ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍គ្រោងដាក់សំណើរជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់សម្រាប់ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ក្រោយអាកាសយានដ្ឋានសៀមរាប-អង្គរថ្មីដាក់ឲ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។ គម្រោងដាក់សំណើរនេះ ធ្វើឡើងក្រោយថ្នាក់ដឹកនាំរូបនេះមើលឃើញថា បច្ចុប្បន្នខេត្តសៀមរាបមិនទាន់មានសាលសន្និសីទ និងកន្លែងសម្រាប់រៀបចំពិព័រណ៍អន្តរជាតិធំៗនៅឡើយទេ ដូចជាពិព័រណ៍ទេសចរណ៍អន្តរ និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងពិព័រណ៍ផ្សេងៗទៀត។ ការគ្រោងដាក់សំណើរជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនេះ ធ្វើឡើងតមតាមការស្នើសុំរបស់សមាជិកសមាជិការនៃអង្គសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ក្នុងឆមាសទី២ ឆ្នាំ២០២២ និងឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣-២០២៤ កាលពីពេលថ្មីៗ។
ជាមួយគ្នានេះ ឯកឧត្តម ថោង ខុន ក៏បានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងក្បែរអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ឬទីតាំងសមស្របណាមួយនៅក្នុងខេត្តសៀមរាបផងដែរ។ ការផ្តល់អនុសាសន៍បែបនេះធ្វើឡើងក្រោយឯកឧត្តមមើលឃើញថា ខេត្តសៀមរាបនៅមិនទាន់មានហុកីឡដ្ឋានសមរម្យនៅឡើយសម្រាប់បម្រើឲ្យការអភិវឌ្ឍនូវវិស័យកីឡា និងវិស័យទេសចរណ៍។ សម្រាប់ឯកឧត្តម ថោង ខុន ប្រសិនជាមានហេដ្ឋារចនាសម្ព័ន្ធកីឡាសមរម្យមួយ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាផ្សេងៗ នោះវានឹងជួយជំរុញ ក៏ដូចជាទាក់ទាញសកម្មភាពទេសចរណ៍ និងភ្ញៀវទេសចរឲ្យមកកាន់គោលដៅទេសចរណ៍ខេត្តសៀមរាបកាន់តែច្រើនផងដែរ។
សូមជម្រាបថា បើគ្មានការប្រែប្រួលទេ តាមការគ្រោងទុក អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងបើកឲ្យដំណើរការជាផ្លូវការនៅអំឡុងពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ ខណៈគិតត្រឹមដំណាច់ខែឧសភា ការសាងសង់ព្រលានយន្តហោះនេះសម្រេចបានជាង៩៦%ហើយ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន AIAI លើផ្ទៃដីប្រមាណ៧០០ហិកតា ដែលមានដីបម្រុងទុក១ពាន់ហិកតា ដោយគ្រោងចំណាយទុនវិនិយោគប្រមាណ១ពាន់១រយលានដុល្លារ ជាមួយរយៈពេលសាងសង់៣ឆ្នាំក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល៥៥ឆ្នាំ៕