Advertisement
ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី

វាសនាអនាគត គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ១៥០០លានដុល្លារ នឹងទៅជាយ៉ាងណា?


បន្ទាប់ពីផ្អើលភ្លូកទឹកភ្លូកដីពេញផ្ទៃប្រទេសកាលពីចុងឆ្នាំ ២០១៧ និង ដើមឆ្នាំ២០១៨កន្លងមកនេះ ដែលពាក់ព័ន្ធទៅនឹងគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដ៏ធំសម្បើមមួយនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល គ្រោងនឹងបោះទុនវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១ ៥០០លានដុល្លារអាមេរិកនោះ ជាបន្តបន្ទាប់មក តម្លៃដីធ្លីនៅតំបន់នោះ ក៏បានហក់កើនឡើងកម្ដៅយ៉ាងខ្លាំងក្លាដែរ។
រូបគម្រោងព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី
ដោយ

តម្លៃដីបឹង ដីស្រែប្រែក្លាយជាដីមាស ដីពេជ្រ មួយប៉ប្រិចភ្នែក មិននឹកស្មានដល់ បានធ្វើឲ្យអ្នកមានលទ្ធភាពល្មមៗ មានលុយស្ទើរមុខ ស្ទើរក្រោយ ពិបាកនឹងលូកដៃ ឈានជើងចូលទិញដីនៅជុំវិញគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនោះណាស់ ដ្បិតដីនៅម្តុំគម្រោងនោះ ត្រូវបានអ្នកមានអំណាច មហាសេដ្ឋីគ្រាក់ ទិញទុកអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

Advertisement

បើតាម​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Mekong ធ្លាប់បាន​ធ្វើការវាយ​តម្លៃ​ប្រាប់ ខេមបូណូមីស ថា តម្លៃដីធ្លី​ក្បែរតំបន់​នោះចាប់​ផ្តើមឡើង​ថ្លៃខ្លាំង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ២ ដែលតម្លៃដីធ្លី មុន​គម្រោង​ព្រលានយន្ត​ហោះមក​បោះទីតំាង​ម្តុំនោះ ជាមធ្យម​មាន​តម្លៃ ៥០ដុល្លារប៉ុណ្ណោះ​ក្នុងមួយម៉ែត្រ​ការ៉េ ប៉ុន្តែឥឡូវ​បានកើន​ឡើងរហូត​ដល់ ៣០ ទៅ៤០​ភាគរយ​ហើយ។

រីឯដី្លធ្លី​ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍​វិញ ក៏បានកើន​ឡើង​តម្លៃ​ពី ២ ទៅ ៣ដង​ឯណោះ។ តម្លៃនេះ គឺត្រូវបាន​តម្លើង​តាមតែ​មាត់គ្នា​ប៉ុណ្ណោះ មិនមាន​តម្លៃគោល​ជាក់ច្បាស់​នោះទេ ខណៈដែល​ភាគច្រើន​ដីធ្លីមួយ​ចំនួន​ធំ នៅតំបន់​នោះ ត្រូវបាន​ទិញអស់ តាំងពី​មុន គម្រោង​ព្រលាន​យន្តហោះថ្មី​បានប្រកាស​មកម្ល៉េះ។

តម្លៃដី​ធ្លីបាន​ពុះកញ្ជ្រោល​កាន់តែ​ខ្លាំង មិនទាំង​ទាន់បាន​ពីរបីខែ​ស្រួលបូល​ផង ដំណឹង​ចចាម​អារ៉ាម​ពីការផ្អាក​គម្រោង​សាងសង់​ព្រលានយន្ត​ហោះអន្តរជាតិ​ភ្នំពេញ​ថ្មី បានលេច​ចេញសាយ​ភាយពេញ​​បណ្តាញ​សង្គម។ ​

ដំណឹង​នេះមិនមែន​ជាដំណឹង​ធម្មតា​ឡើយ ប៉ុន្តែវាជា​​សារ​ដ៏ព្រឺព្រូច ដែលបាន​ចាក់ដោត​ដល់បេះដូង​ឈ្មូញ​គួកជេដីធ្លី​តូចៗ ក៏ដូចជា​ប្រជាពល​រដ្ឋមួយ​ចំនួន ដែលបាន​លោតឆត្រ​ទៅខ្ចី​លុយពី គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ និង ធនាគារ​ដើម្បី​ទៅទិញ​ដី នៅតំបន់​គម្រោងយន្ត​ហោះអន្តរជាតិ​ភ្នំពេញ​ថ្មីនោះ ទុកលក់​ចំណេញ​នៅក្នុង​រយៈ​ពេលខ្លី។ ប្រការនេះ​បានធ្វើឲ្យ​ពួកគេ​មានការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង ថានឹង​អាចកើត​មានបំណុល​វ័ណ្ដក​ជាមួយម្ចាស់​បំណុល​ធនាគារ​ជាក់ជា​មិនខាន​ឡើយ។

ជាមូយ​នឹងការ​ខ្ចីបុល ជំពាក់​ធនាគារ ឬ ក៏មាន​លុយ​តិចតូច សម្រុកទៅ​ទិញដីតាមៗ​គ្នាជា​រឿងដ៏គួរ​ឲ្យ​ព្រួយបារម្ភ។  សេដ្ឋីឡូជីស្ទីក ដឹកជញ្ជូន និង ពិសេស​ល្បីល្បាញ​នៅក្នុងការ​វិនិយោគ​វិស័យ​សំណង់ និង អចលនទ្រព្យ គឺ ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន ​WorldBridge Group ធ្លាប់បាន​ប្រកាស​ហើយថា សូមអ្នក​ទិញដី​នៅតំបន់​គម្រោង​សាងសង់​ព្រលានយន្ត​ហោះអន្តរ​ជាតិភ្នំពេញ​នោះ ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ បើមិនចង់​មានការ​ស្ដាយ​ក្រោយ ឬ លង់ខ្លួន​ទៅថ្ងៃ​ក្រោយ ពីព្រោះដី​ដែលកាន់​តែកៀកនឹង​ព្រលាន​យន្ដហោះ នឹងតម្រូវឲ្យ​មានលក្ខខណ្ឌ​សម្រាប់​អភិវឌ្ឍ​ន៍កាន់តែ​ច្រើន។

នៅពេល​ដំណឹង​ផ្អាកសាងសង់​បានរលត់​ផុតទៅអស់​រយៈពេល​ប្រមាណ ជាមួយ​ខែ ដំណឹង​ថ្មីមួយទៀត​បានលេចចេញ​ឡើង​មកភ្លែត ដំណឹងចុង​ក្រោយនេះ គេអាចចាត់​ទុកថា ​ជាដំណឹងលង់​ខ្លួន ឬ អាចឲ្យ​​រហស្ស​នាមថា​ ដំណឹង​ពិឃាត អ្នកមានលុយ​តិច ឬ អ្នកខ្ចី​លុយធនាគារ​ទាំងដុលទៅ ទិញដី​តំបន់នោះ​ទុកលក់​ចំណេញ ស្ទើរគាំង​បេះដូង និង ចងក​ទៅហើយ​មែនទេ? 

យ៉ាងណា​ក៏ដោយចុះ ព័ត៌មាន​ចចាម​អារ៉ាម​នៅលើ​បណ្តាញ​សង្គមថា គម្រោង​ព្រលាន​យន្តហោះថ្មីនៅ​​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ត្រូវបាន​ផ្អាក និង លុបចោល​នោះ ត្រូវបាន​មន្ត្រីជាន់​ខ្ពស់រាជ​រដ្ឋាភិបាល​នៅទីស្តី​ការគណៈរដ្ឋមន្រ្តី​ច្រានចោល​ត្រលប់​ទៅវិញថា ជាព័ត៌មាន​បំប៉ោង មិនមាន​ការពិត​នោះទេ។ មន្ត្រីជាន់​ខ្ពស់​ដដែល បញ្ជាក់​ទៀតថា ខាងគាត់ [ទីស្តីការគណៈរដ្ឋមន្ត្រី] មិនបាន​​ទទួល​ឯកសារ ឫ ព័ត៌មាន​ជាផ្លូវការ​ណាមួយ ដែលថា​លុបចោល​គម្រោង​ព្រលានយន្ត​ហោះថ្មី​ដែរ។

ដូច្នេះ គម្រោងព្រលាន​យន្តហោះថ្មី​ដែលមាន​ទំហំទឹក​ប្រាក់ប្រមាណ ១៥០០ លានដុល្លារ នៅស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នឹងនៅ​តែដំណើរ​ការទៅតាម​ផែនការ។ ជុំវិញទៅ​នឹងបញ្ហា​នេះដែរ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំ​ពាក្យរដ្ឋលេខា​ធិការ​ដ្ឋានអាកាស​ចរណ៍ស៊ីវិល ក៏ត្រូវ​បានសារ​ព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បានដកស្រង់​សំដីនៅថ្ងៃ​ទី០៥ ខែ មិថុនាឆ្នាំ ២០១៨ នេះ​ថា គ្មានការ​លុបចោល​គម្រោងសាង​សង់ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី នៅក្រុងតាខ្មៅ ស្រុកកណ្តាល​ស្ទឹង ខេត្តកណ្តាល​នោះដែរ។

លោក សិរីវុត្ថា ក៏បាន​បញ្ជាក់ថា ការជ្រើស​រើសទីតាំង​នៅក្រុង​តាខ្មៅ ស្រុកកណ្តាល​ស្ទឹង ខេត្តកណ្តាល​សម្រាប់​គម្រោង​ព្រលានយន្ត​ហោះអន្តរជាតិ​ភ្នំពេញថ្មី​នេះ គឺ មានការ​សិក្សា​គ្រប់ជ្រុងជ្រោយ​រួចស្រេច​ហើយ ។ 

អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋានអាកាស​ចរណ៍ស៊ីវិល​ដដែល​រូបនោះក៏ធ្លាប់​បានប្រាប់​អ្នកកាសែត​ក្នុងស្រុក កាលពីខែ​មករាឆ្នាំ ២០១៨ កន្លងមក​នេះដែរ​ថា គម្រោងសាង​សង់ព្រលាន​យន្តហោះ នឹងចាប់​ផ្តើមនៅដើម​ឆ្នាំ​២០១៩ ពីព្រោះ​គម្រោង​នេះ បានអនុម័ត​រួចរាល់​ហើយ មាន​ទីតាំង និងមាន​ប្លង់​ស្ថាបត្យកម្ម រង់ចាំ​តែពេល​វេលា ចរចា​រវាង រាជរដ្ឋា​ភិបាល និងក្រុម​ហ៊ុន​វិនិយោគ​សាងសង់​នោះទេ។ គម្រោង​សាងសង់​ព្រលាន​នេះ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ២១ ដែលជា​តំបន់វាល​បឹងដ៏ធំ​ល្វឹង​ល្វើយ ស្ថិតក្នុង​គម្រោង​ប្លង់មេ ​ផ្លូវក្រវ៉ាត់​ក្រុងទី៣​។

សូមបញ្ជាក់ថា បើតាមលិខិត​មួយរបស់​ទីស្តីការ​គណៈ​រដ្ឋមន្ដ្រី កាលពីថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ២០១៧ បាន​បង្ហាញថា កម្ពុជា​នឹងមាន​ព្រលាន​យន្តហោះ​ទំហំ ២៦០០ ហិចតា នៅក្រុង​តាខ្មៅ ស្រុកកណ្តាល​ស្ទឹង ខេត្តកណ្តាល ដែលជា​ការវិនិយោគ​ក្នុងទំហំ​ទឹកប្រាក់ ១៥០០​លានដុល្លារ​សហរដ្ឋអាមេរិក ដោយ​ក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដែលជា​ក្រុមហ៊ុន​ភាពជាដៃគូ​វិនិយោគ​រវាងវិស័យ​សាធារណៈ និង ឯកជន ។

Advertisement

ការវិនិយោគ​ព្រលានយន្ត​ហោះលំដាប់​ថ្នាក់អន្តរ​ជាតិ​នេះ បានទទួល​ទុនវិនិយោគ​ពីកម្ចីធនាគារ​បរទេស ​១១០០ លានដុល្លារ​សហរដ្ឋ​អាមេរិក កម្ចីពី​ភាគទុន​ពីក្រុម​ហ៊ុន​វិនិយោគ​ទុនអាណិក​ជន​កម្ពុជា (OCIC) របស់​អ្នកឧកញ៉ា ពុង ឃាវសែ ២៨០​លានដុល្លារ​សហរដ្ឋ​អាមេរិក​ និង ដើមទុន​ចុះបញ្ជី ១២០​លានដុល្លារ​សហរដ្ឋ​អាមេរិក។ 

ក្នុងនោះ ទុនរបស់​ក្រុមហ៊ុន​វិនិយោគ​ទុនអាណិក​ជន​កម្ពុជា (OCIC) មាន​៩០​ភាគរយ ខណៈ​រដ្ឋលេខាធិការ​ដ្ឋានអាកាសចរណ៍​ស៊ីវិល​តំណាងឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​មាន ១០​ភាគរយ។

ជុំវិញ​ទៅនឹង​ដំណើរ​ការការសាងសង់​​ព្រលាន​យន្តហោះ​ថ្មីនេះ តើវាសនា​អនាគត ព្រលាន​មិនទាន់​កើតចេញ​រូបរាង​មួយនេះ នឹងរលាយ​បាត់ទៅ​វិញ ដោយសារ​ពាក្យចចាម​អារ៉ាម​នេះមែនដែរ​ ឬយ៉ាងណា ហើយអ្នក​មានលុយ​តិច​តូច និង ខ្ចីបុល​​ធនាគារ ទៅទិញ​​ដីធ្លីភ្លូក​ទឹកភ្លូកដី តាមៗ​គ្នាទាំងអស់​នោះ នឹង​អាចជៀស​ផុតពីគ្រោះ​កាច​នេះទេ? យើងសុទ្ធ​តែមិនទាន់​ដឹងច្បាស់​ទាំងអស់​គ្នានៅ​ឡើយទេ? យើងរង់​ចាំមើល​ទាំងអស់​គ្នា ថាតើគម្រោង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី នឹងអាច​សម្រេច​តាមផែនការ​​ដែលបាន​គ្រោងទុក​ដែរ ឬទេ? ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប៉េង ហួត គ្រុប ដាំដើមឈើជាង១ពាន់ដើមសង​ខាង​ផ្លូវ អបអរ​ទិវា​បរិស្ថាន​ជាតិ​​និង​ពិភព​លោក

ព័ត៌មាន
ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ជាង២រយនាក់ បានរួមគ្នាដាំដើមឈើប្រមាណ១៤០០ដើម នៅអមសងខាងផ្លូវបេតុង៧...

ដាំបន្លែគីមីផ្តល់ចំណូលច្រើនមែន តែប៉ះពាល់សុខភាពទាំងអ្នកហូបនិងអ្នកដាំ

ព័ត៌មាន
នៅឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្ដាល ដែលមានចម្ងាយប្រហែល៣០គីឡូម៉ែត្រភាគខាងត្បូងក្រុងភ្នំពេញ មានកសិករជាច្រើន ដែលបានប្រកបរបរដាំបន្លែ។ កសិក...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ