ថ្លែងក្នុងទិវាខាងលើ លោក អ៊ុក វីឡា នាយកផ្នែកធនធានមនុស្សតំណាងឲ្យក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានប្រសាស៍ថា ក្រុមហ៊ុន ប៉េង ហួត គ្រុប មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការចូលរួមកម្មវិធីដាំដើមឈើនៅថ្ងៃនេះ។
លោក អ៊ុក វីឡា បានថ្លែងថា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំផែនការយុទ្ធសាស្ត្របរិស្ថាន ដើម្បីធានាឲ្យបាននូវការអភិវឌ្ឍមួយដែលប្រកបដោយនិរន្តរភាព ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការពារបរិស្ថាន ជាពិសេស បរិស្ថានក្នុងគម្រោងបុរីដោយបានដាំដើមឈើជាច្រើនប្រភេទ និង មានសួនបៃតងធំៗជាច្រើន ដែលផ្ដល់ភាពស្រស់ស្រាយ និងបរិយាកាសរស់នៅល្អដល់ប្រជាជនក្នុងគម្រោង និង បានចូលរួមលើកកម្ពស់ទីក្រុងស្អាត។ ហើយនៅថ្ងៃនេះ ក្រុមហ៊ុន បានបង្កើតធ្វើកម្មវិធីដាំដើមឈើជាង១ពាន់ដើមនៅអមសងខាងផ្លូវ ដើម្បីផ្តល់នូវម្លប់ដល់អ្នកដំណើរ និងធ្វើមានបរិស្ថានល្អនៅលើដងផ្លូវ ព្រមទាំងផ្តល់ប្រយោជន៍ជាច្រើនទៀតដល់ពលរដ្ឋនៅមូលដ្ឋាន។
«ផឹកទឹកនឹកដល់ប្រភព បើបានជ្រកម្លប់សូមនឹកដល់អ្នកដាំ» នេះជាប្រសាស៍ផ្ទាល់របស់ស្ថាបនិកក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានលើកឡើងដោយលោក អ៊ុក វីឡា នៅថ្ងៃនេះ ដែលនេះ ដោយសបញ្ជាក់ថា ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរីកចម្រើនរហូតដល់សព្វថ្ងែនេះ គឺដោយសារតែក្រុមហ៊ុនតែងជានិច្ចជាកាល បានចែករំលែក និងចូលរួមអភិវឌ្ឍសង្គមតាមរយៈសកម្មភាពមនុស្សធម៏ផ្សេងៗ ដូចជា ការកសាងព្រះវិហារ និងផ្លូវថ្នល់ជាដើម។
នៅក្នុងការប្រារព្ធទិវាបរិស្ថានជាតិ និងអន្តរជាតិ ក្រៅតែពីមានសកម្មភាពដាំដើមឈើតាមផ្លូវបេតុងដែលកំពុងសាងសង់ដោយក្រុមហ៊ុន ប៉េង ហួត គ្រុប ក្រុមហ៊ុនដ៏ធំមួយនេះ ក៏បានឧបត្ថម្ភជាសម្ភារៈសិក្សាដល់សាលាចំនួន៤ក្នុងស្រុកស្រីសន្ធរ ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតជូនដល់សាលាស្រុកផងដែរ។
នៅក្នុងកម្មវិធីដែលមានយុវជន ពលរដ្ឋ និងថ្នាក់ដឹកនាំស្រុក និងខេត្តជាច្រើននាក់ចូលរួមនោះ ឯកឧត្តម ហេង វណ្ណនី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា នៅថ្ងៃនេះ គឺជាទិវាបរិស្ថានជាតិ និង អន្តរជាតិ ដែលជាថ្ងៃដ៏សំខាន់មួយ ហើយក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាភិបាលក្នុងការជួយលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ផ្លូវបេតុង និងផ្លូវកៅស៊ូមួយខ្សែនេះ ហើយថែមទាំងចូលរួមដាំដើមឈើសងខាងផ្លូវដែលកំពុងសាងសង់ផងដែរ ដើម្បីផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកដំណើរ។
ឯកឧត្តមមានប្រសាសន៍៖ «ក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ថា ផ្តល់ផ្លូវមួយខ្សែជូនពលរដ្ឋនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បានឧបត្ថម្ភក្នុងការសាងសង់ និងដាំដើមឈើសងខាងផ្លូវនេះ គឺពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋ។ ហើយការដាំដើមឈើមិនទាន់គ្រប់គ្រាន់នោះ សូមបងប្អូនដែលរស់នៅសងខាងផ្លូវ ជួយមើលថែដើមឈើទាំងនេះ ព្រោះ វាមានប្រយោជន៍ច្រើនណាស់។ យើងដាំដើមឈើមានអាយុបានយូរ ព្រោះ វាជាសម្រស់នៅតាមដងផ្លូវ និងផ្តល់ម្លប់ដល់អ្នកដំណើរ។ នៅពេលយើងដើរកាត់ថ្ងៃ បានយើងនឹងឃើញថា អូ បើយើងមានដើមឈើមួយដើមជ្រក ដូចជាត្រជាក់ស្រួល…។ នៅពេលយើងបានដាំ អ្នកផ្សេងដែលបានជ្រក គេនឹងឃើញដល់អ្នកដាំ»។
ក្នុងពិធីដ៏អ៊ូអរនេះដែរ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ បានមានប្រសាស៍ថា ៖ «ពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភព នៅថ្ងៃនេះ មានន័យជាប្រវត្តិសាស្រ្តយ៉ាងធំធេង ពីព្រោះ ជាការបំផុសស្មារតីដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យស្គាល់ពីសារៈសំខាន់របស់ព្រៃឈើ ឲ្យចេះស្រលាញ់ចូលរួមការពារថែរក្សាព្រៃឈើ និងដាំដុះដើមឈើ ឲ្យបានច្រើនជាអតិបរមាសម្រាប់ទ្រទ្រង់ដល់បរិស្ថានធម្មជាតិ និងបង្កើនសុខុមាលភាពសារធារណៈ និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការឡើងកំដៅផែនដីដែលពិភពលោកកំពុងព្រួយបារម្ភ»៕