នៅលើទំព័រហ្វេសប៊ុករបស់លោកថ្មីៗនេះ លោកបណ្ឌិត យ៉ាង សាំងកុមារ សរសេរថា «យុវជនមួយក្រុមត្រៀមខ្លួនទៅហាត់ដាំស្លឹកគ្រៃលក់ឲ្យបានយ៉ាងតិចបំផុត ២០០គីឡូក្រាម ក្នុងមួយថ្ងៃ»
លោកបណ្ឌិតមានប្រសាសន៍ថា៖ «យើងត្រូវការធនធានមនុស្សដូចក្រុមគាត់ យ៉ាងតិចបំផុត ១០០០នាក់ដើម្បីអភិវឌ្ឍកម្ពុជាក្លាយជាប្រទេសឈានមុខខាងកសិកម្មសរីរាង្គ»។
យោងតាមលោកបណ្ឌិត យ៉ង សាំងកុមារ សព្វថ្ងៃ លោកកំពុងដឹកនាំបង្ហាត់ជំនាញកសិពាណិជ្ជកម្មដល់យុវជន ៣ក្រុម ដោយរួមមានក្រុមខ្ទឹមស្លឹក ក្រុមត្រឡាច និងក្រុមអូក្រា (ពោតបារាំង) ហើយរយៈពេលបង្ហាត់ គឺយ៉ាងហោចណាស់ ៦ខែ។
ប្រទេសកម្ពុជាត្រូវគេរាយការណ៍ថា មានតម្រូវការបន្លែក្នុងមួយឆ្នាំៗ ជិត ១លានតោន ប៉ុន្តែ កម្ពុជាអាចដាំដុះផ្គត់ផ្គង់តម្រូវការនេះដោយខ្លួនឯង បានតែប្រមាណ ៤០%ប៉ុណ្ណោះ ក្រៅពីនោះ គឺនាំចូលពីប្រទេសវៀតណាម ថៃ និងខ្លះទៀត មកពីប្រទេសចិន ក៏មានដែរ។
របាយការណ៍ក៏បានបង្ហាញដែរថា សូម្បីស្លឹកគ្រៃដែលប្រជាជនកម្ពុជាតែងដាំនៅក្បែររបងផ្ទះ ក៏ត្រូវបាននាំចូលរាប់សិបតោន ពីប្រទេសជិតខាងដែរ។
នៅក្នុងសំណេរលើទំព័រហ្វេសប៊ុកមួយទៀត លោកបណ្ឌិត យ៉ង សាំងកុមារ ឲ្យដឹងថា នៅផ្សារឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលជាប់នឹងប្រទេសវៀតណាម ក្នុងមួយថ្ងៃ ខ្មែរយើងនាំស្លឹកគ្រៃប្រហែល ៧០គីឡូក្រាម ពីប្រទេសវៀតណាម មកលក់។
លោកបន្តថា លោកកំពុងជួយគាំទ្រអ្នកស្រុកបាភ្នំ ដាំស្លឹកគ្រៃ និងចេកផ្គត់ផ្គង់មកទីផ្សារឈើកាច់ ដោយលោកថា ការផលិតនៅមូលដ្ឋានផ្គត់ផ្គង់មកទីផ្សារមូលដ្ឋាន ជួយដល់ការងារ និងសេដ្ឋកិច្ចមូលដ្ឋាន៕