លោក ស៊ូ សំណាង កសិករដាំមៀនប៉ៃលិន នៅខេត្តប៉ៃលិន បានអះអាងប្រាប់ខេមបូណូមីសថា ទិន្នផលផ្លែមៀនរបស់លោក និងប្រជាកសិករជាច្រើនផ្សេងទៀតនៅក្នុងរដូវប្រមូលផលនៅឆ្នាំនេះនៅសល់លើដើមច្រើនលក់មិនចេញ ដែលអាចប្រឈមមុខនឹងការខូចគុណភាព និងខាតបង់ថវិកានៅឆ្នាំនេះ។ កត្តាដែលធ្វើឱ្យទិន្នផលផ្លែមៀនរបស់ប្រជាកសិករលក់មិនចេញនៅឆ្នាំនេះ ត្រូវបានលោក ស៊ូ សំណាង អះអាងថា ដោយសារក្រុមហ៊ុននាំចេញផ្លែមៀនទៅទីផ្សារចិន ខ្វះកម្លាំងពលកម្មក្នុងការបេះផ្លែមៀនទាំងនោះ ដែលធ្វើឱ្យការប្រមូលទិញផ្លែមៀនមានតិចជាងបរិមាណ ដែលបានចុះកិច្ចសន្យាធានាទិញនាពេលកន្លងមក ពោលគឺសម្រាប់ចម្ការរបស់លោកផ្ទាល់ ក្រុមហ៊ុនបានមកប្រមូលទិញអស់ត្រឹមតែប្រមាណជិតពាក់កណ្តាលនៃទិន្នផលដែលលោកផលិតបានតែប៉ុណ្ណោះ។
ជាមួយគ្នានេះ លោក សួស ស៊ីយ៉ាត ប្រធានសហគមន៍មៀនប៉ៃលិន បានឱ្យដឹងថា តម្លៃផ្លែមៀនប៉ៃលិនដែលប្រជាកសិករបានចុះកិច្ចសន្យាទិញលក់ជាមួយក្រុមហ៊ុននាំចេញ គឺមិនមានការប្រែប្រួល និងបង្ករជាបញ្ហាចោទដល់ប្រជាកសិករនោះទេ ពោលគឺអាចលក់បានតម្លៃរហូតដល់៣ពាន់៥រយរៀលក្នុងមួយគីឡូក្រាម ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមរបស់កសិករដាំមៀននាពេលនេះ គឺក្រុមហ៊ុននាំចេញមិនមានកម្លាំងពលកម្មគ្រាប់គ្រាន់ក្នុងការដើរប្រមូលទិញផ្លែមៀនពីប្រជាកសិករ ដែលធ្វើឱ្យទិន្នផលចាលសល់ច្រើន ដែលបង្ខំឱ្យពួកគេលក់ឱ្យទីផ្សារក្នុងស្រុកក្នុងតម្លៃទាបជាង១ពាន់រៀលក្នុងមួយគីឡូក្រាម។
បើតាមការបញ្ជាក់របស់ប្រធានសហគមន៍រូបនេះ កសិករដាំមៀនមួយចំនួន គឺមិនបានធ្វើកិច្ចសន្យាទិញលក់ជាមួយក្រុមហ៊ុននាំចេញនោះទេ ដូច្នេះហើយពួកគេប្រឈមមុខខ្លាំងនឹងបញ្ហាលក់មិនចេញ។
ដោយឡែកលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានឱ្យដឹងថា នៅឆ្នាំនេះទិន្នផលមៀនប៉ៃលិន នៅក្នុងខេត្តប៉ៃលិន ទទួលបានកំណើនខ្ពស់ជាងឆ្នាំមុន ដោយសារប្រជាកសិករមួយចំនួនបានបង្កើនការដាំដុះ ក្រោយពួកគេរំពឹងថា ក្រុមហ៊ុននាំចេញផ្លែមៀនទៅទីផ្សារចិននឹងប្រមូលទិញទិន្នផលមៀនបានច្រើននៅឆ្នាំនេះ។ បើតាមការបញ្ជាក់របស់ប្រធានមន្ទីរកសិកម្មរូបនេះ បច្ចុប្បន្នការប្រមូលទិញផ្លែមៀនពីសំណាក់ក្រុមហ៊ុននាំចេញទៅចិន ហាក់មិនទាន់អស់សក្តានុពលនៅឡើយទេ។
សូមជម្រាបថា នៅពេញមួយឆ្នាំ២០២៤ កម្ពុជា រកចំណូលបានជាង៣២លានដុល្លារពីការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជាង៤០% បើធៀបនឹងតម្លៃនាំចេញកាលពីឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕