ការចេញសេចក្តីប្រកាសនេះ គឺបន្ទាប់ពីធនាគារជាតិនៃកម្ពុជា ទទួលបានព័ត៌មានថា មានជនមួយចំនួន និងគ្រឹះស្ថានឥណទានជនបទមួយចំនួន ដែលបានក្លាយខ្លួនពីអង្គការក្រៅរដ្ឋាភិបាល បាននិងកំពុង អូសទាញពលរដ្ឋឲ្យដាក់ប្រាក់បញ្ញើក្រោមរូបភាព «កិច្ចសន្យាខ្ចីប្រាក់» ដោយផ្តល់អត្រាការប្រាក់ខ្ពស់ និងផ្តល់ប្រាក់កម្ចីល្មើសច្បាប់។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង៧ ដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ ដែលអនុញ្ញាតឲ្យទទួលប្រាក់បញ្ញើពីសាធារណជន រួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ (PRASAC) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ (VISION FUND (CAMBODIA) LTD) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ (HATTHAKASEKAR LIMITED) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK PLC.) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត (KREDIT PLC.) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត (AMRET CO.,LTD.) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC (CAMBODIA) PLC.)។
ទន្ទឹមនឹងការប្រកាសឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានសិទ្ធិស្របច្បាប់ក្នុងការទទួលសេវាប្រាក់បញ្ញើហើយនោះ ធនាគារជាតិនៃកម្ពុជា បានប្រកាសឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា មិនត្រូវបានអនុញ្ញាតឲ្យទទួលប្រាក់បញ្ញើពីសាធារណជនឡើយ។ លើសពីនេះ ធនាគារជាតិ ក៏បានអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចសហការគ្នាចាត់វិធានការតាមច្បាប់លើអ្នកមិនគោរពតាមសេចក្តីប្រកាសខាងលើនេះផងដែរ។ ពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ច អាចទំនាក់ទំនងតាមលេខទូរស័ព្ទ hotline៖ ០៩៨ ២២០ ០០២, ០៩៨ ២២០ ០០១,០៨៥ ៦០០ ០០៣, ០៩៧ ២៧៨ ៣០៣០ ឬចូលទៅកាន់វេបសាយធនាគារជាតិនៃកម្ពុជា គឺ www.nbc.org.kh៕