លោកស្រីវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា ប្រសិនបើយើងទាំងអស់គ្នាត្រៀមខ្លួនរួចរាល់សម្រាប់ការកើនឡើងនូវករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ នោះយើងទាំងអស់គ្នានឹងអាចកាត់បន្ថយការឆ្លងរាលដាលនៅក្នុងសហគមន៍បាន។ ជាមួយគ្នានេះ ការអនុវត្តតាមគោលការណ៍ណែនាំនានា ក៏នឹងអាចជួយគ្នាក្នុងការបើកដំណើរការសេដ្ឋកិច្ចកម្ពុជាឡើងវិញប្រកបដោយសុវត្ថិភាព និងនិរន្ដរភាពផងដែរ។
ការអំពាវនាវរបស់តំណាងអង្គការសុខភាពពិភពលោកនេះ ធ្វើឡើងនៅគ្រាដែលករណីឆ្លងកូវីដ១៩ អូមីក្រុងកំពុងអុកឡុកកម្ពុជាកាន់តែខ្លាំង ដោយនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីឆ្លងប្រចាំថ្ងៃបានកើនឡើងតួលេខ៣ខ្ទង់ ហើយករណីស្លាប់បាត់បង់ជីវិតក៏ចាប់ផ្ដើមកើតមានឡើងវិញផងដែរ ក្រោយពីបានស្ងប់ស្ងាត់អស់ជាច្រើនខែមក។
មន្ត្រីនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកជំទាវ ឱ វណ្ណឌីន ក៏បានចេញមកព្រមានផងដែរថា ករណីឆ្លងប្រចាំថ្ងៃ អាចនឹងហក់ឡើងដល់តួលេខ៤ខ្ទង់នៅពេលឆាប់ខាងមុខនេះ ប្រសិនបើពលរដ្ឋខ្វះការអនុវត្តវិធានការបីកុំ បីការពារឲ្យបានខ្ជាប់ខ្ជួន។
ដើម្បីកាត់បន្ថយការចម្លងនៃមេរោគកូវីដ-១៩ និងករណីជំងឺធ្ងន់ធ្ងរ អង្គការសុខភាពពិភពលោក ក៏បានផ្តល់អានុសាសន៍ឱ្យអនុវត្តយុទ្ធសាស្ត្រសំខាន់ចំនួន៥រួមបញ្ចូលគ្នា។ យុទ្ធសាស្ត្រទាំង៥នោះ គឺស្របតាមយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងឆ្លុះបញ្ចាំងពីការរៀនរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីជាមួយនឹងវត្តមានមេរោគកូវីដ-១៩។ យុទ្ធសាស្ត្រទាំង៥នោះរួមមាន៖ ទី១ គឺវ៉ាក់សាំង និងការចាក់វ៉ាក់សាំង, ទី២គឺវិធានការសុខភាពសាធារណៈនិងសង្គម, ទី៣ គឺការផ្តល់សេវាថែទាំសុខភាពសមស្របឱ្យចំអ្នកជំងឺ និងចំកន្លែងព្យាបាល, ទី៤ គឺការរកឃើញករណីបានឆាប់រហ័ស និងការឆ្លើយតបចំគោលដៅ, និងទី៥ គឺអភិក្រមដោយផ្អែកលើហានិភ័យ សម្រាប់វិធានការគ្រប់គ្រងព្រំដែន និងការធ្វើដំណើរអន្តរជាតិ។
សូមបញ្ជាក់ថា ស្របពេលដែល កូវីដ១៩ ប្រភេទអូមីក្រុង កំពុងបន្ដរីករាលដាលកាន់តែខ្លាំង ក្រសួងសុខាភិបាលក៏បាននិងកំពុងជំរុញបន្ថែមលើការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ដល់ក្រុមមនុស្សចាប់ពីអាយុ៣ឆ្នាំឡើងទៅផងដែរ។
របាយការណ៍ពីក្រសួងសុខាភិបាលបង្ហាញធា កំណើនអត្រានៃការចាក់វ៉ាក់សាំងនៅកម្ពុជា មកទល់ពេលនេះ សម្រាប់ការចាក់ជូនប្រជាជនចាប់ពីអាយុលើសពី១៨ឆ្នាំឡើងទៅសម្រេចបានជាង១០០% នៃផែនការ១០លានរួចហើយ ខណៈដែលក្រសួងក៏កំពុងជំរុញការចាក់វ៉ាក់សាំងសម្រាប់ក្មេងៗចាប់ពីអាយុ៣ឆ្នាំឡើងទៅផង។ ជាលទ្ធផលមកទល់ពេលនេះ បើធ្វើការប្រៀបធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងប្រមាណ ៩០%ហើយ៕