ទិន្នន័យពីរដ្ឋបាលទូទៅនៃពន្ធគយចិន បានបង្ហាញថា ចិនបាននាំចូលប្រេងឆៅរហូតដល់ជាង៦លានតោនកាលពីខែកញ្ញា ដែលស្មើនឹងជាង១លានធុងបារ៉ែលក្នុងមួយថ្ងៃមកពីម៉ាឡេស៊ី ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនប្រេងដ៏សំខាន់មកពីប្រទេសអ៊ីរ៉ង់ និងវេណេស៊ុយអេឡា ខណៈដែលកាលពីខែសីហា ចិនបាននាំចូលប្រេងពីម៉ាឡេស៊ី ជិត២លានធុងបារ៉ែលក្នុងមួយថ្ងៃ។
សម្រាប់រយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះវិញ ការនាំចូលប្រេងរបស់ចិន មកពីម៉ាឡេស៊ី បានកើនឡើង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដោយឡើងដល់ជាង៤៩លានតោន។ ជាមួយគ្នានេះ ចិនក៏បានបង្កើនការនាំចូលប្រេង១៣% មកពីប្រទេសអារ៉ាប៊ីសាអូឌីត កាលពីខែកញ្ញា ផងដែរ ដោយឡើងដល់ជាង៧លានតោន ឬជិត២លានធុងបារ៉ែលក្នុង១ថ្ងៃ។
ទោះជាយ៉ាងណា ការនាំចូលប្រេងឆៅសរុបរបស់ប្រទេសចិន កាលពីខែកញ្ញា បានធ្លាក់ចុះ០.៦% ដែលជាការធ្លាក់ចុះលើកទី៦ជាប់ៗគ្នា។ ទន្ទឹមនេះ គេព្រួយបារម្ភថា តម្លៃប្រេងឆៅអាចនឹងកើនឡើងដល់ជាង១០០ដុល្លារ ក្នុង១ធុងបារ៉ែល ទោះបីជាតម្រូវការបានធ្លាក់ចុះដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ា ដែលកំពុងគំរាមកំហែងដល់តំបន់អាស៊ី ដែលជាអ្នកនាំចូលប្រេងសុទ្ធដ៏ច្រើនបំផុតនៅក្នុងពិភពលោកក៏ដោយ។
កាលពីដើមខែតុលា នេះ ប្រទេសអ៊ីរ៉ង់ បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើទឹកដីអ៊ីស្រាអែល ហើយគេរំពឹងថា អ៊ីស្រាអែលអាចនឹងវាយប្រហារសងសឹកវិញ ដោយសំដៅទៅរកហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ប្រទេសអ៊ីរ៉ង់ និងអាចឈានដល់ការបិទច្រកសមុទ្រហូមូស ដែលជាច្រកដឹកប្រេងរហូតដល់៧០% ទៅកាន់តំបន់អាស៊ី ដែលអាចជំរុញឱ្យតម្លៃប្រេងហក់ឡើងខ្ពស់នាពេលខាងមុខ៕
អត្ថបទ៖ សុខ មង្គល