ឯកឧត្តម សុង តុងហាប់អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីកំណែទម្រង់ថ្មីនៃការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ថា ក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តកម្មវិធីកំណែទម្រង់ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអនឡាញនេះ តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។
តាមការកត់សម្គាល់ របស់ក្រសួង ឃើញថា ការអនុវត្តស្នើសុំអាជ្ញាបណ្ណតាមអនឡាញនេះ ហាក់មានសន្ទុះកំណើនគួរឲ្យកត់សម្គាល់ បើគិតមកទល់ពេលនេះ។ តួយ៉ាង នៅ៥ ខែឆ្នាំ២០១៩ នេះ ក្រសួងទេសចរណ៍សង្កេតឃើញថា ប្រតិបត្តិករបានមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណតាមប្រព័ន្ធអនឡាញមានចំនួន៩០ អាជីវកម្ម ដែលមានការកើនឡើងរហូតដល់ ៤ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។
ជាមួយគ្នានេះដែរ ឯកឧត្តម ឈុន មករា អគ្គលេខាធិការរង គណៈកម្មការ វាយតម្លៃទីក្រុងស្អាត និងជា ប្រធាននាយកដ្ឋាន គ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ចូន និងមគ្គុទេសក៍ទេសចរណ៍បានឲ្យដឹងថាដែរថា មួយរយៈចុងក្រោយនេះ ការស្នើសុំអាជ្ញាបណ្ណតាមអនឡាញ ហាក់មានកំណើនច្រើន ពិសេសគឺអាជីវកម្មជាការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍តែម្ដង ខណៈដែលសណ្ឋាគារធំៗក៏មានការស្នើសុំច្រើនដែរ។
របាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា គិតត្រឹមឆ្នាំ២០១៨ ស្ថិតិអាជីវកម្មដែលបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណតាមប្រព័ន្ធអនឡាញសរុបមានចំនួន១៧៧ អាជីវកម្ម ក្នុងនោះ រួមមាន ភោជនីយដ្ឋានចំនួន ៦៦ ,ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន៥៥ , សណ្ឋាគារចំនួន១៨ និងមគ្គុទេ្ទសក៍ទេសចរណ៍ចំនួន៣១ រួមជាមួយនឹងអាជីវកម្មផ្សេងៗទៀត។
របាយការណ៍ដដែលបានបញ្ជាក់ឲ្យដឹងទៀតថា គិតត្រឹមឆ្នាំ២០១៩នេះ អាជីវកម្មសណ្ឋាគារ មានចំនួន ៨២១ ស្មើនឹងជាង៤៧ ពាន់បន្ទប់ , ផ្ទះភ្ញៀវមានចំនួន ជាង ២.២០០ ស្មើនឹងជាង៣៤ ពាន់បន្ទប់, ភោជនីយដ្ឋានមានចំនួន ជាង ២.៣០០ ,ហាងម៉ាស្សាមានចំនួន,៣៤២ ទីភ្នាក់ងារទេសចរណ៍មានចំនួន ៧៣៥ មគ្គុទ្ទេសក៍ទេសចរណ៍ មានចំនួន ជាង៦.២០០ នាក់។
របាយការណ៍ពីក្រសួងទេសចរណ៍ឲ្យដឹងថា ក្នុងឆ្នាំ ២០១៨ កន្លងមក ទេសចរអន្តរជាតិដែលបានធ្វើដំណើរកម្សាន្ដមកកម្ពុជា មានចំនួន៦លាន ២សែននាក់ កើនឡើង១១%។
ដោយឡែកនៅ៤ខែឆ្នាំ២០១៩នេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានចំនួន២លាន ៤សែននាក់ កើនឡើងជាង ១១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ ហើយពេញមួយឆ្នាំ២០១៩នេះ ក្រសួងព្យាករថា ទេសចរអន្តរជាតិនឹងកើនឡើងដល់៦លាន ៦សែននាក់ និងឆ្នាំ២០២០ រំពឹងកើនដល់៧លាននាក់ ខណៈដែលឆ្នាំ២០៣០ រំពឹងកើនឡើងដល់ ១៥លាននាក់៕