អ្នកប្រើប្រាស់ TikTok នៅរដ្ឋម៉ុនតាណា

អ្នកប្រើប្រាស់ TikTok នៅរដ្ឋម៉ុនតាណា ដាក់ពាក្យប្តឹងជំទាស់ច្បាប់ថ្មី ដែលហាមប្រើកម្មវិធីនេះ


ក្រោយពីរដ្ឋម៉ុនតាណា របស់អាមេរិក បានបោះជំហានមុនគេក្នុងចំណោមរដ្ឋផ្សេងទៀត ដើម្បីហាមប្រាមការប្រើប្រាស់កម្មវិធី TikTok នោះ មានអ្នកប្រើប្រាស់កម្មវិធីបណ្ដាញទំនាក់ទំនងសង្គមយក្សរបស់ចិនមួយនេះ ចំនួនប្រាំនាក់ នៅក្នុងរដ្ឋម៉ុនតាណា បានដាក់ពាក្យប្តឹងទៅតុលាការសហព័ន្ធក្នុងរដ្ឋនេះ ជំទាស់នឹងច្បាប់ថ្មីដែលទើបតែបានប្រកាសឡើងថ្មីៗនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អ្នកប្រើប្រាស់ TikTok នៅរដ្ឋម៉ុនតាណា ដាក់ពាក្យប្តឹងជំទាស់ច្បាប់ថ្មី ដែលហាមប្រើកម្មវិធីនេះ

ពាក្យបណ្តឹងដែលត្រូវបានដាក់នៅតុលាការសហព័ន្ធរដ្ឋ ម៉ុនតាណា សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃពុធ បានដៅឈ្មោះចុងបណ្ដឹង គឺលោក អូស្ទីន ណាដសេន ដែលជាអគ្គរដ្ឋអាជ្ញានៃរដ្ឋនេះ និងដែលជាអ្នកទទួលបន្ទុកពង្រឹងច្បាប់ថ្មីខាងលើ។ ដើមបណ្ដឹងបានអះអាងថា រដ្ឋនេះព្យាយាម«ប្រើអំណាចក្នុងបុព្វហេតុសន្តិសុខជាតិដែលរដ្ឋម៉ុនតាណាមិនមានចែង ហើយហាមឃាត់សិទ្ធិបញ្ចេញមតិដែលរដ្ឋម៉ុនតាណាមិនគួរអាចដកហូតបានឡើយ»។ បណ្តឹងនេះបានឱ្យដឹងថា អ្នកប្រើប្រាស់ ទិកតុក ជឿថា ច្បាប់ថ្មីរបស់រដ្ឋម៉ុនតាណារំលោភសិទ្ធិរបស់ពួកគេដែលមានចែងក្នុងវិសោធនកម្មរដ្ឋធម្មនុញ្ញលើកដំបូង។

បណ្តឹងនោះបានសរសេរថា៖ «រដ្ឋ ម៉ុនតាណា មិនមានសិទ្ធិហាមឃាត់អ្នករស់នៅក្នុងរដ្ឋនេះមិនឱ្យមើល ឬផ្សាយរឿង នៅក្នុងបណ្តាញសង្គម ទិកតុក ដូចដែលរដ្ឋនេះមិនមានសិទ្ធិហាមឃាត់សារព័ត៌មាន វ៉លស្ទ្រីត ដោយផ្អែកលើហេតុថាអ្នកណាជាម្ចាស់របស់កាសែត ឬដោយផ្អែកលើគំនិតដែលកាសែតនេះបោះពុម្ពផ្សព្វផ្សាយអ៊ីចឹងដែរ»។

អ្នកនាំពាក្យរបស់អគ្គរដ្ឋអាជ្ញា ណាដសេន គឺលោកស្រី អេមីលី ផ្លៅអ៊ើ បានលើកឡើងថា រដ្ឋ ម៉ុនតាណា បានត្រៀមខ្លួនប្រឈមមុខទៅនឹងបណ្តឹងរួចរាល់ហើយ។ លោកស្រីបានថ្លែងថា៖ «យើងបានរំពឹងថានឹងមានបណ្ដឹងតាមផ្លូវច្បាប់ ហើយក៏បានត្រៀមរួចដែរដើម្បីការពារច្បាប់នេះ»។

យោងតាមពាក្យបណ្តឹង ដើមបណ្តឹងទាំងប្រាំនាក់ ដែលជាអ្នករស់នៅក្នុងរដ្ឋម៉ុនតាណាទាំងអស់ រួមមានអ្នករចនាម៉ូដសម្លៀកបំពាក់ហែលទឹកមិនប៉ះពាល់បរិស្ថាន ដែលប្រើប្រាស់ ទិកតុក ដើម្បីផ្សព្វផ្សាយក្រុមហ៊ុន និងទាក់ទងជាមួយអតិថិជន, អតីតទាហានកងម៉ារីនអាមេរិកដែលប្រើ ទិកតុក ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតីតយុទ្ធជនផ្សេងទៀត, អ្នកធ្វើការនៅកសិដ្ឋានសត្វ ដែលប្រើ ទិកតុក ដើម្បីចែករំលែករឿងរ៉ាងដំណើរផ្សងព្រេងរបស់ខ្លួន, និស្សិតដែលកំពុងសិក្សាផ្នែកសរីរវិទ្យារបស់មនុស្ស និងដែលប្រើប្រាស់ ទិកតុក ដើម្បីចែករំលែកខ្លឹមសារស្ដីពីដំណើរផ្សងព្រេង, និងបុរសម្នាក់ដែលចែករំលែកវីដេអូកំប្លែងនៅក្នុង ទិកតុក និងដែលទទួលបានប្រាក់ចំណូលពីខ្លឹមសារដែលខ្លួនបានផ្សាយ។

សូមរំលឹកថា អភិបាលរដ្ឋម៉ុនតាណា លោក ហ្គ្រេក ចាយអ៊ឹនហ្វ័រតេ កាលពីថ្ងៃពុធ បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីហាមការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ទិកតុក របស់ក្រុមហ៊ុនចិន មិនឱ្យធ្វើប្រតិបត្តិការនៅក្នុងរដ្ឋនេះ ដោយសារមានក្ដីបារម្ភថាកម្មវិធីនេះអាចត្រូវបានប្រើសម្រាប់ធ្វើចារកម្ម និងប្រមូលទិន្នន័យឱ្យរដ្ឋាភិបាលកុម្មុយនិស្តចិន។

អភិបាលរដ្ឋនេះថ្លែងថា ទិកតុក នឹងប្រឈមមុខនឹងទណ្ឌកម្មចំពោះការបំពានច្បាប់ថ្មីនេះម្ដង ហើយក៏ប្រឈមមុខនឹងការផាកពិន័យបន្ថែមជាប្រាក់ចំនួន ១ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ ប្រសិនបើកម្មវិធីនេះហ៊ានល្មើសនឹងបម្រាមទៀត។ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ ព្យូ, ក្មេងជំទង់អាមេរិកដែលមានអាយុពី ១៣ ដល់ ១៧ ឆ្នាំ ជាង ៦៧% ប្រើប្រាស់កម្មវិធី ទិកតុក ហើយ ១៦% ក្នុងចំណោមមនុស្សវ័យជំទង់ទាំងអស់ បាននិយាយថា ខ្លួនលេង ទិកតុក ជាប់ជាប្រចាំ។ ក្រុមហ៊ុន ទិកតុក និយាយថា អ្នកប្រើប្រាស់ច្រើនលើសលុបមានអាយុលើសពី ១៨ ឆ្នាំ៕




អត្ថបទបន្ទាប់


លើកស្ទួយផលិតផលខ្មែរ ផ្សារទំនើបអ៊ីអន ចាប់ដៃជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បង្ហាញផលិតផលនៅក្នុងស្រុករាប់រយមុខ

ព័ត៌មាន
ផ្សារទំនើបអ៊ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) ដោយមានការសហការ និងគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ នឹងរៀបចំពិព័រណ៌ផលិត…

ប្រទេសវៀតណាមមានផែនការធំទាក់ទងនឹងឧស្ម័នធម្មជាតិរាវនិងប្រភពរបស់វានៅសមុទ្រចិនខាងត្បូង

ព័ត៌មាន
ប្រទេសវៀតណាមមានផែនការបង្កើនសមត្ថភាពផលិតឧស្ម័នឱ្យកើនឡើងបួនដងនៅត្រឹមឆ្នាំ ២០៣០ ដើម្បីប្រែក្លាយប្រទេសនេះឱ្យទៅជាប្រភពថាមពលលើកដំបូងរបស់ខ្លួន។ ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ