លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ កត់សម្គាល់ឃើញថា ជម្លោះរវាងកម្ពុជា និងថៃ កាន់តែមានភាពស្មុគស្មញដោយសារភាគីថៃ នៅតែបង្កហេតុ និងបង្កើតលេសផ្សេងៗដើម្បីគេចវេះពីការដោះស្រាយជម្លោះដោយសន្តិវិធី។ សម្រាប់លោកបណ្ឌិត នៅក្នុងស្ថានការណ៍ដ៏ផុយស្រួយនេះ កម្ពុជា ត្រូវប្រកាន់យកនូវច្បាប់អន្តរជាតិ តាមរយៈការធ្វើសកម្មភាពការទូតឱ្យបានខ្លាំង និងការបន្តលើកឡើងចំពោះសកម្មភាពឈ្លានពានរបស់ថៃ ក្នុងវេទិកាអន្តរជាតិ ខណៈការតបតដោយប្រើប្រាស់កងកម្លាំងអាចធ្វើឡើងក្នុងលក្ខខណ្ឌចាំបាច់នានា។ បន្ថែមពីនេះ លោកបណ្ឌិត យង់ ពៅ លើកឡើងថា កម្ពុជា ត្រូវពង្រឹងការឯកភាពជាតិ និងសមត្ថភាពការពារជាតិ ព្រមទាំងការកែទម្រង់គ្រប់វិស័យ ដើម្បីធានាសណ្ដាប់ធ្នាប់សង្គមជាដើម។
ដោយឡែក លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម កត់សម្គាល់ឃើញថា ភាពតានតឹងនៅតាមព្រំដែន តែងកើតឡើងស្របពេលដែលថៃ ជួបប្រទះបញ្ហាផ្ទៃក្នុង។ ស្ថិតក្នុងស្ថានការណ៍ដ៏ផុយស្រួយនេះ អ្នកជំនាញរូបនេះយល់ថា កម្ពុជា ត្រូវបន្តរក្សាជំហរឱ្យបានច្បាស់លាស់ដោយប្រកាន់យកយន្តការច្បាប់អន្តរជាតិ ជាគោល ទោះបីជាថៃ ដាក់សម្ពាធឱ្យបញ្ឈប់នីតិវិធីផ្សះផ្សាដោយបង្ខំក៏ដោយ។
គួរបញ្ជាក់ថា ថ្មីៗនេះនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានដាក់លក្ខខណ្ឌមួយចំនួន និងព្រមានបញ្ឈប់ការចរចាទ្វេភាគី ប្រសិនបើកម្ពុជា បន្តដំណើរការនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ។ ការព្រមាននេះធ្វើឡើងស្របពេលគណៈប្រតិភូកម្ពុជា និងថៃ កំពុងជួបប្រជុំគ្នាលើកទី៣នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រ៕
អត្ថបទ៖ បូ ដូឡា