លោក សាយ ពន្លឺចិត្តៈករុណា ម្ចាស់កសិដ្ឋាន និងសិប្បកម្មផលិតទឹកម្នាស់ដាំម្នាស់នៅខេត្តស្ទឹងត្រែង(Sweet Royal Pineapple) បានប្រាប់ក្រុមការងារខេមបូណូមីសថា បច្ចុប្បន្ននេះ លោកកំពុងតែមមាញឹកក្នុងដាំម្នាស់ទឹកឃ្មុំ ព្រោះថា ឆ្នាំនេះគាត់ដាំបានច្រើនជាងមុន ដោយសារតែទើបតែទទួលប្រាក់កម្ចីពីធនាគារឯកជន។ លោកបន្ថែមថា លោកធ្លាប់ទៅរកកម្ចីពីធនាគាររដ្ឋដែរ ប៉ុន្ដែមិនអាចទទួលបាន ដោយសារតែកាលនោះ ខាងធនាគារថា ទ្រព្យបញ្ចាំរបស់លោកមានតិចពេក។
ម្ចាស់កសិដ្ឋាន និងសិប្បកម្មផលិតទឹកម្នាស់ដាំម្នាស់នៅខេត្តស្ទឹងត្រែងរូបនេះ បានបន្ថែមថា ការដាំម្នាស់នៅឆ្នាំនេះ មានចំនួនច្រើន តែងាយស្រួល និងលឿនជាងមុន ដោយសារតែលោកប្រើប្រាស់បច្ចេកទេសទំនើបជាងមុនដែរ។
បើតាមការប្តេជ្ញាចិត្ត ពីអតីតនិស្សិតសាកលវិទ្យាល័យកសិកម្មចំការដូងរូបនេះ នៅរយៈពេល២ឆ្នាំខាងមុខ លោកនឹងពង្រីកការដាំដុះម្នាស់ទឹកឃ្មុំនេះ ឲ្យដល់៣លានដើម។
លោក ករុណា អះអាងថា ដើម្បីអាចបំពេញតម្រូវការទីផ្សារបានឲ្យទៀងទាត់ជាប្រចាំនោះ លោកត្រូវការដើមទុនប្រមាណពី ១លានដុល្លារ ទៅ១លាន៥សែនដុលារ ដើម្បីរៀបចំជារោងចក្រផលិតទឹកម្នាស់ និងដាំម្នាស់នៅលើផ្ទៃដី ២០ហិកតា ដែលអាចផលិតទឹកម្នាស់បានប្រមាណជា ២ម៉ឺនទៅ ៣ម៉ឺនដបក្នុងមួយថ្ងៃ ហើយអាចផលិតបានពេញមួយឆ្នាំតែម្តង។
ប៉ុន្តែ បច្ចុប្បន្ននេះ សិប្បកម្មរបស់អាចមានសមត្ថភាពផលិតទឹកម្នាស់បានត្រឹមតែប្រហែល១ពាន់ដបប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលក្នុងមួយឆ្នាំ សិប្បកម្មអាចដំណើរការបានត្រឹមតែ៦ខែ ខណៈកសិដ្ឋានដាំម្នាស់ទឹកឃ្មុំមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់នៅឡើយនោះទេ។
សូមជម្រាបថា រហូតមកទល់នឹងសព្វថ្ងៃ ការលក់ផ្លែម្នាស់ទឹកឃ្មុំស្រស់មានតិចតួចទេ ដោយសារម្នាស់ជាច្រើនត្រូវប្រមូលយកមកផលិតជាទឹកម្នាស់វិញទើបអាចបំពេញតម្រូវការទីផ្សារបាន ដោយទីផ្សារសម្រាប់ទឹកម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែង រួមមាន ក្នុងខេត្តស្ទឹងត្រែងផ្ទាល់ ខេត្តសៀមរាប រាជធានីភ្នំពេញ និងក្រុងព្រះសីហនុជាដើម៕