ទន្ទឹមនេះ អ្នកជំនាញយល់ថា ដើម្បីឱ្យវិធានការនេះមានប្រសិទ្ធភាពចាំបាច់ត្រូវមានការតាមដាន និងពង្រឹងច្បាប់ពិន័យឱ្យបានម៉ឺងម៉ាត់បំផុត។លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយបានសម្តែងការសាទរយ៉ាងខ្លាំង ដែល រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ឈប់ឱ្យមានការផ្តល់រង្វាន់តាមក្រវិលកំប៉ុង និងគម្របដបស្រាបៀរ និងភេសជ្ជសៈមានជាតិស្ករ ពិសេសភេសជ្ជៈប៉ូវកម្លាំងនៅកម្ពុជាតទៅទៀត។
អ្នកជំនាញរូបនេះបានចាត់ទុកវិធានការដ៏មានសារៈសំខាន់នេះ នឹងចូលរួមកាត់បន្ថយការទាក់ទាញឱ្យសាកល្បង ឬសេពគ្រឿងស្រវឹង និងភេសជ្ជៈទាំងនេះបានកាន់តែមានប្រសិទ្ធភាព និងជួយលើកកម្ពស់សុខភាពសាធារណៈ ជាពិសេសសម្រាប់យុវវ័យតែម្តង។ តែទោះជាយ៉ាងណា លោកបណ្ឌិតយល់ថា រដ្ឋាភិបាលត្រូវតែមានការតាមដាន និងដាក់ចេញវិធានការឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពនៃកាងអនុវត្តវិធានការនេះ។ អ្នកជំនាញរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា កម្ពុជាក៏ល្មមដល់ពេលបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈទាំងនេះផងដែរ។
ជាមួយគ្នានេះលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ប្រសិនបើវិធានការដែលរដ្ឋាភិបាលបានដាក់ចេញនេះ អនុវត្តបានដោយតម្លាភាព និងមានប្រសិទ្ធនោះ វានឹងផ្តល់ប្រយោជន៍យ៉ាងធំធេងដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា។ អ្នកជំនាញរូបនេះយល់ឃើញថា ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏គួរបង្កើនការត្រួតពិនត្យស្តង់ដារគុណភាពលើផលិតគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករទាំងនេះបន្ថែមផងដែរ ដើម្បីធានាថា មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏ត្រូវបង្កើនការអប់រំផ្សព្វផ្សាយបន្ថែមអំពីផលប៉ះពាល់ នៃការទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមដល់សាធារណៈជនឱ្យបានកាន់តែទូលំទូលាយផងដែរ។
គួរជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២៩ ខែមិថុនា បានចេញសេចក្តីណែនាំឱ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករបញ្ឈប់ការផ្តល់ និងប្តូររង្វាន់ដល់អតិថិជនត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។ ទន្ទឹមនេះ ក្រសួងសេដ្ឋកិច្ច មិនអនុញ្ញាតឱ្យមានការចែកចាយ ឬផ្តល់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដោយឥតគិតថ្លៃនោះដែរ។ ជាមួយគ្នានេះ គ្រប់សហគ្រាសទាំងអស់ រួមទាំងសហគ្រាសផលិត និងអ្នកចែកចាយបន្តត្រូវបញ្ឈប់រាល់ការបញ្ជាទិញ នាំចូល ឬ ផលិតថ្មីនូវក្រវិលកំប៉ុង គម្របដប ឬសំបកវេចខ្ចប់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដែលមានរង្វាន់ ឬដាក់រង្វាន់ក្នុងកេសផលិតផលទាំងនោះបន្តទៀត ចាប់ពីថ្ងៃចេញសេចក្ដីណែនាំនេះតទៅ៕