សមយុទ្ធយោធា

អាម៉េរិកកាត់​បន្ថយការធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង កំពុងបង្កក្តីបារម្ភដល់សម្ពន្ធមិត្តនៅអាស៊ី


ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជែ-ម្យុង (Lee Jae-myung) បានចេញការព្រមានថា ទីក្រុងសេអ៊ូល ត្រូវតែត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូអាក្រក់បំផុត បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យកាត់បន្ថយការធ្វើសមយុទ្ធយោធារួមរវាងអាម៉េរិក និងកូរ៉េខាងត្បូង។ ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលនេះ កំពុងបង្កជារលកព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមសម្ពន្ធមិត្តនៅតំបន់អាស៊ី ខណៈដែលរដ្ឋមន្ត្រីការពារជាតិជប៉ុន បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការយោធាត្រីភាគីរវាងអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន គឺជាសសរទ្រូងដែលមិនអ
សមយុទ្ធយោធា
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីថ្ងៃទី១៨ ខែសីហា ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជែ-ម្យុង បានថ្លែងការពារភាពចាំបាច់នៃសមយុទ្ធយោធារួម Ulchi Freedom Shield ដោយគូសបញ្ជាក់ថា សកម្មភាពនេះមានគោលបំណងការពារខ្លួនសុទ្ធសាធ និងមិនមែនជាការត្រៀមវាយប្រហារលើកូរ៉េខាងជើង នោះឡើយ។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ទោះបីជាការរក្សាសន្តិភាពជាអាទិភាពចម្បង ប៉ុន្តែកូរ៉េខាងត្បូង មិនអាចមើលរំលងការត្រៀមខ្លួនប្រឈមមុខនឹងគ្រោះថ្នាក់ ដែលទីក្រុងព្យុងយ៉ាងអាចបង្កឡើងនោះទេ។
សមយុទ្ធយោធារយៈពេល១០ថ្ងៃ ដែលបានចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែសីហា ដោយមានកងទ័ពកូរ៉េខាងត្បូងចំនួន១៨,០០០នាក់ចូលរួមត្រូវបានលោក ត្រាំ បញ្ជាឱ្យកាត់បន្ថយទ្រង់ទ្រាយ ដោយលោកអះអាងថា ការធ្វើសមយុទ្ធធំដុំអាចបញ្ជូនសារមិនសមស្រប និងបង្កអរិភាពទៅកាន់ទីក្រុងព្យុងយ៉ាង។
អ្វីដែលធ្វើឱ្យប្រទេសសម្ពន្ធមិត្តកាន់តែព្រួយបារម្ភនោះ គឺលោក ត្រាំ បានលើកឡើងជាថ្មីពីទំនាក់ទំនងដ៏ល្អប្រសើររបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយលោកថែមទាំងពោលថា កូរ៉េខាងជើងមិនមែនជាការគំរាមកំហែង និងជានិមិត្តរូបដែលគួរឱ្យគោរព។ ចំណាត់ការនេះ បានដុតបញ្ឆេះការវិភាគថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងកំពុងប្រើយុទ្ធសាស្ត្រផ្លូវកាត់ ដើម្បីបើកការចរចាទ្វេភាគីដោយផ្ទាល់ជាមួយទីក្រុងព្យុងយ៉ាងឡើងវិញ។
ផ្ទុយទៅវិញទីក្រុងព្យុងយ៉ាងនៅតែបន្តចោទប្រកាន់សមយុទ្ធអាម៉េរិក-កូរ៉េខាងត្បូងថា ជាការហ្វឹកហ្វឺនសមយុទ្ធឈ្លានពាន និងបានព្រមានពីការឆ្លើយតបផ្នែកយោធា។ ស្ថានការណ៍នយោបាយកាន់តែឡើងកម្តៅ បន្ទាប់ពីលោក ត្រាំ បានសម្តែងការមិនពេញចិត្ត និងរិះគន់កូរ៉េខាងត្បូងថា មិនបានជួយជ្រោមជ្រែងអាម៉េរិកគ្រប់គ្រាន់ក្នុងប្រតិបត្តិការយោធានៅអ៊ីរ៉ង់ ខណៈដែលបច្ចុប្បន្ន អាម៉េរិកមានទាហានប្រមាណ២៨,៥០០នាក់កំពុងឈរជើងការពារកូរ៉េខាងត្បូង។
សារព័ត៌មាន CNA រាយការណ៍ថា ការផ្លាស់ប្តូរជំហររបស់លោក ត្រាំ បានធ្វើឱ្យសម្ពន្ធមិត្តក្នុងតំបន់មានការព្រួយបារម្ភយ៉ាងខ្លាំង។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមិ (Shinjiro Koizumi) បានចេញមុខរំលឹកពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការសន្តិសុខរួម ខណៈប្រទេសអូស្ត្រាលីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែ និងមីស៊ីលរបស់កូរ៉េខាងជើង។
អ្នកវិភាគអន្តរជាតិ យល់ឃើញថា ការកាត់បន្ថយសមយុទ្ធនេះ មិនមែនជាការបោះបង់សម្ពន្ធមិត្ត ឬដកថយផ្នែកយោធាទាំងស្រុងនោះទេ ប៉ុន្តែជាល្បែងសង្គ្រាមចិត្តសាស្ត្រ និងជានយោបាយឧបករណ៍ចរចារបស់លោក ត្រាំ ដើម្បីបើកផ្លូវជំនួបកំពូលជាថ្មីជាមួយលោក គីម ជុងអ៊ុន ដូចដែលលោកធ្លាប់បានធ្វើកាលពីឆ្នាំ២០១៨៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ថៃបន្តប្រើយន្តការទ្វេភាគីធ្វើជាលក្ខខណ្ឌទារដោះដូរជាមួយកម្ពុជា តើទីក្រុងបាងកកមានចេតនាអ្វីឱ្យពិតប្រាកដ?

ក្រុមអ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានអះអាងថា ពលរដ្ឋខ្មែរដែលរងគ្រោះពីសកម្មភាពឈ្លានពានរបស់យោធាថៃ មានសិទ្ធិពេញលេញតាមផ្លូវច្បាប់ និងកិច្ចព្រមព្រៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ