ប្រេងឥន្ធនៈ

អ្នកជំនាញជឿថា តម្លៃប្រេងឥន្ធនៈនៅអាម៉េរិកនឹងហក់ឡើង ក្រោយលោក ត្រាំ ដាក់ពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដា


ក្រុមអ្នកវិភាគ និងពាណិជ្ជករប្រេងឥន្ធនៈជឿជាក់ថា អ្នកប្រើប្រាស់នៅសហរដ្ឋអាម៉េរិកនឹងឃើញតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងឥន្ធនៈនានាកើនឡើង ក្រោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសពីផែនការអនុវត្តពន្ធលើប្រេងឥន្ធនៈ ដែលនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក នៅដើមខែនេះ។ ការអនុវត្តពន្ធរបស់សហរដ្ឋអាម៉េរិកនេះ ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មប្រេងនៅក្នុងប្រទេសទាំងពីរនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ប្រេងឥន្ធនៈ
ដោយ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន បានបញ្ជាឱ្យយកពន្ធ២៥% លើការនាំចូលទំនិញសព្វសារពើពីប្រទេសកាណាដា និងម៉ិកស៊ិក និង១០% លើទំនិញនាំចូលពីប្រទេសចិន ដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃអង្គារ សប្ដាហ៍នេះតទៅ ប៉ុន្តែមន្ត្រីអាម៉េរិក បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ផលិតផលថាមពលពីប្រទេសកាណាដានឹងជាប់ពន្ធត្រឹមតែ១០% ប៉ុណ្ណោះ ប៉ុន្តែការនាំចូលថាមពលពីម៉ិកស៊ិកនឹងជាប់ពន្ធពេញថ្លៃ២៥% តែម្ដង។

សហរដ្ឋអាម៉េរិក បាននាំចូលប្រេងឆៅពីប្រទេសកាណាដា ប្រហែល៤លានធុងបារ៉ែលក្នុងមួយថ្ងៃដោយក្នុងនោះ៧០% ត្រូវបានកែច្នៃដោយក្រុមហ៊ុនចម្រាញ់ប្រេងអាម៉េរិក នៅតំបន់ Midwest នៅសហរដ្ឋអាម៉េរិក និងបាននាំចូលប្រេងឆៅពីប្រទេសម៉ិកស៊ិកជាង៤៥ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃដោយភាគច្រើនសម្រាប់អ្នកចម្រាញ់ដែលប្រមូលផ្តុំនៅជុំវិញតំបន់ឆ្នេរសមុទ្រសហរដ្ឋអាម៉េរិក។

ក្រុមអ្នកវិភាគយល់ឃើញថា ការយកពន្ធរបស់លោក ត្រាំ នេះនឹងបង្កើនតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងឥន្ធនៈ ដែលទំនងជាឆ្លុះបញ្ចាំងពីកម្រិតទ្វេដងនៃការការពារពាណិជ្ជកម្មរបស់លោក ត្រាំ ដើម្បីជំរុញអាជីវកម្មក្នុងស្រុក និងដាក់សម្ពាធដល់ប្រទេសជិតខាងរបស់ខ្លួនឱ្យទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការរត់ពន្ធគ្រឿងញៀន ប៉ុន្តែវានឹងដើរផ្ទុយពីការសន្យារបស់លោកក្នុងការដោះស្រាយបញ្ហាអតិផរណានៅក្នុងប្រទេស។

ពន្ធលើការនាំចូលថាមពលនេះ មានន័យថា ក្រុមហ៊ុនចម្រាញ់ប្រេងនឹងត្រូវបង្កើនចំណាយថ្លៃដើមថែមទៀតសម្រាប់ផលិតផលប្រេងឥន្ធនៈសម្រេចមួយចំនួនដូចជា ប្រេងសាំង និងប្រេង ម៉ាស៊ូត ជាដើម ដែលភាគច្រើនទំនងជាត្រូវបញ្ជូនទៅឱ្យអ្នកប្រើប្រាស់នៅសហរដ្ឋអាម៉េរិក។

លោក ផេទ្រីក ដឺហាន (Patrick De Haan) អ្នកវិភាគនៅក្រុមហ៊ុន GasBuddy បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោករំពឹងថា តម្លៃប្រេងឥន្ធនៈនឹងកើនឡើងគួរឱ្យកត់សម្គាល់ ប្រសិនបើប្រេង និងផលិតផលចម្រាញ់មិនត្រូវបានលើកលែងពន្ធទេនោះ ហើយផលប៉ះពាល់ដល់អ្នកប្រើប្រាស់នឹងកាន់តែអាក្រក់ថែមទៀតនៅពេលដែលពន្ធអូសបន្លាយពេលកាន់តែយូរ។

សមាគមក្រុមហ៊ុនផលិតប្រេងឥន្ធនៈ និងគីមីឥន្ធនៈអាម៉េរិក ដែលតំណាងឱ្យក្រុមហ៊ុនចម្រាញ់ប្រេងទាំងមូលនៅសហរដ្ឋអាម៉េរិក បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេសង្ឃឹមថា ពន្ធនេះនឹងត្រូវបានដកចេញវិញមុនពេលអ្នកប្រើប្រាស់ចាប់ផ្តើមមានអារម្មណ៍ថា មានផលប៉ះពាល់៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តម្លៃ និងការលក់លំនៅឋាននៅប្រទេសចិន បានធ្លាក់ចុះបន្ថែមទៀតនៅខែមករា កន្លងទៅនេះ

របាយការណ៍មួយដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការលក់ និងតម្លៃទីផ្សារអចលនទ្រព្យនៅប្រទេសចិន បានធ្លាក់ចុះដូចគ្នាកាលពីខែមករា កន្លង…

តើអាស៊ីអាគ្នេយ៍គួរឆ្លើយតបយ៉ាងណាចំពោះបញ្ហាសម្ពាធពន្ធរបស់លោក ដូណាល់ ត្រាំ?

នៅក្នុងចំណោមបណ្តាប្រទេសទាំង១០នៅអាស៊ាន មានប្រទេសតិចបំផុត ដែលសហរដ្ឋអាម៉េរិក មានអតិរេកពាណិជ្ជកម្មជាមួយ។ ប្រសិនបើលោក ដូណាល់ ត្រាំ យកបញ្ហាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ