សេដ្ឋកិច្ចអាស៊ីនឹងកើន៥,៨%នៅឆ្នាំ២០២២

អង្គការ OECDព្យាករថា សេដ្ឋកិច្ចអាស៊ីនឹងកើន៥,៨%នៅឆ្នាំ២០២២ ប៉ុន្តែកំពុងប្រឈមនឹងហានិភ័យវិបត្តិសង្គ្រាមនៅអ៊ុយក្រែន


អង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្រមានថា សង្គ្រាមនៅអ៊ុយក្រែនបានបន្ថែមកម្រិតអតិផរណា និងហានិភ័យនៃខ្សែចង្វាក់ផ្គត់ផ្គង់ទំនិញដល់តំបន់អាស៊ីដែលកំពុងរីកចម្រើនសេដ្ឋកិច្ចឡើងវិញ ក្រោយពីបានព្យាយាមរើបខ្លួនចេញពីការធ្លាក់ចុះសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩។ យ៉ាងណាមិញ នៅឆ្នាំ២០២២ អង្គការអន្តរជាតិដដែលនេះ ក៏បានព្យាករថា សេដ្ឋកិច្ចតំបន់អាស៊ីនឹងបន្ដកើនឡើង៥,៨% ប៉ុន្ដែ នៅតែប្រឈមខ្លាំងនឹងវិបត្តិនៃសង្គ្រាមនៅអ៊ុយក្រែន។
រូបតំណាង

នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ថា អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) បាន​ព្យាករណ៍​ថា ផលិតផល​ក្នុងស្រុក​សរុប​នៅ​តំបន់​អាស៊ី​ដែល​កំពុង​រីក​ចម្រើន​ដូច​ជា​នៅ​ប្រទេស​ចិន ឥណ្ឌា និង​សមាជិក​អាស៊ាន​ទាំង ១០ នឹង​កើនឡើង​៥,៨% នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ការ​រីក​ចម្រើន​៧,៤% នៅ​ក្នុង​ឆ្នាំ​២០២១ និង បាន​ធ្លាក់​ចុះ​ដល់ ០,៨% ក្នុង​ឆ្នាំ​២០២០​។

តើ​កត្តា​អ្វីខ្លះ​ដែល​នឹង​ជំរុញ​ដល់​ការ​កើនឡើង​នៃ​សេដ្ឋកិច្ច​អាស៊ី?

កំណើនសេដ្ឋកិច្ច​អាស៊ី ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ដ​កើនឡើង ដោយសារ​កត្តា​ចម្បង​ៗ​ដូច​ជា ការ​ចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បើកទ្វារ​ព្រំដែន​ឡើង​វិញ​ពី​ប្រទេស​នៅ​ក្នុង​តំបន់​ជាដើម​។ ប៉ុន្តែ​លោក ម៉ា​ធៀ​ស ខូ​ម៉ា​ន់ (Mathias Cormann) អគ្គលេខាធិការ​អង្គការ OECD បាន​ប្រាប់​សិក្ខាសាលា​តាម​អន​ឡាញ​មួយ​ថា កំណើនសេដ្ឋកិច្ច​នេះ នៅ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ​ដោយសារ​សង្គ្រាម​ក៏​ដូច​ជា​ហានិភ័យ​នៃ​មេរោគ​ប​ម្លែ​ង​ថ្មី​កូ​វី​ដ​១៩​ជាដើម​។

លោក​បាន​និយាយ​ថា "​ប្រសិនបើ​គេ​ក្រឡេក​មើល​ផល​ប៉ះពាល់​នៃ​សង្គ្រាម គឺ​វា​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ការ​ផ្គត់ផ្គង់​នៅ​ទូ​ទាំង​ពិភពលោក ដែល​បាន​បន្ថែម​ដល់​សម្ពាធ​អតិផរណា និង​ការ​រំខាន​បណ្ដាល​មក​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​។ 

លោក ខូ​ម៉ា​ន់ បាន​បន្ថែម​ថា ការ​ប្រែប្រួល​តម្លៃ​ទំនិញ និង​ទីផ្សារ​ហិរញ្ញវត្ថុ​ចាប់តាំងពី​ការ​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​មក​ក៏​អាច​ធ្វើ​ឱ្យ​ការ​ងើប​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី ជួប​ហានិភ័យ​មួយ​ចំនួន​ផង​ដែរ​។

ថ្នាក់ដឹកនាំ​អង្គការ OECD រូប​នេះ បាន​ចង្អុលបង្ហាញ​ថា ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ក៏​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​យ៉ាង​ខ្លាំង​ទៅ​លើ​ទំនុកចិត្ត​ដែល​អាច​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់​ឯកជន និង​ការ​សម្រេចចិត្ត​វិនិយោគ​អាជីវកម្ម​។

លោក​បាន​បន្ត​ថា កំណើន​ភាព​មិន​ច្បាស់លាស់​អាច​បង្កើន​ភាព​ប្រែប្រួល នៃ​លំហូរ​មូលធន​ក្នុង​ប្រទេស​អាស៊ី និង​កន្លែង​ផ្សេង​ទៀត ដូច្នេះ​ហើយ​រដ្ឋាភិបាល​ក្នុង​តំបន់​ចាំបាច់​ត្រូវ​បន្ត​អនុវត្ត​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​រចនាសម្ព័ន្ធ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ការពារ​សេដ្ឋកិច្ច​របស់​ពួក​គេ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​អភិវឌ្ឍ​ទាំងនេះ លើ​អ្នក​ប្រើប្រាស់​និង​អាជីវកម្ម​៕

អត្ថបទ​ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្ទុះសង្គ្រាមពាក្យសម្តីនៅក្រុមប្រឹក្សាសន្តិសុខរវាងរុស្ស៊ី និងអាមេរិក ជុំវិញរឿងប្រើអាវុធគីមីនៅអ៊ុយក្រែន

ព័ត៌មាន
ភាគីរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមក ជាមួយសហរដ្ឋអាមេរិក នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពីលទ្ធភាពនៃការវាយប្រហារដោយអាវុធគីមី…

មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាព្យាករថា អតិផរណាឆ្នាំនេះនឹងកើនលើសការរំពឹងទុក ក្រោយតម្លៃប្រេងកើនខ្ពស់

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ព្យាករថា អតិផរណានៅឆ្នាំ២០២២ នឹងកើនឡើងលើសការរំពឹងទុក ដែលបានព្យាករណ៍កាលពីចុងឆ្នាំ២០២១ទៅទៀត។ ការកើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ