស្រយាលនៅទូទាំងប្រទេស

ព័ត៌មាន
អគារសិក្សាថ្មីរបស់សាលាបឋមសិក្សាគោកសង្កែ ស្ថិតនៅភូមិគោកសង្កែ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ដោយអង្…

ក្រសួងទេសចរណ៍ នឹងចាត់វិធានការក្ដៅ ចំពោះប្រតិបត្តិករទេសចរណ៍ «រកស៊ីកាប់ភ្ញៀវ»ដោយផ្ដល់សេវាបែប Zero Package Tour

ព័ត៌មាន
ក្រសួងទេសចរណ៍ បានចាត់ទុកប្រតិបត្តិករទេសចរណ៍ផ្ដល់សេវាបែប Zero Packgage Tour ថាជាអ្នករកស៊ី«កាប់ភ្ញៀវស៊ី» និងព្រមានចាត់វិធានការយ៉ាងម៉ឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ