ការប្ដេជ្ញាចិត្តរបស់ជប៉ុនចំពោះកម្ពុជា

តើជប៉ុនប្តេជ្ញាចិត្តសំខាន់ៗអ្វីខ្លះ ដើម្បីបន្ដជួយដល់កម្ពុជានៅឆ្នាំ២០២២?


នៅក្នុជំនួបពិភាក្សាការងារជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ខែសីហា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងពីការប្តេជ្ញាចិត្តជាច្រើន ក្នុងការជួយគាំទ្រដល់ប្រទេសកម្ពុជានៅក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ក្នុងនោះ ជប៉ុនក៏បានសន្យាជួយគាំទ្រកម្ពុជាឲ្យទទួលជោគជ័យលើការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ខាងមុខនេះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា

ប្រទេសជប៉ុនបានបង្ហាញជំហរយ៉ាងមុតមាំ ក្នុងការជួយគាំទ្រកម្ពុជាលើកកម្ពស់គុណភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុឲ្យក្លាយជាកំពង់ផែស្នូលសម្រាប់ការលើកដាក់ និងផ្ទេរទំនិញដ៏សំខាន់របស់កម្ពុជា។ បន្ថែមលើនេះ ជប៉ុន ក៏សន្យាជួយកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ រួមទាំងផ្តល់ជំនួយផ្សេងៗដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ។ ជាមួយគ្នានេះ ជប៉ុន នឹងបញ្ជូននាវាស្វ័យការពារជើងទឹកមកកម្ពុជា ដើម្បីអបអរខួប៣០ឆ្នាំនៃប្រតិបត្តិការរក្សាសន្តិភាពដែលនឹងឈានចូលមកដល់នៅឆ្នាំ២០២២ ខាងមុខនេះ។ ទាំងនេះ គឺជាការបេជ្ញាចិត្តរបស់ប្រទេសជប៉ុនសម្រាប់កម្ពុជា ដែលត្រូវបានលើកឡើងដោយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានៅក្នុងជំនួបពិភាក្សាការងារ ជាមួយនឹងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២៨ ខែធ្នូឆ្នាំ២០២១។

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាឯកឧត្តម Masahiro Mikami បង្ហាញពីជំហររបស់ជប៉ុនក្នុងការជួយកម្ពុជា ដើម្បីលើកកម្ពស់គុណភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុឲ្យក្លាយជាកំពង់ស្នូលសម្រាប់កម្ពុជា ក្នុងការលើកដាក់ និងផ្ទេរទំនិញផ្សេងៗ។ ការបង្ហាញជំហរបែបនេះធ្វើឡើងពេល ឯកឧត្តម ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នាភូមិគ្រឹះសម្តេចក្រុងតាខ្មៅ។

ជាក់ស្តែងកាលពីពេលកន្លងទៅ ជប៉ុន បានផ្តល់ហិរញ្ញប្បទានជាង២០០លានដុល្លារដល់កម្ពុជា ដើម្បីពង្រីកទំហំចរាចរណ៍ និងលើកកម្ពស់គុណភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ។ បើតាមផែនការអភិវឌ្ឍន៍ឆ្នាំ២០២០-២០៣០ ការពង្រីកកំពង់ផែក្រុងព្រះសីហនុគ្រោងធ្វើឡើង៥ជំហាន ដោយជំហានទី១ គ្រោងបញ្ចប់នៅឆ្នាំ២០២៣ មានជម្រៅ១៤,៥ម៉ែត្រ ដែលអាចឲ្យនាវាផ្ទុកកុងតឺន័រខ្នាតធំៗចំណុះដល់៦ម៉ឺនតោនអាចចូលចតបាន។ ចំណែកជំហានទី២ និងទី៣មានជម្រៅ១៦ម៉ែត្រ និង១៧,៥ម៉ែត្រ ខណៈអង្គការ JICA កំពុងសិក្សាលើជំហានទាំងនេះ។ ជាមួយគ្នានេះជំហានទី៤ និងទី៥ គ្រោងពង្រីកដល់ជម្រៅ១៨,៥ម៉ែត្រ និង១៩ម៉ែត្រ។

ទន្ទឹមនឹងបង្ហាញការប្តេជ្ញាក្នុងការជួយលើកកម្ពស់គុណភាពកំពង់ផែក្រុងព្រះសីហនុឯកឧត្តម Masahiro Mikami ក៏បានបង្ហាញជំហរជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់ជំនួយជាថវិកា វ៉ាក់សាំង និងបរិក្ខាផ្សេងៗផងដែរ។ លើសពីនេះ ជប៉ុន សន្យាផ្តល់កិច្ចសហប្រតិបត្តិការក្នុងការជួយកម្ពុជាឲ្យទទួលបានជោគជ័យពេលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខ។

ទាក់ទងនឹងវិស័យការពារជាតិ ឯកឧត្តម Masahiro Mikami បានជម្រាបជូនសម្តេចតេជោថា ឆ្នាំ២០២២ គឺជាខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) ហើយជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា ហើយក៏នឹងអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនផងដែរ។ ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះសំណើរនេះ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់វ៉ាក់សាំង និងជំនួយផ្សេងៗដល់កម្ពុជាក្នុងការទប់ស្កាត់ និងបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ហើយ សម្ដេច ក៏បានអរគុណជប៉ុនចំពោះការផ្ដល់ជារថយន្ត សម្ភារៈ កិច្ចសហប្រតិបត្តិការ ក៏ដូចជាការគាំទ្រដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបាននូវភាពជោគជ័យនៃកិច្ចប្រជុំអាស៊ាននាពេលខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្រ្តីជំនាញ ពន្យល់ពីបញ្ហា ដែលអ្នកចិញ្ចឹមមាន់ខ្លះកំពុងជួបបញ្ហាទីផ្សារធ្ងន់ធ្ងរ

ព័ត៌មាន
ក្រោយពីក្រុមអ្នកចិញ្ចឹមមាន់សាច់ បាននាំគ្នារអ៊ូរទាំពីតម្លៃមាន់សាច់ធ្លាក់ចុះដែលធ្វើឲ្យពួកគេប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរនោះ ក្រុមអ្នកជំនាញ និងម…

ឥណ្ឌូនេស៊ីកំពុងប្រឈមមុខជាមួយចិនខ្លាំងជាងគេ ក្នុងជម្លោះសមុទ្រចិនខាងត្បូង

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេមើលឃើញថា ហាក់កំពុងប្រឈមមុខខ្លាំងជាងគេ ជាមួយប្រទេសចិន នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ជាក់ស្ដែង រដ្ឋាភិបាលចិន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ