សង្រ្គាមនៅអ៊ុយក្រែន

លោក ត្រាំ កំពុងខ្នះខ្នែងជាថ្មី ដើម្បីជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន


លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្លាប់បានអះអាងតាំងពីយុទ្ធនាការឃោសនាបោះឆ្នោតថា លោកមានសមត្ថភាពបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែមិនទាន់ទទួលបានជោគជ័យរហូតដល់ដើរវាងទៅបើកការវាយប្រហារដ៏កក្រើកនៅវ៉េណេហ្ស៊ុយអេឡា និងអ៊ីរ៉ង់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia បន្ទាប់ពីប្រតិបត្តិការនៅវ៉េណេហ្ស៊ុយអេឡា ទទួលបានជោគជ័យ ហើយស្ថានភាពសង្រ្គាមនៅអ៊ីរ៉ង់ ចាប់ផ្តើមថមថយមកវិញលោក ត្រាំ កំពុងបង្ហាញពីចេតនាវិលមករកការដោះស្រាយវិបត្តិនៅអ៊ុយក្រែន ជាថ្មីម្តងទៀត។
សង្រ្គាមនៅអ៊ុយក្រែន
ដោយ

លោក យូរី យូសាកូវ (Yuri Ushakov) ជំនួយការប្រធានាធិបតីរុស្ស៊ី ប្រចាំវិមានក្រឹមឡាំង បានបង្ហើបឱ្យដឹងនៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានស្នើសុំចូលខ្លួនជួយស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន កាលពីពេលថ្មីៗកន្លងទៅនេះ។ លោកបានបញ្ជាក់ថា លោក ត្រាំ បានបង្ហាញពីចេនាបែបនេះនៅក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយភាគីរុស្ស៊ី ដែលមានរយៈពេលរហូតដល់ទៅជិត៩០នាទី។
នៅក្នុងកិច្ចសន្ទនានោះ លោក ត្រាំ បានសង្កត់ធ្ងន់ជាថ្មីអំពីការត្រៀមខ្លួនរួចជាស្រេចរបស់លោក ក្នុងការស្វែងរកវិធីសាស្ត្របញ្ចប់ការប្រយុទ្ធគ្នាយ៉ាងឆាប់រហ័ស និងជួយដោះស្រាយវិបត្តិសង្រ្គាមដ៏រ៉ាំរ៉ៃមួយនេះ។ ពាក់ព័ន្ធនឹងគោលបំណងរបស់មេដឹកនាំអាម៉េរិករូបនេះ លោក យូសាកូវ បានវាយតម្លៃថា អ្វីដែលលោក ត្រាំ បានលើកឡើង គឺមានលក្ខណៈប្រាកដប្រជា និងក្នុងន័យស្ថាបនា។ ទោះជាយ៉ាងណា សម្រាប់ភាគីរុស្ស៊ី គឺបានបញ្ជាក់ច្បាស់ៗអំពីជំហរស្វែងរកដំណោះស្រាយតាមផ្លូវនយោបាយ និងការទូត ដោយត្រូវផ្អែកលើវិធីសាស្ត្រ និងលក្ខខណ្ឌជាមូលដ្ឋានរបស់រុស្ស៊ីជាដាច់ខាត។
ទោះជាយ៉ាងណាមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី រូបនេះ បានបន្តចោទប្រកាន់ទីក្រុងគៀវ និងសម្ពន្ធមិត្តអឺរ៉ុបថា កំពុងតែព្យាយាមពង្រីកទំហំជម្លោះ និងជំរុញសកម្មភាពភេរវកម្មប្រឆាំងនឹងជនស៊ីវិល។ ដោយឡែកខាងភាគីអ៊ុយក្រែនឯណោះវិញ ក៏មានសេចក្តីរាយការណ៍ដែរថា លោក វូឡូឌីមៀ ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន ក៏បានជជែកពិភាក្សាអំពីបញ្ហានេះជាមួយលោក ដូណាល់ ត្រាំ ផងដែរ។
គួររំលឹកថា គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក សង្រ្គាមនៅអ៊ុយក្រែន បានអូសបន្លាយពេលជាង៤ឆ្នាំមកហើយ ប៉ុន្តែនៅមិនទាន់មានពន្លឺសន្តិភាពនៅឡើយទេ។ នៅលើសមរភូមិ នាពេលបច្ចុប្បន្ន កងកម្លាំងរុស្ស៊ី បានអះអាងថា ខ្លួនទើបតែបានវាយដណ្តើមគ្រប់គ្រងទីក្រុងយុទ្ធសាស្រ្តមួយ គឺក្រុងកូស្ទៀនទីនីវកា (Kostiantynivka) នៅក្នុងតំបន់ដូណេត ដែលជាតំបន់គោលដៅស្នូលរបស់អ៊ុយក្រែន ប៉ុន្តែការអះអាងនេះ ត្រូវបានភាគីអ៊ុយក្រែន បដិសេធ។ តាមជំហរចុងក្រោយរបស់រុស្ស៊ី ការចរចាបញ្ចប់សង្រ្គាមនៅពេលនេះ អាចនឹងត្រូវកំណត់ព្រំដែនត្រឹមតំបន់ដូណេត ដែលរុស្ស៊ីទាមទារគ្រប់គ្រង ដោយសម្អាងថា តំបន់នោះមានសម្បូរជនជាតិរុស្ស៊ី រស់នៅច្រើន៕




អត្ថបទបន្ទាប់


​ធនាគារយក្ស​អាម៉េរិក JPMorgan ទម្លាក់ការព្យាករតម្លៃមាសពីប្រមាណ៧,២៣០ដុល្លារក្នុង​១តម្លឹង​មកនៅ​ត្រឹម៥,១៨០ដុល្លារក្នុង​១តម្លឹង​នៅឆ្នាំនេះ

ទីផ្សារមាសពិភពលោកកំពុងទទួលរងការភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីធនាគារវិនិយោគខ្នាតយក្សរបស់​សហ​រដ្ឋអាម៉េរិក JPMorgan សម្រេចទម្លាក់ការព្យាករហាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ