រហូតមកដល់ពេលនេះ កម្ពុជានៅតែមិនទាន់ទទួលបានតំណក់ប្រេងជាលើកដំបូងរបស់ខ្លួននៅឡើយនោះទេ បើទោះបីជា កន្លងមក មានក្រុមហ៊ុនមួយចំនួនអះអាងថា នឹងអាចទាញយកតំណក់ប្រេងជាលើកដំបូងក្នុងឆ្នាំនេះ ឆ្នាំនោះ រហូតថ្មីៗនេះ មានក្រុមហ៊ុនរុករកប្រេងសិង្ហបុរីមួយ ដែលមានឈ្មោះថា ក្រុមហ៊ុនគ្រីសអេនើជិ អិលធីឌី (KrisEnergy Ltd) រំពឹងសន្យាថា នឹងអាចទាញយកតំណក់ប្រេងដំបូងក្នុងចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ខាងមុខ។
ប៉ុន្តែ យ៉ាងណាក៏ដោយ យើងរង់ចាំមើលថា តើកម្ពុជា ប្រជាជនកម្ពុជា ពិតជាមានសំណាងមែនដែរ ឬយ៉ាងណា នៅពេលប្រទេសជាតិរបស់ខ្លួនទទួលបានភោគផលរ៉ែធម្មជាតិដ៏កម្រ និង មានតម្លៃបំផុតរបស់ជាតិនោះ។
ដោយឡែក ក្រឡេកមកមើលបច្ចុប្បន្នភាពឯណេះវិញ តើកម្ពុជានាំចូលប្រេងឥន្ធនៈពីក្រៅប្រទេសក្នុងមួយឆ្នាំៗ ប៉ុន្មានលានតោន និងមកពីប្រទេសណាខ្លះ?
បើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករ តាមរយៈក្រសួងរ៉ែនិងថាមពល បានបង្ហាញកាលពីពេលថ្មីៗនេះថា ក្នុងឆ្នាំ២០១៧ កន្លងទៅ ប្រទេសកម្ពុជាបាននាំចូលឧស្ម័ន អិលភីជី ក្នុងបរិមាណជាង ២២ម៉ឺនតោន ដែលភាគច្រើននាំចូលមកពីប្រទេសវៀតណាមនិងថៃ។ ដោយឡែក កម្ពុជាបាននាំចូលប្រេងឥន្ទនៈសរុបប្រមាណជាង ២លានតោននៅឆ្នាំ២០១៧ ដែលភាគច្រើនក៏នាំចូលមកពីប្រទេសថៃ វៀតណាម និងសិង្ហបុរី។
បើយោងតាមការបញ្ជាក់របស់មន្ត្រីអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែនិងថាមពល បានប្រាប់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា នៅឆ្នាំ២០១៩ ខាងមុខនេះ កម្ពុជានឹងអាចទាញយកផលប្រេងបានហើយ ហើយកម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកើតឡើងដែរ នៅពេលនោះ កម្ពុជាក៏នឹងអាចកាត់បន្ថយការនាំចូល ដោយអ្នកប្រើប្រាស់នៅកម្ពុជានឹងងាកមកប្រើប្រាស់ឧស្ម័នក្នុងស្រុកវិញ។
មន្ត្រីដដែលបានប្រាប់ឲ្យដឹងថា វិស័យដែលកំពុងប្រើប្រាស់ឧស្ម័ន អិលភីជី ច្រើនជាងគេនៅកម្ពុជា គឺ វិស័យដឹកជញ្ជូន វិស័យឧស្សាហកម្ម និងសេវាកម្ម ពីព្រោះតម្លៃឧស្ម័នទាបជាងតម្លៃប្រេងឥន្ទនៈ ធ្វើឲ្យអ្នកប្រើប្រាស់អាចសន្សំសំចៃបានច្រើន។
សូមជម្រាបផងដែរថា ក្រសួងរ៉ែនិងថាមពលជំរុញឲ្យមានការវិនិយោគលើវិស័យឧស្ម័ន ខណៈវិស័យនេះកំពុងមានសក្តានុពលខ្លាំងនៅកម្ពុជា ដែលមួយឆ្នាំៗ ការផ្គត់ផ្គង់និងតម្រូវការប្រើប្រាស់ឧស្ម័នកើនឡើងលើសពី ២០ភាគរយក្នុងឆ្នាំកន្លងទៅ។ និងភាពទាក់ទាញមួយទៀត គឺកម្ពុជា តាមរយៈក្រសួងរ៉ែនិងថាមពលក៏បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតដើម្បីជំរុញបរិយាកាសធុរកិច្ចអនុគ្រោះដល់ការវិនិយោគ។
នៅក្នុងសន្និសីទស្តីពីឧស្ម័ន អិលភីជី នៅកម្ពុជា ឆ្នាំ២០១៨ ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានលើកឡើងថា នេះវាពិតជាមានសារសំខាន់ណាស់ដែលកម្ពុជាបានបើកចំហការវិនិយោគទៅលើវិស័យឧស្ម័នដែលកំពុងមានឥទ្ធិពលទៅលើវិស័យពាណិជ្ជកម្ម ការដឹកជញ្ជូន និងឧស្សាហកម្ម។៕