ក្រុមហ៊ុន Panasonic នឹងបញ្ឈប់ការផលិតម៉ាស៊ីនទូរទឹកកកនៅក្នុងប្រទេសសិង្ហបុរីនៅចុងខែកញ្ញាឆ្នាំ ២០២២ ហើយវានឹងប៉ះពាល់ដល់ការងារកម្មករ ៧០០នាក់។ ហើយផលិតកម្មនៅក្នុងរោងចក្រនេះ នឹងត្រូវរើសទៅរោងចក្រដែលមានស្រាប់នៅប្រទេសម៉ាឡេស៊ី និងប្រទេសចិនវិញ។
ថ្វីបើ ប្រតិបត្តិការស្នូលក្នុងការផលិតនៅសិង្ហបុរីមិនផ្តោតលើ ការផលិតម៉ាស៊ីនទូរទឹកកកក៏ដោយ តែកំណើននៃការលក់ផលិតផលផ្សេងទៀតក៏ត្រូវបានជាប់គាំងផងដែរ។ ទាំងនេះបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងវិស័យផលិតកម្មរបស់សិង្ហបុរី។ ក្នុងនោះ ការកើនឡើងថ្លៃពលកម្មបានធ្វើឱ្យមានលក្ខខណ្ឌតឹងរឹងសម្រាប់ការផលិត។
ដោយឡែក សម្រាប់នៅប្រទេសជប៉ុនវិញ ក្រុមហ៊ុន Panasonic បានកាត់បន្ថយការងារ តាមរយៈការដាក់ពាក្យចូលកម្មវិធីចូលនិវត្តន៍ដោយស្ម័គ្រចិត្តផ្ដោតលើនិយោជិតដែលបានធ្វើការអស់រយៈ ពេល ១០ឆ្នាំឡើងទៅ។ កម្មវិធីនេះ នឹងត្រូវបានអនុវត្តនៅពេលដែលក្រុមហ៊ុនកែទម្រង់រចនាសម្ព័ន្ធការបែងចែកអាជីវកម្មរបស់ខ្លួននៅថ្ងៃទី ១ ខែតុលាខាងមុខនេះ។
សូមជម្រាបថា សម្រាប់អ្នកដាក់ពាក្យសុំឈប់នឹងអាចទទួលបានប្រាក់លើកទឹកចិត្តដែលស្មើនឹងប្រាក់ខែគោលរហូតដល់ ៥០ ខែ ដែលជាគោលការណ៍សម្រាប់អ្នកចូលនិវត្តន៍ស្ម័គ្រចិត្តនឹងចាកចេញពីក្រុមហ៊ុន។
គួរជ្រាបថា ការលក់ជាក្រុមរបស់ក្រុមហ៊ុន Panasonic ក្នុងឆ្នាំសារពើពន្ធដែលបានបញ្ចប់នៅខែមីនាឆ្នាំ២០២១ បានធ្លាក់ចុះមកនៅក្រោម ៦៣ ពាន់លានដុល្លារ ជាលើកដំបូងក្នុងរយៈពេលប្រមាណ ២៥ឆ្នាំកន្លងមកនេះ ដោយសារការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ១៩ ខណៈដែលប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុនវិញ គឺមានតិចជាង ៤%ប៉ុណ្ណោះ នៃចំណូលរកបាន ខណៈដែលគូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន Sony Group មានប្រាក់ចំណេញប្រតិបត្តិការដល់ទៅ ១១% ឯណោះ៕
អត្ថបទ៖ ស៊ើង និមល់