សេដ្ឋកិច្ចកម្ពុជា

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាកើនដល់ ៧,៥% ឆ្នាំមុន ដោយសារកំណើននាំចេញទៅអាមេរិក


ដោយសារមានការនាំចេញផលិតផលសំលៀកបំពាក់ និងស្បែកជើង កើនឡើងខ្លាំងទៅអាមេរិក ធនាគារពិភពលោកបាននិយាយនៅថ្ងៃពុធនេះថា សេដ្ឋកិច្ចកម្ពុជាទទួលបានកំណើន ៧,៥ភាគរយ កាលពីឆ្នាំមុន ជាកំណើនខ្ពស់ឆ្នាំទីបួនហើយ។
ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាកើនដល់ ៧,៥% ឆ្នាំមុន ដោយសារកំណើននាំចេញទៅអាមេរិក (រូបភាព៖ World Bank)

លោក លី សូដែត សេដ្ឋវិទូ​ជាតិ​នៅធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាន​ថា«កត្តាជំរុញសេដ្ឋកិច្ច​សំខាន់ៗ គឺជាការ​នាំចេញ​សម្លៀកបំពាក់ និងស្បែកជើង​ទៅសហរដ្ឋអាមេរិក និងសហភាព​អឺរ៉ុប។ ទីផ្សារសហរដ្ឋ​អាមេរិក​ពិតជា​មានកំណើន​លឿនជាង​ទីផ្សារ​សហភាព​អឺរ៉ុប ដូច្នេះ នេះជាមូលហេតុ​ចម្បងដែល​ជំរុញឱ្យ​មានកំណើន​ខ្ពស់ជាង​ការរំពឹងទុក នៃកំណើន​ផលិតផល​ក្នុងស្រុក​សរុប​កាលពីឆ្នាំមុន។»

ប៉ុន្តែទន្ទឹមគ្នានេះ  ធនាគារ​ពិភពលោក​ក៏បាន​និយាយ​ដែរថា ហានិភ័យ​ក៏មានខ្លាំង​ដែរ ដោយសារតែ​មានភាព​មិនប្រាកដប្រជា​ច្រើនជុំវិញ​លទ្ធភាព​សម្រាប់​កម្ពុជា នាំទំនិញ​ចូលទីផ្សារ​សហភាព​អឺរ៉ុប ក្រោមប្រព័ន្ធ​អនុគ្រោះពន្ធ EBA និងលទ្ធភាព​ដែលកំណើន​សេដ្ឋកិច្ច​ចិន ថយល្បឿន​ខ្លាំង។

ធនាគារពិភពលោក បាននិយាយថា កំណើនសេដ្ឋកិច្ច​កម្ពុជា នឹងធ្លាក់ចុះ​មកនៅ ៧ភាគរយ នៅឆ្នាំ២០១៩ និង  ៦,៩ភាគរយ នៅឆ្នាំ ២០២០ និង៦,៨ភាគរយ នៅឆ្នាំ ២០២១។

 ការនាំចេញ​ផលិតផល​សំលៀក​បំពាក់ និងស្បែកជើង ទៅអាមេរិក​បានកើន​ដល់ ១៧,៦ភាគរយ ក្នុងឆ្នាំ ២០១៨ លើសឆ្នាំ ២០១៧ដែលមាន​ត្រឹម ៨,៣ភាគរយ​ ប៉ុណ្ណោះ។ ការនាំចូលវិញ​ក៏មានការស្ទុះ​ឡើងខ្លាំង ដែរដោយ​ការនាំចូល​យានយន្ត និងដែក​កើនជិត ៥០ភាគរយ និង ៤៨ភាគរយ នៅក្នុង​ឆ្នាំ២០១៨។

កាលពីខែកុម្ភៈកន្លងទៅ សហភាពអឺរ៉ុប​បានចាប់ផ្តើម​និតិវិធីដែល​អាចនាំទៅ​ដល់ការព្យួរ​បណ្តោះអាសន្ន​នូវភាព​អនុគ្រោះសម្រាប់​កម្ពុជា​លើបញ្ហាសិទ្ធិ​មនុស្ស​និងប្រជាធិបតេយ្យ។

ធនាគារពិភពលោក​បាននិយាយថា បើកម្ពុជា​បាត់បង់ EBA វានិងអាច​ធ្វើឲ្យ​ប៉ះពាល់​ដល់កំណើន​ការនាំចេញ។

ធនាគារពិភពលោក​បាននិយាយ​ក្នុងសេចក្តីថ្លែង​ការណ៏ថា«បច្ចុប្បន្ននេះ​ទីផ្សារក្នុង​សហភាព​អឺរ៉ុប មានចំណែក​ជាងមួយ​ភាគបី​នៃមុខទំនិញ​នាំចេញ​សំខាន់ៗ​របស់កម្ពុជា (ក្នុងនោះមាន​សំលៀកបំពាក់ ស្បែកជើង និងទោចក្រយាន)។ អាស្រ័យហេតុនេះ ការបាត់បង់​ភាពអនុគ្រោះ ​EBA  ដែលអនុញ្ញាត​ឱ្យកម្ពុជា​នាំទំនិញ​ចូលអឺរ៉ុបដោយមិន​ជាប់ពន្ធ និងកូតា ទំនងជា​អាចនឹង​ធ្វើឱ្យកំណើន​នៃការនាំចេញ​ ថយល្បឿន​មកវិញ។»

សេចក្តីប្រកាស​បន្តថា«ជាងនេះទៅ​ទៀត ដោយសារកម្ពុជា​ពឹងពាក់ខ្លាំង​លើការហូរ​ចូលមូលធន​មកពី​ប្រទេសចិន ការធ្លាក់​ចុះយ៉ាង​គំហុករបស់​សេដ្ឋកិច្ចចិ​នក្នុងកាលៈទេសៈ​ណាមួយ នឹងអាច​ជះផល​មិនល្អ មក​លើទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែរ។»

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិធីសាស្រ្ត​៤​យ៉ាង» ដើម្បី​ទប់ទល់​និង​ចាប់​យក​ឱកាស​ ពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​មាន​វិបត្តិ

ព័ត៌មាន
ទីផ្សារ​អចលនទ្រព្យ​ជា​ទីផ្សារ​លិច​-អណ្តែត។ អណ្តែត​បួន​ដប់​ឆ្នាំ លិច​បី​បួន​ឆ្នាំ បើ​អ៊ីចឹងទេ តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច​ទើប​អាច​រស់បាន​ក្…

ក្រុមហ៊ុន​រថយន្ដ Subaru បើករោងចក្រផលិតនៅថៃ សម្រាប់លក់នៅទីផ្សារ អាស៊ីអាគ្នេយ៍

ព័ត៌មាន
ក្រុមហ៊ុនរថយន្ដ ម៉ាក Subaru ដែលជាក្រុមហ៊ុនធំមួយ របស់ជប៉ុន បានបង្កើតរោងចក្រផលិតរថយន្ដនៅក្រៅប្រទេសរបស់ខ្លួន ជាលើកដំបូង នៅក្នុងប្រទេសថៃ សម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ