លោក វង្ស តារា ប្រធានសហគមន៍ពាមក្រសោប បានប្រាប់សារព័ត៌មាន ខេមបូណូមីសថា ការបញ្ជាទិញគ្រំចំពុះទារបស់កសិករពីសំណាក់ឈ្មួញជាតិ និងអន្តរជាតិ ជាពិសេសវៀតណាម និងថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយ។ កត្តានេះ បានជួយជំរុញឱ្យចំនួនសមាជិកអ្នកចិញ្ចឹមគ្រំចំពុះទាមានការកើនឡើងពី១២៥គ្រួសារដល់១៥៣គ្រួសារ។ ការកើនឡើងនៃចំនួនអ្នកចិញ្ជឹមត្រូវបានប្រធានសហគមន៍ពាមក្រសោបរូបនេះវាយតម្លៃថា គឺដោយសារតែគ្រំចំពុះទាមានតម្រូវការទីផ្សារខ្ពស់ និងទទួលបានប្រាក់ចំណេញខ្ពស់ គួបផ្សំការប្រមូលផលធនធាននេសាទក្នុងសមុទ្រមិនសូវបានច្រើនដូចមុន។ បើតាមប្រធានសហគមន៍រូបនេះ គ្រំចំពុះទាលក់បោះដុំមានតម្លៃជាមធ្យមចន្លោះពី១៥០០៛ ទៅ២០០០៛ ក្នុង១គីឡក្រាម។
បើទោះបីបច្ចុប្បន្នគ្រុំចំពុះទារបស់សហគមន៍ពាមក្រសោប កំពុងមានតម្រូវការទីផ្សារខ្ពស់ ក៏ពិតមែន ប៉ុន្តែលោក វង្ស តារា ហាក់មានការព្រួយបារម្ភខ្លះដែរ អំពីភាពមិនទៀងទាត់នៃតម្រូវការទីផ្សារ ដ្បិតបច្ចុប្បន្នគ្រំចំពុះទាចំនួន៧៥% ត្រូវបាននាំចេញទៅប្រទេសថៃ និងវៀតណាម ខណៈ២៥%ទៀត ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ លោកបារម្ភថា ប្រសិនបើមិនមានការបញ្ជាទិញពីប្រទេសជិតខាងទាំងពីរនេះទេ នោះវានឹងធ្វើឱ្យគ្រំចំពុះទារបស់សហគមន៍លោកនឹងចាល់ទីផ្សារ។
បើតាមការគូសបញ្ជាក់របស់ប្រធានសហគមន៍ពាមក្រសោប ការចិញ្ចឹមគ្រំចំពុះទា ត្រូវចំណាយពេលចាប់ពី៦ខែ ទៅ១ឆ្នាំ ទើបអាចប្រមូលផលលក់លើទីផ្សារបាន ហើយការចិញ្ចឹមទៀតសោត គឺតាមលក្ខណៈធម្មជាតិ ដោយមិនមានការផ្តល់ចំណីអ្វីនោះទេ៕