រដ្ឋប្រហារយោធា​នៅភូមា៖ អ្នកតវ៉ា​ស្លាប់ជាង ៤០០នាក់ហើយ

ពេញមួយថ្ងៃសៅរ៍នេះ យោធាភូមា​ផ្ដាច់ផ្ដិល​ជីវិត​អ្នក​តវ៉ាជាង ៩០នាក់


នៅថ្ងៃសៅរ៍ (ទី២៧ មីនា) នេះ ជាថ្ងៃដ៏បង្ហូរឈាម​បំផុត​មួយ​នៃការតវ៉ា​របស់​ប្រជាជន​ភូមា​ចាប់តាំងពីរដ្ឋប្រហារ​យោធា​កាលពីថ្ងៃទី១ ខែកុម្ភៈមក ដោយ​អ្នកតវ៉ា​ជាង ៩០នាក់ ត្រូវបាន​សម្លាប់​ដោយ​កម្លាំង​សន្តិសុខ​ភូមា នៅទូទាំង​ប្រទេស​ ។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ ។
នៅថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១នេះ អ្នកតវ៉ាជាង ៩០នាក់ ត្រូវ​បាន​យោធា​ភូមា​បាញ់​សម្លាប់​នៅទូទាំង​ប្រទេស។ រូបភាព៖ Myanmar Now Twitter
ដោយ

ការបង្រ្កាប​ដ៏​សាហាវនេះ​បាន​កើតឡើង​ចំ​ថ្ងៃទិវា​ខួប​កំណើត​កងកម្លាំង​ប្រដាប់អាវុធ​ប្រទេសភូមា ។ មេដឹកនាំ​យោធា ឧត្ដម​សេនីយ៍ មិន អ៊ុងលាំង (Min Aung Hlaing) ដែល​ជា​ប្រមុខ​ដឹកនាំ​របប​យោធា បាន​ថ្លែង​នៅក្នុង​ពិធី​ព្យុហយាត្រានៅក្នុងរដ្ឋធានី​ណៃពីដ ថា យោធានឹង​ការពារ​ប្រជាជន និង​ខិតខំប្រឹងប្រែង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ។

ទូរទស្សន៍រដ្ឋភូមា​បាន​និយាយនៅថ្ងៃសុក្រ​ថា​ ក្រុម​អ្នកតវ៉ា​ប្រថុយ​ប្រថាន​នឹង​ការបាញ់​សម្លាប់​«ចំ​ក្បាល​និង​ដងខ្លួន» ។ ទោះបីជាមាន​ការផ្សាយ​គំរាម​បែបនេះ​ដោយទូរទស្សន៍រដ្ឋ​ក្ដី ក្រុម​អ្នក​តវ៉ា​ប្រឆាំងនឹង​រដ្ឋ​ប្រហារ​យោធា​កាលពីថ្ងៃទី១ ខែកុម្ភៈ បាននាំគ្នា​ចេញ​ដើរ​តវ៉ា​នៅតាម​ដងផ្លូវនានា​ក្នុងទីក្រុង​យ៉ង់ហ្គូន, មេនដាឡេ និងទីក្រុងដទៃទៀត ។ 

សារព័ត៌មានក្នុងស្រុក​ភូមា ឈ្មោះថា The Myanmar Now បានផ្សាយថា កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​មនុស្ស​ ៩១នាក់ នៅទូទាំង​ប្រទេស នៅថ្ងៃសៅរ៍នេះ ក្នុងនោះ​ជនរងគ្រោះក្មេងជាងគេ គឺ​ក្មេងប្រុស​អាយុ ៥ឆ្នាំ ។ ក្រុម​អ្នក​តវ៉ា​ប្រឆាំងរបប​យោធា​ CRPH បាន​ហៅថ្ងៃនេះ​ថា ជាថ្ងៃដ៏អាម៉ាស​របស់​កងកម្លាំងប្រដាប់អាវុធ ។ 

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ក្រុម​ប្រដាប់អាវុធ​ជនជាតិ​ភាគតិ​មួយ ឈ្មោះ សហភាពជាតិ​ការ៉ែន បាននិយាយថា ខ្លួន​បាន​វាយដណ្ដើម​យក​ទីតាំងឈរជើង​របស់​យោធា​ភូមា​មួយ​កន្លែង នៅ​ក្បែរ​ព្រំដែន​ថៃ ដោយ​សម្លាប់​កងកម្លាំង​យោធាភូមា​អស់ ១០នាក់ ក្នុងនោះរួមមានទាំងវរសេនីយ៍ទោ​មួយរូប ហើយ​ខាង​ខ្លួន​ក៏បាន​បាត់បង់ជីវិត​កងទ័ព​ម្នាក់ដែរ ។ 

បើគិតទាំងថ្ងៃសៅរ៍នេះផង ចំនួន​អ្នកស្លាប់សរុប​ក្រោម​ការបង្ក្រាប​ដ៏ហិង្សា​បង្ហូរឈាម​ពីសំណាក់​យោធា​ភូមា មានដល់ទៅជាង ៤០០នាក់​ហើយ ។ 

អ្នកតវ៉ា​ម្នាក់​បាននិយាយថា «ពួកគេ​ [យោធា]សម្លាប់​យើង​ដូច​សត្វ​ ដូច​មាន់​អ៊ីចឹង សូម្បី​តែនៅក្នុងផ្ទះរបស់​យើង ។ ទោះជាយ៉ាងណា យើង​នឹងបន្ត​តវ៉ាទៀត យើងនឹង​ប្រយុទ្ធទាល់តែ​របប​យោធា​ដួលរលំ» ៕




អត្ថបទបន្ទាប់


តើនរណាជាកំពូលមហាសេដ្ឋីមានជាងគេបំផុតក្នុងប្រទេសចិន?

ប្រទេសចិន កាលពីឆ្នាំមុនបាននាំមុខសហរដ្ឋអាមេរិក ដែលមានកំពូលមហាសេដ្ឋីប្រាក់ពាន់លានដុល្លារច្រើនជាងគេបំផុត ប៉ុន្ដែ ចំពោះតំណែងថានរជាកំពូល…

ការលើកលែងពន្ធលើការនាំចូលវត្ថុធាតុដើមផលិតចំណីសត្វ នឹងជួយមួយផ្នែកដល់អ្នកចិញ្ចឹមសត្វនៅកម្ពុជា

សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានសាទរចំពោះការសម្រេចនាពេលថ្មីៗនេះ របស់រាជរដ្ឋាភិបាលក្នុងការលើកលែងពន្ធ-អាករ សម្រាប់ការនាំចូលវត្ថុធាតុដើមផល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ