អង្គុយលើរថភ្លើងជាមួយមនុស្សម្នាជាច្រើន អ្នកស្រី ប៉ាវ តេង ពលរដ្ឋរស់នៅភ្នំពេញ បានរៀបរាប់ទាំងរីករាយថា៖ «អ៊ំសប្បាយចិត្ត ព្រោះអ៊ំមិនដែលបានជិះទេ នេះជាលើកទីមួយហើយ។ តាមពិត អ៊ំចង់ជិះតាំងពីថ្ងៃចូលឆ្នាំខ្មែរម៉្លេះ តែវារវល់។ ថ្ងៃនេះ បានបបួលក្មួយមកផ្សារធំថ្មី នាំគ្នាជិះរថភ្លើង ព្រោះចង់ស្គាល់។ ពិតជាទំនើបមែន ព្រោះវាត្រជាក់ និងសុវត្ថិភាព»។
ដូចគ្នា អ្នកស្រី អ៊ឹម ផល្លី ពលរដ្ឋនៅភ្នំពេញដែលធ្វើដំណើរតាមរថភ្លើងទៅព្រលានយន្ដហោះ បានឲ្យដឹងថា ការធ្វើដំណើរតាមផ្លូវដែកនេះ មានអត្ថប្រយោជន៍ជាច្រើន។
អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនភ័យបារម្ភរឿងកកស្ទះចរាចរណ៍ និងមិនភ័យរឿងហួសពេលទៅព្រលានយន្ដហោះ។ កាលមុន ធ្វើដំណើរតាមឡានទៅព្រលាន[យន្តហោះ] មានអារម្មណ៍ភ័យរឿងកកស្ទះ ធ្វើឲ្យយឺតពេល…»។
ការដាក់ឲ្យដំណើរការរថភ្លើងចម្ងាយខ្លីពីស្ថានីយអយស្ម័យានភ្នំពេញទៅព្រលានយន្ដហោះមានចម្ងាយសរុបជិត ១០គីឡូម៉ែត្រ ដែលប្រើពេលវេលាប្រមាណ ២០ ទៅ ២៥នាទី។ បច្ចុប្បន្ន មានរថភ្លើងចំនួន២គ្រឿងកំពុងដាក់ឲ្យដំណើរការបណ្ដោះអាសន្ន ខណៈ៣គ្រឿងផ្សេងទៀត កំពុងបញ្ជាទិញពីប្រទេសម៉ិចស៊ីកូ។
ភ្នែកសំឡឹងមើលទេសភាពសងខាងផ្លូវរថភ្លើងតាមកញ្ចក់ទូរថភ្លើង លោក ជុន សុខុម បានបង្ហាញអារម្មណ៍រីករាយដែលបានធ្វើដំណើរតាមរថភ្លើង។ បើតាមពលរដ្ឋរូបនេះ ការធ្វើដំណើរតាមរថភ្លើង បានបង្កើតនូវភាពងាយស្រួលជាច្រើន។
លោករៀបរាប់ថា៖ «កន្លងមក ទៅព្រលានធ្វើដំណើរតាមឡានធម្មតា ស្ទះខ្លាំងណាស់អាចៅអើយ។ តែឥឡូវ ទៅទទួលបងប្អូននៅព្រលាន អ៊ំមកសាកជិះរថភ្លើង ពេលមកវិញជូនបងប្អូនមកជិះរថភ្លើងដែរ។ វាស្រួលណាស់ ព្រោះមានម៉ាស៊ីនត្រជាក់ អត់ស្ទះ និងធ្វើឲ្យអារម្មណ៍យើងល្អ»។
មិនខុសគ្នាឡើយ អ្នកស្រី អ៊ឹម សុធា បានរៀបរាប់ថា ការជិះរថភ្លើងងាយស្រួលជាងឡានឆ្ងាយណាស់ ពីព្រោះ វាមានសុវត្ថិភាពនិងគ្មានការកកស្ទះនោះទេ។
អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងជិះរថភ្លើង គឺអត់ភ័យព្រួយកកស្ទះ មានសុវត្ថិភាព និងមិនភ័យរឿងចោរឆក់ដូចតាមដងផ្លូវនោះទេ»។
សូមបញ្ជាក់ថា រថភ្លើងចម្ងាយខ្លីនេះគឺជាការវិនិយោគរបស់ក្រុមហ៊ុន Royal Railway ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ដែលបានដាក់ឲ្យដំណើរការបណ្ដោះអាសន្នកាលពីថ្ងៃទី១០ ខែមេសា កន្លងទៅ៕