លើសពីនេះ ការកើនឡើងនៃផលិតកម្មអាភៀននេះដែរ គឺចំពេលដែលមីយ៉ាន់ម៉ា កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសាកល ដែលបណ្តាលមកពីជំងឺកូវីដ១៩ អតិផរណា និងប្រេងឡើងថ្លៃដោយសារសង្គ្រាមនៅអ៊ុយក្រែនផងដែរ។
លោក Jeremy Douglas តំណាងការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បាននិយាយថា ការអាក់ខាននូវសេដ្ឋកិច្ច សន្តិសុខ និងអភិបាលកិច្ច ដែលបណ្តាលមកពីការធ្វើរដ្ឋប្រហាររបស់យោធាភូមាកាលពីកុម្ភៈឆ្នាំ២០២១ គឺបានកើតឡើងទន្ទឹមគ្នា។ លោកបន្ថែមថា វាមានជម្រើសតិចតួចប៉ុណ្ណោះ ប៉ុន្តែពួកគេត្រូវវិលរកការដាំអាភៀនឡើងវិញ។
ការដាំដុះអាភៀនសរុប បានកើនឡើង ៨៨% ស្មើនឹង៧៩០តោនក្នុងឆ្នាំ២០២២ កើនឡើងជាង ៤២០តោនដែលធ្លាប់មានកាលពីឆ្នាំ២០២១ ហើយក៏ជាចំនួនខ្ពស់បំផុតផងដែរ គិតចាប់តាំងពីឆ្នាំ២០១៣មក។ តំបន់ដាំដុះអាភៀន បានកើនឡើង ៣៣% ស្មើនឹងទំហំដី ជាង៤ម៉ឺនហិចតា ហើយការប្រមូលផលកើនឡើង៤១% ក្នុង១ហិចតា ដែលជាកម្រិតខ្ពស់បំផុតផងដែរ។
ការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ បានប៉ាន់ស្មានថា តម្លៃសេដ្ឋកិច្ចនៃផលិតកម្មអាភៀនសរុបនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលរួមបញ្ចូលទាំងការនាំចេញអាភៀន និងការផលិតហេរ៉ូអ៊ីន គឺដល់ ២ពាន់លានដុល្លារឯណោះ ក្នុងឆ្នាំ២០២២។
អង្គការដដែលនេះបន្ថែមថា ភាពមិនច្បាស់លាស់នៃនយោបាយ និងសេដ្ឋកិច្ច ក្រោយរដ្ឋប្រហារនេះ គឺជាចំណុចសំខាន់នៃការពង្រីកការដាំដុះអាភៀននៅមីយ៉ាន់ម៉ាផងដែរ។ ទន្ទឹមនឹងនេះ កំណើនយឺតរបស់សេដ្ឋកិច្ចសាកល ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ និងការកើនឡើងតម្លៃប្រេងសាំង និងជី ក្រោយរុស្ស៊ី ឈ្លានពានអ៊ុយក្រែន បានធ្វើឱ្យប្រទេសមួយនេះ កាន់តែជួបវិបត្តិសេដ្ឋកិច្ចខ្លាំងឡើង។
ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២២ អាជ្ញាធរមីយ៉ាន់ម៉ាបានរឹបអូសអាភៀនចំនួនតែ១តោនប៉ុណ្ណោះ បើទោះជាការដាំដុះកើនឡើងក៏ដោយ ហើយចំនួនរឹបអូសបាននេះក៏តិចជាងពាក់កណ្តាលនៃឆ្នាំ២០២១ផងដែរ។
ការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ បន្ថែមថា ការកើនឡើងការផលិតអាភៀននៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺទទួលបានការជួយជ្រោមជ្រែងនូវបច្ចេកទេស ជី និងប្រព័ន្ធធារាសាស្រ្ត ពីក្រុមជនជាតិភាគតិចដ៏ធំបំផុតនៅមីយ៉ាន់ម៉ាគឺ United Wa State Army។ ជាមួយគ្នានេះ លោក Douglas បានអំពាវនាវឱ្យមានការឆ្លើយតបជាបន្ទាន់ពីទូទាំងតំបន់អាស៊ីអាគ្នេយ៍នេះ ចំពោះការកើនឡើងនូវការដាំអាភៀនក្នុងប្រទេសមីយ៉ាន់ម៉ា។
សូមជម្រាបថា នៅចំណុចប៉ែកខាងជើងមីយ៉ាន់ម៉ា ដែលរួមមានផ្នែកនៃប្រទេសឡាវ ថៃ ផងនោះ គឺជាតំបន់ព្រៃក្រាស់ និងភ្នំ ឬដែលគេហៅថាជាតំបន់ត្រីកោណមាស ជាប្រភពហេរ៉ូអ៊ីនធំបំផុតក្នុងពិភពលោក អំឡុងទសវត្សរ៍ទី៩០។ ប៉ុន្តែវាបានផ្លាស់ប្តូរវិញ នៅពេលដែលការដាំអាភៀនបានកើនឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយការឈ្លានពានរបស់អាមេរិក ហើយពេលនោះក្រុមឧក្រិដ្ឋកម្មអាស៊ី បានផ្លាស់ប្តូរទៅជាការផលិតទ្រង់ទ្រាយបែបឧស្សាហកម្មប្រភេទមេតាហ្វីតាមីន ក្នុងប្រទេសមីយ៉ាន់ម៉ា៕