គណៈកម្មាធិការស៊ើបអង្កេតសភាអូស្ត្រាលីបានធ្វើការណែនាំចំនួន៣១ចំណុច អំពីរបៀបដែលការលេងល្បែងអនឡាញ បាននិងកំពុងផ្លាស់ប្តូរវប្បធម៌កីឡានៅក្នុងប្រទេស។ គណៈកម្មាធិកាដដែលឱ្យដឹងថា វាគួរតែត្រូវបានគ្រប់គ្រង និងមានការគាំពារប្រជាជនអូស្ត្រាលីដែលកំពុងតស៊ូជាមួយនឹងការញៀនល្បែងអនឡាញ។
លោកស្រី ប៉េតា ម៉ូហ្វី (Peta Murphy) ប្រធានគណៈកម្មាធិការស៊ើបអង្កេតសភា បាននិយាយក្នុងរបាយការណ៍ក្រោមចំណងជើង«អ្នកឈ្នះបានខ្លះ តែចាញ់ច្រើន»ថា ប្រជាជនអូស្ត្រាលីចំណាយលើសពីពលរដ្ឋនៃប្រទេសផ្សេងៗទៀតលើល្បែងស៊ីសងអនឡាញ។ លោកស្រីថា ទំនោរនេះកំពុងបង្កការខូចខាតនៅក្នុងសហគមន៍អូស្ត្រាលី។
ក្រុមហ៊ុនល្បែងអនឡាញផ្សាយពាណិជ្ជកម្មដោយចេតនា និងដោយប្រើយុទ្ធសាស្ត្រភ្ជាប់ជាមួយនឹងកីឡា ដែលបានធ្វើឱ្យល្បែងប្រភេទនេះមានលក្ខណៈធម្មតា ជាសកម្មភាពសប្បាយនិងគ្មានការបង្កគ្រោះថ្នាក់។ ស្របពេលជាមួយគ្នា យុវជនអូស្ត្រាលីជំនាន់ថ្មីចាត់ទុកការលេងល្បែងស៊ីសងនិងការលេងកីឡាថាមានទំនាក់ទំនងគ្នាដែលមិនអាចកាត់ផ្ដាច់បាន។ នេះបើយោងតាមលោកស្រី ម៉ូហ្វី ដែលបានបញ្ជាក់បន្ថែមថា និន្នាការនេះកំពុងផ្លាស់ប្តូរវប្បធម៌កីឡានៅអូស្ត្រាលី។
គណៈកម្មាធិការសភាអូស្ត្រាលីនិយាយថា បម្រាមចំពោះការផ្សាយពាណិជ្ជកម្មល្បែងអនឡាញអាចនឹងធ្វើឡើងជាដំណាក់ៗ ក្នុងរយៈពេលជាង ៣ ឆ្នាំ ដើម្បីឱ្យអង្គការកីឡា និងប្រព័ន្ធផ្សព្វផ្សាយ មានពេលវេលាគ្រប់គ្រាន់ ដើម្បីស្វែងរកប្រភពចំណូលពីការផ្សាយពាណិជ្ជកម្មរឿងផ្សេងវិញ។
តែជាការពិតណាស់ វិធានការដែលស្នើនេះចង់ឬមិនចង់ប្រាកដជានឹងប៉ះពាល់ដល់ក្រុមហ៊ុនហ្គេមអនឡាញធំៗនៅក្នុងប្រទេសអូស្តា្រលី ដូចជាក្រុមហ៊ុន ផ្លាត់ធើ អិនធើថេនមិន (Flutter Entertainment) ដែលចុះបញ្ជីនៅទីក្រុងឡុងដ៍ និងជាម្ចាស់កម្មវិធីភ្នាល់តាមទូរស័ព្ទដ៏ពេញនិយមបំផុតនៅក្នុងប្រទេសអូស្ត្រាលី, ក្រុមហ៊ុន ស្ពតបិត (Sportsbet), និងក្រុមហ៊ុន អិនថេន (Entain) ជាដើម។
អូស្ត្រាលីគឺជាប្រទេសលេងល្បែងស៊ីសងធំជាងគេបំផុតមួយនៅលើពិភពលោក បើគិតពីការខាតបង់ក្នុង មនុស្សម្នាក់។ ឧស្សាហកម្មល្បែងស៊ីសងក្នុងប្រទេសនេះ កំពុងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការរិះគន់ពីសាធារណៈជនទូទៅ និងឈានទៅដល់ការស៊ើបអង្កេតអំពីប្រតិបត្តិករកាស៊ីណូធំ ជុំវិញការលាងលុយកង្វក់ផងដែរ។
ទោះបីជាយ៉ាងណា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានេស (Anthony Albanese) បាននិយាយប្រាប់វិទ្យុអេប៊ីស៊ីអូស្ត្រាលីថា រដ្ឋាភិបាលនឹងពិចារណាលើអនុសាសន៍របស់គណៈកម្មាធិការសភានេះ ក្នុងការដោះស្រាយបញ្ហានានាដែលកើតមាននៅលើបណ្ដាញអ៊ិនធើណិត និងលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឱ្យបានគ្រប់ជ្រុងជ្រោយទូទាំងប្រទេសតែម្ដង៕