ប្រទេសប៉ាគីស្ថានមានទុនបម្រុងជារូបិយប័ណ្ណគ្រប់គ្រាន់ដើម្បីចំណាយលើការនាំចូលត្រឹមរយៈពេលមួយខែទៀតប៉ុណ្ណោះ ហើយប្រទេសនេះសង្ឃឹមថានឹងមានមូលនិធិចំនួនជាង ១ ពាន់លានដុល្លារអាមរិកដែលត្រូវទទួលបាននៅក្នុងខែវិច្ឆិកា ប៉ុន្តែមូលនិធិ IMF បានទទូចសុំលក្ខខណ្ឌមួយចំនួន មុនពេលដែលមូលនិធិនេះអាចបញ្ចេញថវិកាឱ្យប៉ាគីស្ថានបន្ថែមទៀត។
ដោយសារមន្ត្រីមូលនិធិ IMF ត្រូវពិនិត្យមើលឡើងវិញជាលើកចុងក្រោយមុនពេលបញ្ចប់កម្មវិធីផ្ដល់ជំនួយចំនួន ៦,៥ ពាន់លានដុល្លារនោះ, ប្រទេសប៉ាគីស្ថានត្រូវគេរំពឹងថានឹងបង្ហាញថវិកាស្របតាមគោលបំណងកម្មវិធីនេះ, ស្ដារដំណើរការមុខងារទីផ្សារប្ដូររូបិយប័ណ្ណបរទេស ឡើងវិញ, និងបង្រួមគម្លាតថវិកា ៦ ពាន់លានដុល្លារ នៅមុនពេលមានការពិនិត្យឡើងវិញរបស់ក្រុមប្រឹក្សាភិបាលនៃមូលនិធិ IMF។
អ្នកស្រី អ៊ីសធឺ ផេរ៉េស រូស (Esther Perez Ruiz) តំណាងមូលនិធិ IMF ប្រចាំប៉ាគីស្ថាន បានផ្ញើសារប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា បុគ្គលិកនៅតែចូលរួមពិភាក្សាពីគោលនយោបាយមួយចំនួនដើម្បីរក្សាស្ថិរភាព។ ទោះជាយ៉ាងណា សេចក្តីព្រាងថវិកាសារពើពន្ធឆ្នាំ២០២៤ បាត់បង់ឱកាសក្នុងការពង្រីកមូលដ្ឋានពន្ធតាមរបៀបមួយប្រកបដោយវឌ្ឍនភាព។
អ្នកស្រី ផេរ៉េស រូស បានបន្ថែមថា ការលើកលែងពន្ធថ្មីមួយចំនួន គឺប្រាសចាកពីលក្ខខណ្ឌនិងរបៀបវារៈអភិបាលកិច្ចរបស់កម្មវិធីនេះ និងបានបង្កើតគម្រូដ៏គ្រោះថ្នាក់មួយ។ អ្នកស្រីបានបន្ថែមថា វិធានការសម្រាប់ដោះស្រាយសម្ពាធសាច់ប្រាក់ក្នុងវិស័យថាមពល គួរតែអាចបញ្ចូលក្នុងយុទ្ធសាស្រ្តថវិកាទូទៅ។
អ្នកស្រីបាននិយាយថា ក្រុមមន្ត្រីមូលនិធិ IMF ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលប៉ាគីស្ថានក្នុងការកែលម្អថវិកានេះ មុនពេលអនុម័តជាផ្លូវការ ដោយអ្នកស្រីបានបញ្ជាក់ថា ប្រទេសនេះនៅតែមានឱកាសដើម្បីទទួលការត្រួតពិនិត្យឡើងវិញរបស់ក្រុមប្រឹក្សាភិបាលមូលនិធិ IMF លើកទី៩មុនពេលបញ្ចប់កម្មវិធីផ្ដល់ជំនួយសង្គ្រោះផ្នែកហិរញ្ញវត្ថុចំនួន ៦,៥ ពាន់លានដុល្លារនេះ។
សេដ្ឋវិទូនៅទីក្រុងឡាហ័រ (Lahore) អ្នកស្រី ហ៊ីណា សៃ (Hina Shaikh) បានប្រាប់ទីភ្នាក់ងារ Al Jazeera ថា ទោះជារដ្ឋាភិបាលប៉ាគីស្ថានបានកែប្រែថវិការបស់ខ្លួនក៏ដោយ ក៏វានៅតែមិនអាចបើកសោកិច្ចព្រមព្រៀងជាមួយមូលនិធិ IMF បានដដែល។
អ្នកស្រីបានបញ្ជាក់ថា ផែនការថវិការបស់ប៉ាគីស្ថានមិនសមស្របទៅនឹងគោលបំណងនៃកម្មវិធីរបស់ IMF ទេ។ បើតាមទម្រង់ផែនការថវិកាបច្ចុប្បន្ននេះ គឺវានឹងមិនអាចទទួលយកបានទេ សម្រាប់មូលនិធិ IMF ក្នុងការបន្តផ្តល់ថវិកាសង្គ្រោះមុនថ្ងៃទី៣០ ខែមិថុនា៕